រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងទៅកាន់កម្មវិធីរៃអង្គាសប្រាក់សម្រាប់នយោបាយ ថា ប្រទេសចិន កំពុងតែមានបញ្ហាប្រឈមជាច្រើន ដោយសារតែភាពតានតឹងផ្នែកសេដ្ឋកិច្ច និង បញ្ហាផ្ទៃក្នុងនៅក្នុងសង្គម។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី១២ ខែសីហា ថា សេតវិមាន បានះអាង ថា ការអត្ថាធិប្បាយរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក អំពីប្រទេសចិន ដោយសំដៅទៅលើបញ្ហាតានតឹងខាងសេដ្ឋកិច្ច និង សង្គម ដោយសារតែចិន អាចនឹងរងនូវឥទ្ធិពល អំពីរៀបអន្ដរកម្មរបស់រដ្ឋាភិបាលក្រុងប៉េកាំង ជាមួយនឹងពិភពលោក។

លោកប្រធានាធិបតី បៃដិន បានថ្លែងទៅកាន់កម្មវិធីរៃអង្គាសប្រាក់ សម្រាប់នយោបាយមួយ កាលពីថ្ងៃព្រហស្បតិ៍ ថា «ប្រទេសចិន កំពុងតែប្រឈមមុខនឹងបញ្ហា ហើយកំពុងតែរុំព័ទ្ធទៅដោយបញ្ហាសេដ្ឋកិច្ច និង សង្គម។ បញ្ហានេះ មិនមែនជារឿងល្អនោះឡើយ ព្រោះថា នៅពេលមនុស្សអាក្រក់ ប្រឈមមុខនឹងបញ្ហាជាច្រើន ពួកគេនឹងធ្វើអាក្រក់បន្ថែមទៀត»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «សេដ្ឋកិច្ចរបស់ប្រទេសចិន មានកំណើន៨ភាគរយ នៅក្នុងមួយឆ្នាំ ហើយត្រូវតែរក្សាកំណើននេះ។ ប៉ុន្ដែឥឡូវ មានកំណើនជិត២ភាគរយ នៅក្នុងមួយឆ្នាំ ដោយនឹកស្មានមិនដល់ អំពីអត្រាកំណើនរបស់ប្រទេសមហាយក្សមួយនេះ»។

ទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន បានបង្ហាញ ថា សេដ្ឋកិច្ចរបស់ចិន បានកើនឡើង ៤,៥ភាគរយ នៅក្នុងត្រីមាសទី១ និង ៦,៣ភាគរយ នៅក្នុងត្រីមាសទី២ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ត្រឹមតែ០,៨ភាគរយ ចន្លោះពីខែមេសា ដល់ខែមិថុនា បើធៀបនឹងត្រីមាសមុន ក្រោយការកើនឡើង ២,២ភាគរយ នៅក្នុងត្រីមាសទីមួយ។
លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ សេតវិមាន បានប្រាប់ដល់ក្រុមអ្នកកាសែត កាលពីថ្ងៃសុក្រ ថា ការព្រួយបារម្ភមួយរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងប្រទេសចិន គឺជាវិធីសាស្រ្ដ ដែលរដ្ឋាភិបាលក្រុងប៉េកាំ សម្លុត បង្ខិតបង្ខំ និង បំភិតបំភ័យដល់បណ្តាប្រទេសនានា នៅជុំវិញពិភពលោក ក្រោមការផ្តល់ប្រាក់កម្ចីលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានការប្រាក់ខ្ពស់ ហើយក្រោយមក រឹបអូសទ្រព្យសម្បត្តិ ខណៈប្រទេសក្រីក្រនានា ខកខាន មិនអាចសងត្រឡប់មកវិញ តាមកាលកំណត់។

ដោយឡែក លោក លីវ ផេងយូ (Liu Pengyu) អ្នកនាំពាក្យ ស្ថានទូតចិន ប្រចាំនៅក្រុងវ៉ាស៊ីនតោន បានព្រមានដល់ក្រុងវ៉ាស៊ីនតោន ចំពោះការប្រឆាំងនឹងក្រុងប៉េកាំង ហើយមិនគាំទ្រដល់ការបែងចែក និង ការប្រឈមមុខដាក់គ្នានោះឡើយ។
អ្នកនាំពាក្យ ស្ថានទូតចិន រូបនេះ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ថា «យើងសូមប្រឆាំង ចំពោះភាគីសហរដ្ឋអាមេរិក ដែលកំពុងតែបង្កើតបញ្ហា សម្រាប់ប្រទេសចិន ធ្វើឱ្យខូចដល់ប្រទេសចិន ឬ និយាយទម្លាក់មកលើការរំពឹងទុករបស់ប្រទេសចិន៕ រក្សាសិទ្ធដោយ ៖ សារាយSN
















