ទោះយ៉ាងណាក៏ត្រូវតែប្រថុយ កងទ័ពជើងទឹកអ៊ុយក្រែន បាននិយាយថា ច្រករបៀងមនុស្សធម៌បណ្តោះអាសន្នថ្មីមួយនៅក្នុងសមុទ្រខ្មៅ បានដំណើរការហើយនៅថ្ងៃព្រហស្បតិ៍នេះ ហើយនាវាដំបូងគេត្រូវបានគេរំពឹងថា នឹងប្រើប្រាស់វាក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ នឹងធ្វើសកម្មភាពដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មប៉ុណ្ណោះ មិនទាក់ទងនឹងយោធានោះទេ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក អូឡេ ឆេលីក (Oleh Chelik) អ្នកនាំពាក្យកងទ័ពជើងទឹកអ៊ុយក្រែនបាននិយាយថា ច្រករបៀងនេះនឹងត្រូវប្រើប្រាស់សម្រាប់កប៉ាល់ពាណិជ្ជកម្ម ដែលជាប់គាំងនៅក្នុងកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ហើយប្រើប្រាស់សម្រាប់ដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្ម។ ច្រករបៀងនេះនឹងមានតម្លាភាព ហើយយើងនឹងដាក់កាមេរ៉ានៅលើកប៉ាល់ ដើម្បីបង្ហាញថា នេះគឺជាបេសកកម្មមនុស្សធម៌សុទ្ធសាធ និងមិនមានគោលបំណងយោធាណាមួយនោះទេ ប៉ុន្តែឧបសគ្គអាចមានច្រើនដោយសារតែរុស្ស៊ីមិនទាន់សម្អាត ដូចជាមីនក្នុងទឹក និងកាណុងកាំភ្លើងធំរបស់រុស្សីតម្រង់មកច្រករបៀងនេះ។
កងទ័ពជើងទឹកអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតថា ការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីននៅក្នុងសមុទ្រខ្មៅ និងការគំរាមកំហែងផ្នែកយោធាពីប្រទេសរុស្ស៊ីនៅតែមាន ដូច្នេះ ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្ម នៅតែមានការព្រួយបារម្ភដដែល ប៉ុន្តែយ៉ាងណាក៏ត្រូវតែប្រថុយ។
គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានធ្វើការអត្ថាធិប្បាយកាលពីថ្ងៃពុធសប្តាហ៍នេះថារដ្ឋាភិបាលទីក្រុងមូស្គូ សូមបញ្ជាក់គោលជំហររបស់ខ្លួនឡើងវិញ ចំពោះកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ដោយអះអាងថា ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេចដើម្បីត្រឡប់ទៅវិញភ្លាមៗ នៅពេលណាដែលក្តីកង្វល់របស់រុស្ស៉ីត្រូវបានដោះស្រាយ។

ការធ្វើអត្ថាធិប្បាយរបស់អ្នកនាំពាក្យវិមានក្រឹមឡាំងនេះ គឺធ្វើឡើងមុនមួយថ្ងៃបន្ទាប់ពីបេសកជនអាមេរិកប្រចាំអង្គការសហប្រជាជាតិ និយាយថា មាន «សញ្ញាវិជ្ជមានខ្លះ» ដែលថា រុស្ស៉ីចាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅរកការពិភាក្សា អំពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញ គ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ដោយសុវត្ថិភាព, ប៉ុន្តែទោះជាយ៉ាងណា រុស្ស៊ីក៏ត្រូវការឱ្យដោះស្រាយបញ្ហាកង្វល់របស់ខ្លួនផងដែរ គឺការដកទណ្ឌកម្មមួយចំនួនចេញ ដែលក្រុមលោកខាងលិច និងសហរដ្ឋអាមេរិកដាក់សម្ពាធកន្លងមក។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ប៉េសកូវ បានបញ្ជាក់ថា លោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៉ី ដោយមិនគិតពីតម្រូវការរបស់សហគមន៍ពិភពលោកសម្រាប់ម្ហូបអាហារ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដឹងយ៉ាងច្បាស់អំពីរឿងនេះ លុះពេលរុស្ស៊ីរឹតបន្តឹងវិញ តាំងមកព្រួតគ្នាថារុស្ស៊ីអាក្រក់ រឿងនេះខាងអស់លោកខាងលិច និងសហរដ្ឋអាមេរិកជាអ្នកបង្កមុន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN


