រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលមានភាពតានតឹង ជាមួយនឹងអ៊ីរ៉ង់ កាន់តែតានតឹងខ្លាំងឡើង ក្រោយការរឹបអូសនាវាដឹកប្រេងជាបន្ដបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទើបសហរដ្ឋអាមេរិក បានបញ្ជូនកងទ័ពម៉ារីនរបស់ខ្លួន ជាង៣០០០នាក់បន្ថែមទៀត និង នាវាចម្បាំងដ៏ទំនើបចំនួន២គ្រឿង ទៅដល់សមុទ្រក្រហម ប៉ុន្ដែរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ បានចោទប្រកាន់ ពីការបង្កអស្ថិរភាព និង អសន្ដិសុខ នៅក្នុងតំបន់។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ នៅថ្ងៃអង្គារ ទី៨ ខែសីហា ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី៧ ខែសីហា) ថា សហរដ្ឋអាមេរិក បានបញ្ជូនកងទ័ពជើងទឹក ជាង៣០០០នាក់ និង នាវាចម្បាំង ចំនួន២គ្រឿង ទៅដល់សមុទ្រក្រហម ស្របពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានអះអាង ថា សហរដ្ឋអាមេរិក នឹងជំរុញឲ្យជំរុញឲ្យមានការដាក់ពង្រាយយោធា នៅក្នុងតំបន់នេះ ស្របពេលមានភាពតានតឹង កើនឡើងយ៉ាងខ្លាំង ជាមួយនឹងប្រទេសអ៊ីរ៉ង់។
វត្ដមានរបស់កងទ័ពសហរដ្ឋអាមេរិក នៅសមុទ្រក្រហម បានកើតឡើង ស្របពេលក្រុងវ៉ាស៊ីនតោន កំពុងតែថ្លឹងថ្លែង អំពីផែនការមិនធ្លាប់មានពីមុនមក នៅក្នុងការដាក់ពង្រាយកងទ័ពប្រយុទ្ធ នៅលើនាវាពាណិជ្ជកម្ម នៅឈូងសមុទ្រពែរ្ស ក្រោយពេលកងឆ្មាំសមុទ្រអ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេង នៅក្នុងតំបន់ទាំងនេះ។ សកម្មភាពរបស់យោធាសហរដ្ឋអាមេរិក បានធ្វើឲ្យរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានចោទប្រកាន់ដល់សហរដ្ឋអាមេរិក អំពីការបង្កអស្ថិរភាព នៅក្នុងតំបន់។

លោក ណាសស័រ ខាណានី (Nasser Kanani) អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ឺរ៉ង់ បានបញ្ជាក់ ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ពង្រាយកម្លាំងកងម៉ារីនបន្ថែម នៅក្នុងតំបន់ទាំងនេះ មិនដែលបង្កើតសន្តិសុខនោះឡើយ។ ប៉ុន្ដែដើម្បីផលប្រយោជន៍របស់ខ្លួន នៅក្នុងតំបន់នេះ ក្រុងវ៉ាស៊ីនតោន តែងតែបង្កអស្ថិរភាព និង អសន្តិសុខ»។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសស័រ កាណានី (Nasser Kanani) បានសង្កត់ធ្ងន់ ថា «ការដាក់ពង្រាយទាហានរបស់សហរដ្ឋអាមេរិក គឺដើម្បីតែបម្រើផលប្រយោជន៍របស់ក្រុងវ៉ាស៊ីនតោន តែប៉ុណ្ណោះ។ វត្តមានយោធារបស់រដ្ឋាភិបាលអាមេរិក នៅក្នុងតំបន់នេះ មិនដែលបង្កើតសន្តិសុខនោះទេ គឺដើម្បីតែផលប្រយោជន៍របស់ពួកគេ នៅក្នុងតំបន់នេះ។ អាមេរិក តែងតែបង្កអស្ថិរភាព និងអសន្តិសុខ។ យើងជឿជាក់យ៉ាងខ្លាំង ថា ប្រទេសនៅឈូងសមុទ្រពែរ្ស មានសមត្ថភាពធានាសន្តិសុខរបស់ខ្លួន»។

មន្រ្ដីយោធាសហរដ្ឋអាមេរិក បានបញ្ជាក់ ថា អ៊ីរ៉ង់ បានរឹបអូស ឬ ប៉ុនប៉ងគ្រប់គ្រង លើកប៉ាល់ដឹកប្រេងជិត២០គ្រឿង ដែលមានដាក់ទង់ជាតិអន្តរជាតិ នៅក្នុងតំបន់ អស់រយៈពេល២ឆ្នាំកន្លងមកនេះ។
កងនាវាទី៥របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំនៅក្នុងប្រទេសបារ៉ែន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា កងទ័ពជើងទឹក និង កងម៉ារីនរបស់សហរដ្ឋអាមេរិក បានចូលទៅដល់សមុទ្រក្រហម កាលពីថ្ងៃអាទិត្យ ក្រោយពេលឆ្លងកាត់ព្រែកជីកស៊ុយអេ (Suez) នៅក្នុងសកម្មភាពដាក់ពង្រាយកងទ័ពរបស់ខ្លួន។
កិច្ចពិភាក្សា រវាងអ៊ីរ៉ង់ និង សហរដ្ឋអាមេរិក ត្រូវស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៥ ដែលបានជាប់គាំង។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់ បានបង្កើននូវការរឹបអូសយកនាវាដឹកប្រេងជាច្រើនគ្រឿង នៅក្នុងតំបន់ ដែលជាការអនុវត្តតាមធម្មតា ស្របពេលមានភាពតានតឹង ជាមួយសហរដ្ឋអាមេរិក កំពុងតែកើនឡើង។

លោក ធីម ហកឃីនស៍ (Tim Hawkins) មេបញ្ជាការកងនាវាទី៥ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP ថា នាវាចម្បាំងទាំង២គ្រឿងរបស់សហរដ្ឋអាមេរិក ដែលបានទៅដល់សមុទ្រក្រហមនោះ រួមមាន នាវា USS Bataan និង USS Carter Hall ។ នាវាចម្បាំងដ៏ទំនើបទាំង២គ្រឿង នឹងផ្តល់នូវភាពបត់បែន និង សមត្ថភាពដែនសមុទ្រ កាន់តែច្រើនឡើង ជួយដល់កងនាវាទី៥។ ចំណែកការដាក់ពង្រាយកម្លាំងបន្ថែមនេះ ដើម្បីបង្កើននូវកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់សកម្មភាពអស្ថិរភាព និង កាត់បន្ថយភាពតានតឹង នៅក្នុងតំបន់ ដែលបណ្តាល មកពីការយាយី និង ការរឹបអូសនាវាជំនួញរបស់អ៊ីរ៉ង់។
នាវា USS Bataan ជានាវាវាយប្រហារ ហើយវាអាចផ្ទុកយន្តហោះ និង ឧទ្ធម្ភាគចក្រ ព្រមទាំងយានចុះចតផងដែរ ខណៈនាវា USS Carter Hall ជានាវាដឹកជញ្ជូនទាហានម៉ារីន និង ឧបករណ៍យោធា និងការចុះចតរបស់ពួកគេ នៅលើច្រាំង។
ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ IRNA បានអះអាង ថា លោក រ៉ាម៉ាហ្សាន់ សារីហ្វ (Ramazan Sharif) អ្នកនាំពាក្យ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានអះអាង ថា សាធារណរដ្ឋអ៊ិស្លាម បានឈានដល់កម្រិត នៃកម្លាំង និង អំណាច អាចតបតនូវទង្វើដ៏អាក្រក់ណាមួយ ជាមួយនឹងសហរដ្ឋអាមេរិក ដូចជា ការរឹបអូសនាវា ជាដើម៕ រក្សាសិទ្ធដោយ ៖ សារាយSN























