Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន នៅតែប្រកាសជំហរអព្យាក្រឹតក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី និងបន្តរកសន្តិភាព

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រាប់ទៅសមភាគីរុស្ស៉ីរបស់លោក គឺលោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយគ្នាថា ប្រទេសចិននឹងនៅតែបន្តប្រកាន់ខ្ជាប់ដដែល នូវគោលជំហរមួយដែលឯករាជ្យ និងមិនលម្អៀងនោះឡើយ ជុំវិញវិបត្តិអ៊ុយក្រែន។

ការអត្ថាធិប្បាយដូចខាងលើរបស់លោក វ៉ាង យី ទៅកាន់លោក ឡាវរ៉ូវ ក៏ត្រូវបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយផងដែររបស់ក្រសួងការបរទេសចិន ដោយមានខ្លឹមសារថា ចិននឹងបន្តដើរតួនាទីជាសំឡេងសត្យានុម័ត និងប្រកបដោយហេតុផល នៅគ្រប់វេទិកាពហុភាគីអន្តរជាតិនានា ហើយ នឹងបន្តប្រឹងប្រែងយ៉ាងសកម្ម ក្នុងការលើកកម្ពស់ កិច្ចពិភាក្សាស្វែងរកសន្តិភាពសម្រាប់សង្រ្គាមនៅអ៊ុយក្រែន។

ក្រសួងការបរទេសចិន បានលើកឡើងទៀតថា កិច្ចពិភាក្សាអន្តរជាតិដែលត្រូវបានប្រារព្ធឡើងនៅអារ៉ាប៊ីសាអូឌីត កាលពីចុងសប្តាហ៍កន្លងទៅ ក្រោមគោលដៅស្វែងរក ដំណោះស្រាយសន្តិភាពសម្រាប់វិបត្តិអ៊ុយក្រែន បានចូលរួមចំណែកជួយដល់ កិច្ចប្រឹងប្រែង ពង្រឹងការឯកភាពគ្នាជាអន្តរជាតិ។

គួរបញ្ជាក់ថា មុននេះ ប្រទេសជាង៤០ រួមមានទាំងចិន ឥណ្ឌា សហរដ្ឋអាមេរិក និងក្រុមប្រទេសអឺរ៉ុប ប៉ុន្តែមិនមានរុស្ស៉ី នោះទេ បានចូលរួមក្នុងកិច្ចពិភាក្សា នៅទីក្រុងជេតដាស (Jeddah) ដែលបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ។ ទីក្រុងប៉េកាំងបានចាត់បញ្ជូន បេសកជនពិសេសរបស់ខ្លួនទទួលបន្ទុកកិច្ចការតំបន់អឺរ៉ាស៉ី លោក លី ហ៊ុយ (Li Hui) ដែលជាអតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសរុស្ស៉ី ឱ្យទៅចូលរួម។ លោក លី ហ៊ុយ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអឺរ៉ុបចំនួន៦ រួមមានទាំងអ៊ុយក្រែន និងរុស្ស៉ី កាលពីខែឧសភា ក្រោមបេសកកម្មជួយស្វែងរកដំណោះស្រាយតាមផ្នែកនយោបាយ សម្រាប់សង្រ្គាមអ៊ុយក្រែន ដែលនាពេលនេះកំពុងស្ថិតនៅក្នុងខែទី១៨ ហើយ មិនទាន់រកច្រកចេញទៅកាន់សន្តិភាពបាននៅឡើយទេ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×