Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសង្កេតការណ៍​ជាតិ ប្រមាណ ៨០.០០០ នាក់ មកពី ១០៧ ស្ថាប័ន ចូលរួម​សង្កេតការណ៍​បោះឆ្នោត​

spot_img

​ភ្នំពេញ ​៖ បើ​តាម​ការប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ គឺ​ថ្ងៃ​នេះ ជា​ថ្ងៃ​ចុងក្រោយ នៃ​ការទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​ជាតិ ប្រមាណ ៨០.០០០ នាក់ មកពី ១០៧ ស្ថាប័ន សម្រាប់​ចូលរួម​សង្កេត​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ។​

​គ​.​ជ​.​ប បានបញ្ជាក់​ថា ចំពោះ​អ្នកសង្កេតការណ៍​ជាតិ នៃ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​នៅ​ថ្ងៃនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ត្រូវ​ពិនិត្យ និង​សម្រេច​លើ​ពាក្យសុំ​ចុះឈ្មោះ ក្នុង​រយៈពេល​យ៉ាង​យូរ ៣ (​បី​) ថ្ងៃ បន្ទាប់ពី​បាន​ទទួល​ពាក្យស្នើសុំ ត្រូវ​នឹង​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ នេះ​បើ​យោង​តាម​ប្រការ ៣.៣.៥ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។​

​សូម​ជម្រាប​ជូន​ថា គិត​ត្រឹម​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ គ​.​ជ​.​ប បាន​សម្រេច​អនុញ្ញាត​ឱ្យ​អ្នកសង្កេតការណ៍​ជាតិ នៃ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ​ជិត ៨០.០០០ នាក់ មកពី ១០៧ ស្ថាប័ន ចូលរួម​សង្កេត​ការបោះឆ្នោត​។ ទន្ទឹមនឹងនេះ គ​.​ជ​.​ប ក៏​បាន​និង​កំពុង​ពិនិត្យ​លើ​ពាក្យ​ស្នើ​សុំ​របស់​អ្នកសង្កេតការណ៍​ជាតិ នៃ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ​ជាង ១.៤០០ នាក់ ថែម​ទៀត ដើម្បី​ចូលរួម​សង្កេត​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។​

​បើ​តាម​គ​.​ជ​.​ប អ្នកសង្កេតការណ៍​ជាតិ គឺ​ជា​សាក្សី​នៃ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ត្រូវ​ផ្តល់​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ ស្តីពី​ការសង្កេត​ឃើញ និង​សេចក្តីសន្និដ្ឋាន​របស់ខ្លួន​នៅក្នុង​ដំណើរការ​បោះឆ្នោត ផ្ញើជូន គ​.​ជ​.​ប បន្ទាប់​ពី​ដំណើរការ​បោះឆ្នោត​ចប់សព្វគ្រប់​។​

​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត មេភូមិ ជំនួយការ​មេភូមិ និង​កម្លាំងប្រដាប់អាវុធ​មិន​ត្រូវបាន​អនុញ្ញាត ឱ្យធ្វើជា​អ្នកសង្កេតការណ៍ ដើម្បី​សង្កេតមើល​ដំណើរការ​នៃ​ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​ទេ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×