ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារសរុបចំនួន ៧៤១ កន្លែង សម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។
លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើបម៉ាក្រូ លើកឡើងថា ម៉ាក្រូធ្លាប់បានសហការជាមួយនឹង NEA ជាច្រើនលើកមកហើយ ជាលទ្ធផលយើងជ្រើសរើសបានបុគ្គលិកតាមរយៈការសហការនេះទាន់តម្រូវការរបស់ក្រុមហ៊ុនយើង។
លោកស្រីពិតជាមានសេចក្តីសោមនស្ស រីករាយក្រៃលែងដែលបានចូលរួមសហការជាមួយ NEA នៅថ្ងៃទី១០ខាងមុខនេះ។ លោកស្រីថា ដោយសារតែការរីកចម្រើនរបស់ម៉ាក្រូនាពេលបច្ចុប្បន្ន ផ្សារទំនើបម៉ាក្រូនឹងនាំយកឱកាសការងារជាច្រើនកន្លែង គ្រប់មុខដំណែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារ។
ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃទីផ្សារទំនើបម៉ាក្រូរូបនេះ មើលឃើញថាបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកដែលកំពុងបម្រើការងារជាច្រើនតាមរយៈការសហការយ៉ាងជិតស្និតជ្រើសរើសបុគ្គលិកជាមួយ NEA។ បើពុំមានវត្តមាន NEA នោះទេពិតណាស់ ក្រុមហ៊ុនរបស់យើងនឹងពិបាកក្នុងការស្វែងរកបុគ្គលិកដើម្បីឱ្យចូលបម្រើការងារជាក់ជាមិនខាន។ ក្នុងឱកាសនេះម៉ាក្រូ ពិតជាថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការរួមចំណែកក្នុងភាពរីកចម្រើនរបស់ក្រុមហ៊ុន។
សូមជម្រាបថាក្រុមហ៊ុនធំៗទាំង១០នោះរួមមាន៖ ធនាគារឯកទេស AEON, ក្រុមហ៊ុន,ក្រុមហ៊ុន Cambodia Angkor, ផ្សារទំនើប ម៉ាក្រូ, ធនាគារ CAB BANK, ក្រុមហ៊ុន គីម ម៉ិច ខនស្រ្តាក់សិន និង អ៊ិនវេសមេន),ក្រុមហ៊ុន Onion Mobility Co,. Ltd ,ធនាគារហត្ថា, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន ZUT HOME, ក្រុមហ៊ុន ONION MOBILITY, ក្រុមហ៊ុន GFG និង ក្រុមហ៊ុន INVESTM។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕