Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស ដាក់ទណ្ឌកម្មជាថ្មីទៀតលើក្រុមហ៊ុន និងបុគ្គល ដែលផ្គត់ផ្គង់ដ្រូន និងសម្ភារយោធាដល់រុស្ស៊ី

រដ្ឋាភិបាលចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានដាក់ទណ្ឌកម្មជាថ្មីទៀតលើក្រុមហ៊ុនផលិតយន្តហោះដ្រូនរបស់អ៉ីរ៉ង់ និងអាជីវកម្មបរទេសជាច្រើនផ្សេងទៀត ដោយចោទប្រកាន់ថា ពួកអ្នកទាំងនោះបានផ្គត់ផ្គង់អាវុធ សម្ភារទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។

ទណ្ឌកម្មថ្មីនេះ មានចំនួន ២៥ ទៅលើបុគ្គល និងអាជីវកម្មនៅក្នុងប្រទេសអ៉ីរ៉ង់ តួកគី បេឡារុស ស្លូវ៉ាគី ស្វីស និងអេមីរ៉ាត់អារ៉ាប់រួម ព្រមទាំងរុស្ស៉ីផងដែរ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះដ្រូនអ៉ីរ៉ង់ ប៉ារ៉ាវ៉ា ផាស (Paravar Pars) និងនាយកចំនួន ៧រូប របស់ក្រុមហ៊ុន ដែលស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិករួចស្រាប់ ព្រមទាំងក្រុមហ៊ុននាំចេញមីក្រូអេឡិចត្រូនិច ដែលមានមូលដ្ឋាននៅតួកគីចំនួន ២ក្រុមហ៊ុន ក៏ស្ថិតក្នុងចំណោមគោលដៅទណ្ឌកម្មរបស់ចក្រភពអង់គ្លេសផងដែរ។

បើតាម លោក ជេមស៍ ក្លេវឺលី (James Cleverly) រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានបញ្ជាក់ថា គោលដៅចម្បងនៃទណ្ឌកម្ម នឹងធ្វើឱ្យឃ្លាំងអាវុធរបស់រុស្ស៉ីថយចុះ បិទសំណាញ់ខ្សែចង្វាក់ផ្គត់ផ្គង់ ជំរុញឱ្យឧស្សាហកម្មការពារជាតិរបស់លោកប្រធានាធិបតី ពូទីន ជួបបញ្ហា។ ទណ្ឌកម្មថ្មីនេះ ក៏នឹងហាមប្រាមអង្គភាពរបស់អង់គ្លេសពីការផ្តល់សេវាកម្ម ដល់បុគ្គល និងក្រុមហ៊ុនទាំងឡាយ ដែលរងទណ្ឌកម្ម រួមទាំងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដែលទុកនៅអង់គ្លេសទៀតផង។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជាច្រើនលើប្រទេសរុស្ស៉ីដែលលុកលុយប្រទេសអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក ដោយធ្វើយ៉ាងណាខ្ទប់ដង្ហើមសេដ្ឋកិច្ចរុស្ស៊ីឱ្យអន់ថយធ្លាក់ចូលក្នុងគ្រោះទុរ្ភិក្ស និងធ្វើឱ្យថាមពលយោធាទាំងកម្លាំងស្មារតី សម្ភារ និងការផលិត ធ្លាក់ចុះដុនដាបតែម្ដង៕ រក្សាសិទ្ធដោយ ៖​ពិសិដ្ឋ CEN

×