ភ្នំពេញ៖ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល មានកំណើនមិនច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែបើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា សេដ្ឋកិច្ចប្រទេសកម្ពុជានៅឆ្នាំ២០២៣ ត្រូវបានវាយតម្លៃថា នឹងសម្រេចបានកំណើនក្នុងអត្រា ៥,៦% ។
របាយការណ៍លទ្ធផលនៃការអនុវត្តថវិការឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ទោះបីទស្សនវិស័យសេដ្ឋកិច្ចសកល បន្តមានភាពមិនប្រាកដប្រជាខ្ពស់ និងបានដាក់សម្ពាធមកលើអនុវិស័យបម្រើការនាំចេញ ជាពិសេសអនុវិស័យកាត់ដេរ សេដ្ឋកិចុ្ចកម្ពុជា នឹងមានកំណើនរឹងមាំ ដូចការប៉ាន់ស្មាន់ ធ្វើឡើងកាលពីដើមឆ្នាំ។
វិស័យឧស្សាហកម្មត្រូវបានប៉ាន់ស្មានថា នឹងមានកំណើន ៥,០% ទាបជាងការរំពឹងទុក ដោយសារការថមថយកំណើននៃអនុវិស័យកាត់ដេរ និងការបន្តកំណើនទាបនៃអនុវិស័យសំណង់ ខណៈអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅបន្តរក្សាបានកំណើនល្អប្រសើរ។ វិស័យសេវាកម្មត្រូវបានប៉ាន់ស្មានថា នឹងបន្តងើបឡើងក្នុងរង្វង់ ៨,១% ដែលគាំទ្រដោយសន្ទុះលឿនជាងការរំពឹងទុកនៃកំណើនអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀត។ សម្រាប់វិស័យទេសចរណ៍វិញ បើតាមក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរបរទេសប្រមាណ ២,៥៧ លាននាក់ បានចូលមកកម្ពុជា ក្នុងឆមាសទី១នៃឆ្នាំ២០២៣នេះ មានការកើនឡើង ៤០៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកការនាំចេញវិស័យកាត់ដរ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា កម្ពុជានាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរក្នុងតម្លៃ ៥,២៦លានដុល្លារនៅក្នុងរយៈពេលពេល៦ខែ ឆ្នាំ២០២៣នេះ ធ្លាក់ចុះ ១៨,៧ភាគរយ ពី ៦,៤៧ ពាន់លានដុល្លារបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
គួរបញ្ជាក់ថា វិស័យឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ជាផ្នែកមួយដ៏សំខាន់ក្នងការរកចំណូលពីក្រៅប្រទេសរបស់ប្រទេសកម្ពុជា។ វិស័យនេះ មានរោងចក្រ និងសាខាប្រមាណ ១,៣០០ ដែលមានកម្មករប្រហែល ៨៤០,០០០ នាក់ ហើយភាគច្រើនជាស្ត្រី នៅទូទាំងប្រទេស។ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានស្តារឡើងវិញក្រោយពីរងផលប៉ះពាល់ដល់ជំងឺកូវិត-១៩ ដោយសារតែតម្រូវការសាកលកើនឡើង ភាពជឿជាក់របស់វិនិយោគិនបរទេស និងការបើកប្រទេសឡើងវិញពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕