រដ្ឋធានីប៊ែរឡាំង៖ ស្របពេលសហរដ្ឋអាមេរិក និង មហាយក្សចិន កំពុងតែប្រជែងគ្នា នៅក្នុងសង្គ្រាមត្រជាក់លើបន្ទះឈីប នាសម័យបច្ចេកវិទ្យាដ៏ទំនើបបច្ចុប្បន្ននេះ តៃវ៉ាន់ ក៏ចាប់ផ្ដើមបោះទុនវិនិយោគ មានទំហំទឹកប្រាក់ រហូតដល់៣,៨ពាន់លានដុល្លារអាមេរិក នៅអាល្លឺម៉ង់ និង បោះទុនវិនិយោគ មានទំហំទឹកប្រាក់ ៤,៥ពាន់លានដុល្លារផ្សេងទៀត នៅលើទឹកដីរបស់អាមេរិក។
បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ថា ក្រុមហ៊ុនផលិតសេមីខន់ដាកទ័រតៃវ៉ាន់ (Taiwan Semiconductor Manufacturing Company) ហៅកាត់ TSMC បានបញ្ជាក់ កាលពីថ្ងៃអង្គារ (ទី៨ ខែសីហា) ថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួន បានអនុម័តការវិនិយោគ មានទំហំទឹកប្រាក់ ៣,៨ពាន់លានដុល្លារអាមេរិក នៅក្នុងរោងចក្រដែលបានគ្រោងទុក ស្ថិតក្នុងប្រទេសអាល្លឺម៉ង់ ក៏ដូចជាការបណ្ដាក់ទុន មានទំហំទឹកប្រាក់ ៤,៥ពាន់លានដុល្លារ សម្រាប់រោងចក្រ ដែលកំពុងតែសាងសង់ ស្ថិតក្នុងរដ្ឋ Arizona នាភាគនិរតីរបស់សហរដ្ឋអាមេរិក។

ក្រុមហ៊ុនឈីបដ៏ធំបំផុតរបស់តៃវ៉ាន់ TSMC បានគ្រប់គ្រងច្រើនជាងពាក់កណ្តាល នៃទិន្នផលមីក្រូឈីប (Microcrip) ដែលមានកម្រិតខ្ពស់របស់ពិភពលោក ហើយបានផ្តល់ថាមពលគ្រប់យ៉ាង រាប់ចាប់តាំងពីម៉ាស៊ីនកាហ្វេ …រហូតដល់គ្រូសមីស៊ីលដ៏ទំនើបថែមទៀតផង។
ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន ថា ក្រុមប្រឹក្សារបស់ខ្លួន បានអនុម័តលើការវិនិយោគភាគហ៊ុន មិនលើសពី៣,៨ពាន់លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលគ្រប់គ្រង ដោយ TSMC គឺក្រុមហ៊ុនផលិតសេមីខន់ដាកទ័រអឺរ៉ុប (European Semiconductor Manufacturing Company) GMbH ហៅកាត់ ESMC នៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់ការផ្តល់សេវាកម្មសាងសង់។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន TSMC ក៏បានយល់ព្រមបណ្ដាក់ទុន មិនលើសពី៤,៥ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធ TSMC Arizona ស្ថិតនៅសហរដ្ឋអាមេរិក។

ដោយឡែក ការវិនិយោគបន្ថែម នៅក្នុងរោងចក្រអារីហ្សូណា ដែលរង់ចាំ អស់រយៈពេលជាយូរមកហើយ នឹងកើតឡើង នៅក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ ក្រោយពេលក្រុមហ៊ុន TSMC បានរាយការណ៍ ថា ការចាប់ផ្តើមផលិត នៅក្នុងរោងចក្រនេះ នឹងត្រូវដំណើរការ នៅក្នុងឆ្នាំ២០២៥។ ស្របគ្នានេះ ក្រុមហ៊ុន TSMC ក៏បានបណ្តាក់ទុនរួមគ្នា ដែលបានគ្រោងទុក នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់ ក៏នឹងត្រូវដំណើរការផងដែរ ហើយ៧០ភាគរយ ត្រូវគ្រប់គ្រង ដោយក្រុមហ៊ុន TSMC ។

រោងចក្រ TSMC នឹងក្លាយជាគម្រោង Semiconductor ចុងក្រោយបង្អស់ ត្រូវបង្ហាញ នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយវាជាផ្នែកមួយ សម្រាប់ជំរុញឲ្យតំបន់អឺរ៉ុប ឲ្យកាន់តែទូលំទូលាយ នៅក្នុងការជំរុញនូវការផលិត Semiconductor ។ ប៉ុន្តែបន្ទះឈីបរបស់អាល្លឺម៉ង់ ប្រឈមមុខនឹងបញ្ហាជាច្រើន រាប់ចាប់តាំងពីតម្លៃកើនឡើងខ្ពស់ ក្រោយការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន រហូតដល់កង្វះខាតកម្មករជំនាញ។
បច្ចុប្បន្ន សហរដ្ឋអាមេរិក និង បណ្ដាប្រទេសជាសម្ពន្ធមិត្តផ្សេងៗទៀតរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីតោន កំពុងតែរឹតបន្ដឹង ហើយជំរុញនូវការប្រកួតប្រជែងលើបន្ទះឈីប ក៏ដូចជា ការហាមឃាត់នូវការលក់បច្ចេកវិទ្យាម៉ាស៊ីនផលិតបន្ទះឈីប ទៅកាន់ប្រទេសចិន។ សកម្មភាពបែបនេះ គឺមានគោលបំណងបន្ទុកបង្អាក់ ដល់ការរីកចម្រើនខាងវិស័យយោធារបស់ក្រុងប៉េកាំង ផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN


















