ភ្នំពេញ៖ កម្ពុជា និងឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីជំរុញដល់ដំណើរការនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ឱ្យមានភាពរឹងមាំ នវានុវត្ត ស្ថិរភាព និងចីរភាព។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. បានធ្វើជាអធិបតី និងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយអាជ្ញាធរសេវាហិរញ្ញវត្ថុនៃប្រទេសឥណ្ឌូនេស៊ី (OJK)។
គួរបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នានេះ នឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និង OJK ក្នុងការផ្លាស់ប្តូរទស្សនៈយោបល់ជាឧត្តមានុវត្តអន្តរជាតិ, ការចែករំលែកព័ត៌មាន, ការកសាងសមត្ថភាពលើជំនាញបច្ចេកទេស និងកិច្ចសហប្រតិបត្តិការផ្សេងៗ ដោយគ្របដណ្តប់លើទិដ្ឋភាពមួយចំនួន ដូចជា៖ ១)ការអនុញ្ញាត និងការផ្តល់អាជ្ញាប័ណ្ណ, ២)ការត្រួតពិនិត្យបទប្បញ្ញត្តិ, ៣)ក្របខ័ណ្ឌគោលនយោបាយ, ៤)បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech), ៥)បរិយាបន្នហិរញ្ញវត្ថុ, ៦)អក្ខរកម្មហិរញ្ញវត្ថុ, ៧)ការគ្រប់គ្រងវិបត្តិ, ៨)កិច្ចការពារអ្នកប្រើប្រាស់ និង ៩)កិច្ចសហប្រតិបត្តិការផ្សេងៗ ទៀត៕