រដ្ឋធានីអាបូចា (Abuja)៖ ក្រោយពេលពួកយោធា បានធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីប្រធានាធិបតីនីហ្សេ កាលពីថ្ងៃទី២៦ ខែកក្កដា រួចមក បណ្ដាមេដឹកនាំសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកខាងលិច ហៅកាត់ ECOWAS (អេកូវ៉ាស) បានដាក់ឱសានវាទ និង ព្រមាន អំពីការប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសនេះឡើងវិញ ដោយរាប់បញ្ចូលទាំងការប្រើប្រាស់កម្លាំងយោធា ផងដែរ។

សារព័ត៌មាន Aljazeera បានចេញផ្សាយ នៅថ្ងៃសុក្រ ទី១១ ខែសីហា ថា បណ្ដាប្រមុខរដ្ឋ នៃប្លុកប្រទេសអាហ្វ្រិកខាងលិច បានបញ្ជាក់ ថា ជម្រើសទាំងអស់ រាប់បញ្ចូលទាំងការប្រើប្រាស់កម្លាំងទ័ព នៅតែមាន សម្រាប់ការស្តារសណ្តាប់ធ្នាប់ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសនីហ្សេ ក្រោយពេលកើតមានអំពើរដ្ឋប្រហារយោធា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ មេដឹកនាំប្លុកនេះ ក៏បានបញ្ជាឱ្យធ្វើឱ្យកម្លាំងរបស់ខ្លួន ធ្វើសកម្មភាព សម្រាប់ការត្រៀមអន្ដរាមន៍ណាមួយ អាចនឹងកើតឡើង។

ប្លុកប្រទេសអាហ្វ្រិកខាងលិចទាំងនេះ កំពុងតែដាក់កម្លាំងកងទ័ពឲ្យប្រចាំការ សម្រាប់អន្ដរាគមន៍ អាចនឹងកើតឡើង នៅក្នុងប្រទេសនីហ្សេ ព្រោះពួកគេចង់ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការធ្វើអត្ថាធិប្បាយបែបនេះ បានកើតឡើង ស្របពេលសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកខាងលិច (Economic Community of West African States) ហៅកាត់ ECOWAS) ដែលមានសមាជិកចំនួន១៥ប្រទេស បានជួបប្រជុំ នៅរដ្ឋធានីអាប៊ូចា (Abuja) ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា)។ នេះជាកិច្ចប្រជុំកំពូលបន្ទាន់មួយ ដើម្បីពិភាក្សាគ្នា អំពីការឆ្លើយតប ប្រឆាំងនឹងអំពើរដ្ឋប្រហារយោធា កាលពីទី២៦ ខែកក្កដា នៅក្នុងប្រទេសនីហ្សេ បន្ទាប់ពីមេដឹកនាំរដ្ឋប្រហារ បានប្រឆាំងនឹងការគំរាមប្រើប្រាស់កម្លាំងទ័ពកាលពីមុនរបស់ប្លុកអាហ្វ្រិកខាងលិចមួយនេះ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
នៅក្នុងសុន្ទរកថាបិទកិច្ចប្រជុំបន្ទាន់នោះ ប្លុកអាហ្វ្រិកខាងលិចមួយនេះ បានសន្យាដាក់ទណ្ឌកម្មជាច្រើន ប្រឆាំងនឹងរបបយោធា នៅក្នុងប្រទេសនីហ្សេ ហើយដាក់បម្រាមដល់ការធ្វើដំណើរ ប្រឆាំងនឹងក្រុមអ្នករារាំងដល់ការវិលត្រឡប់ទៅកាន់អំណាចរបស់ប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ លោក ម៉ូហាមេដ បាហ្ស៊ូម (Mohamed Bazoum)។

ជាមួយគ្នានេះ ប្រធានអេកូវ៉ាស លោក ប៉ូឡា ទីនូប៊ូ (Bola Tinubu) ប្រធានាធិបតីនីហ្សេរីយ៉ា បានបញ្ជាក់ នៅក្នុងចុងបញ្ចប់កិច្ចប្រជុំកំពូលរបស់ ECOWAS ថា «មិនមានជម្រើសណាមួយដកចេញពីលើតុនោះឡើយ ក្រៅតែអំពីការប្រើប្រាស់កម្លាំងយោធា ដែលជាជម្រើសចុងក្រោយបង្អស់។ យើងនៅតែប្រកាន់ខ្ជាប់ ចំពោះការប្តេជ្ញាចិត្តរបស់យើង នៅក្នុងការគាំទ្រប្រទេសនីហ្សេ ធ្វើដំណើរឆ្ពោះទៅរកស្ថិរភាព តាមបែបប្រជាធិបតេយ្យ ប្រកបដោយសន្តិភាព។ ខ្ញុំសង្ឃឹម ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង យើងនឹងអាចនាំមកនូវដំណោះស្រាយ ដោយសន្តិវិធី ព្រោះវាជាផែនទីបង្ហាញផ្លូវ ឆ្ពោះទៅរកការស្តារឡើងវិញ សម្រាប់ស្ថិរភាព និង លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសនីហ្សេ។ អ្វីៗទាំងអស់ នៅមិនទាន់បាត់បង់ ឬ ខូចខាតនៅឡើយ»។

ចាប់តាំងពីការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ នៅក្នុងប្រទេសនីហ្សេ កាលពីថ្ងៃទី២៦ ខែកក្កដា នោះមក ក្រុមមេដឹកនាំធ្វើរដ្ឋប្រហារ បានបដិសេធប្រគល់អំណាច និង ដោះលែងលោកប្រធានាធិបតី បាហ្ស៊ូម (Bazoum) ដែលត្រូវបានពួកយោធា ចាប់ឃុំខ្លួន ដោយមិនអើពើនឹងការដាក់ឱសានវាទពីបណ្ដាមេដឹកនាំ ECOWAS បានកំណត់ នៅត្រឹមថ្ងៃទី៦ ខែសីហា ដើម្បីប្រគល់អំណាចជូនទៅលើលោកប្រធានាធិបតី បាហ្ស៊ូម វិញ។
ដោយឡែក កិច្ចប្រជុំបន្ទាន់ នៅរដ្ឋធានីអាប៊ូចា ប្រទេសនីហ្សេរីយ៉ា បានកើតឡើង ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលមេដឹកនាំរដ្ឋប្រហាររបស់ប្រទេសនីហ្សេ បានតែងតាំងរដ្ឋាភិបាលបណ្តោះអាសន្នថ្មីមួយ។ ស្របគ្នានោះដែរ លោក ម៉ាហាម៉ាណេ រូហ្វៃ ឡាវអ៊ួលី (Mahamane Roufai Laouali) ក៏ត្រូវបានពួកយោធាតែងតាំង ជាអគ្គលេខាធិការ នៃរដ្ឋាភិបាលថ្មីរបស់ពួកគេ» ដោយថែមទាំងបានដាក់ឈ្មោះរដ្ឋមន្ត្រីចំនួន២១នាក់ ដោយមិនបានបញ្ជាក់បន្ថែម អំពីផែនការរបស់រដ្ឋាភិបាល នោះឡើយ៕ រក្សាសិទ្ធដោយ ៖ សារាយSN













