រដ្ឋធានីកៀវ៖ នៅក្នុងយុទ្ធនាការវាយបករបស់រដ្ឋាភិបាលក្រុងកៀវ ចាប់តាំងពីដើមខែមិថុនា រហូតមក កម្លាំងកងទ័ពរបស់អ៊ុយក្រែន បាន និង កំពុងតែបង្កើនការវាយប្រហារយ៉ាងខ្លាំង ប្រឆាំងនឹងកម្លាំងទាហានរបស់ក្រុងមូស្គូ ទាំងនៅលើទឹកដីរបស់ខ្លួន និង ការវាយប្រហារឆ្លងព្រំដែន ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ហើយឥឡូវនេះ រុស្ស៊ី បានអះអាង អំពីការបាញ់ទម្លាក់ដ្រូនរបស់សត្រូវ ជាច្រើនគ្រឿង។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១១ ខែសីហា ថា ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា រុស្ស៊ី បានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែន ចំនួន១១គ្រឿង នៅជិតឧបទ្វីបគ្រីមៀ (Crimea) ហើយដ្រូនចំនួន២គ្រឿងផ្សេងទៀត បានហួសមកកាន់ទីក្រុងមូស្គូ ដោយដ្រូនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ នៅតំបន់កាលូហ្កា (Kaluga) នាភាគនិរតីទីក្រុងមូស្គូ និង មួយគ្រឿងទៀង ត្រូវបានបាញ់ទម្លាក់ នៅស្រុកអូឌីនសូវស្គី (Odintsovsky) ជាប់នឹងព្រំដែនរដ្ឋធានីរុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ី បានបន្ដ ថា ដ្រូនអ៊ុយក្រែន ចំនួន២គ្រឿង ត្រូវបាញ់ទម្លាក់ នៅជិតទីក្រុងសេវ៉ាស្ដូប៉ូល ( Sevastopol) នៅតាមឆ្នេរសមុត្រឧបទ្វីបគ្រីមៀ។
ដោយឡែក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានព្រមាន កាលពីខែមុន ថា «សង្រ្គាមកំពុងតែវិលត្រឡប់ ទៅដល់ប្រទេសរុស្ស៊ី ដែលជាមជ្ឈមណ្ឌលនិមិត្តសញ្ញា ហើយមូលដ្ឋានយោធារបស់ប្រទេសមហាអំណាចយោធាមួយនេះ កំពុងតែក្លាយជាគោលដៅវាយប្រហារ ផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN


















