Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមមន្រ្ដី FBI បាញ់បុរសម្នាក់ ប៉ុនប៉ងលើប្រធានាធិបតីអាមេរិក

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមមន្រ្ដីអនុវត្ដន៍ច្បាប់ FBI និង ទីភ្នាក់ងារក្នុងតំបន់របស់សហរដ្ឋអាមេរិក បានបាញ់សម្លាប់បុរសម្នាក់ ដែលរងការចោទប្រកាន់ អំពីការគំរាមកំហែងដល់ប្រធានាធិបតីសហរដ្ឋអាមេរិក  និង អនុប្រធានាធិបតី ហើយរដ្ឋអាជ្ញា នៅក្នុងអំឡុងការឆ្មក់បង្ក្រាប។

សារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៩ ខែសីហា ថា ក្រុមមន្រ្ដីអនុវត្ដច្បាប់របស់សហរដ្ឋអាមេរិក បានបាញ់សម្លាប់បុរសម្នាក់ នៅរដ្ឋ Utah ដែលរងការចោទប្រកាន់   អំពីការគំរាមកំហែង ប្រឆាំងនឹងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) លោកអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) និង រដ្ឋអាជ្ញាស្រុកម៉ាន់ហាតថាន់ (Manhattan) លោក អាល់វីន ប្រេក (Alvin Bragg) នៅមុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ដែលបានគ្រោងទុក ធ្វើដំណើរទៅកាន់រដ្ឋមួយនេះ។

ការិយាល័យស៊ើបអង្កេតសហព័ន្ធន៍ (The Federal Bureau of Investigation) ហៅកាត់ FBI និង ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងតំបន់របស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ភ្នាក់ងាររបស់ខ្លួន បានព្យាយាមបំពេញការងារស្វែងរក និង អនុវត្ដដីកាច្បាប់ នៅព្រឹក ថ្ងៃពុធ ដោយបានចូលទៅកាន់លំនៅឋានរបស់លោក ក្រេក រ៉ូប៊ឺតសុន (Craig Robertson) ស្ថិតក្នុងទីក្រុង Provo (ប្រូវ៉ូ) រដ្ឋ Utah នាភាគខាងត្បូង ទីក្រុង Salt Lake ។

ប្រភពពីកម្លាំងអនុវត្តច្បាប់ ដោយសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា លោក Robertson បានប្រដាប់ ដោយអាវុធ ខណៈឧប្បត្តិហេតុនោះ កំពុងតែកើតឡើង។ ប៉ុន្ដែ FBI បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានអះអាង ថា ការបាញ់ប្រហារនេះ កំពុងតែស្ថិតក្រោមការត្រួតពិនិត្យ។

ទីភ្នាក់ងារនេះ បានបន្ថែម ថា «FBI នឹងលើយកឧប្បត្តិហេតុបាញ់ប្រហារទាំងនេះ ពាក់ព័ន្ធនឹងភ្នាក់ងាររបស់យើង ឬ សមាជិកក្រុមការងារ ជាបញ្ហាធ្ងន់ធ្ងរ»។ ការបាញ់ប្រហារនេះ បានកើតឡើង ចំពេលមានការភ័យខ្លាច កាន់តែខ្លាំងឡើង អំពីអំពើហិង្សាខាងនយោបាយ នៅសហរដ្ឋអាមេរិក ជាពិសេស ក្រោយការវាយប្រហារ ទៅលើវិមានកាពីតូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ រហូតមក។

លោក Robertson បានប្រឈមមុខនឹងបទព្រហ្មទណ្ឌ ចំនួន៣ រួមទាំងការគំរាមកំហែងអន្តររដ្ឋ ការគំរាមកំហែងប្រឆាំងនឹងប្រធានាធិបតី ហើយឥទ្ធិពលរារាំង និង សងសឹកប្រឆាំងនឹងមន្ត្រីអនុវត្តច្បាប់សហព័ន្ធ តាមរយៈការគំរាមកំហែង។ ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្រឆាំងនឹងរូបគាត់ បានគូសបញ្ជាក់ អំពីការបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។  លោក Robertson បានបង្ហាញ អំពីបំណងប្រាថ្នាដ៏ឃោរឃៅ ចំពោះគូប្រជែងតាមការយល់ឃើញរបស់អតីតប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump)។

ឯកសារចោទប្រកាន់ អះអាង ថា លោក Robertson បានលើកឡើង នៅលើហ្វេសប៊ុក កាលពីថ្ងៃចន្ទ ដោយនិយាយ ថា គាត់បានដឹងអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន មកកាន់រដ្ឋ Utah ហើយនឹងត្រូវតែសម្អាតធូលី ចេញពីកាំភ្លើង M24។ លោក បៃដិន បានឈប់សម្រាក់ នៅរដ្ឋ Utah កាលពីថ្ងៃពុធ ដែលជាផ្នែកមួយ នៃដំណើរឆ្លងកាត់រដ្ឋ នាភាគខាងលិចរបស់សហរដ្ឋអាមេរិក។

នៅក្នុងការបង្ហោះសារ កាលពីមុន នៅក្នុងខែកញ្ញា ឆ្នាំ២០២២ លោក Robertson បានអះអាង ថា «ពេលវេលាគឺត្រឹមត្រូវ សម្រាប់ការធ្វើឃាតប្រធានាធិបតី លោក ចូ បៃដិន ហើយបន្ទាប់មក គឺអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស!!! ។

លោក ប្រេក ជារដ្ឋអាជ្ញា ដែលបានចោទប្រកាន់ ពីបទព្រហ្មទណ្ឌជាលើកដំបូង ប្រឆាំងនឹងលោក ដូណាល់ ត្រាំ នៅក្នុងទីក្រុងញូវយ៉ក ក៏ជាគោលដៅផងដែរ។ នេះបើយោងតាមឯកសាររបស់តុលាការ។ FBI បានអះអាង ថា ទង្វើនេះ ត្រូវបានព្រមាន អំពីសកម្មភាពរបស់លោក Robertson នៅក្នុងខែមីនា ក្រោយពេលគាត់បានបង្ហោះ នៅលើបណ្ដាញសង្គម Truth Social អំពីការចង់ដាក់ដ៏រន្ធត់ នៅលើថ្ងាសរបស់លោក Bragg ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×