Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីធ្លាប់បានប្រាប់ហើយថា រាល់កប៉ាល់ដឹកទំនិញទាំងអស់ឆ្លងកាត់ច្រករបៀងសមុទ្រខ្មៅ ទំនងផ្ទុកអាវុធជាគោលដៅត្រូវវាយប្រហារ ពេលនេះបានបាញ់ព្រមានកប៉ាល់ដឹកទំនិញមួយ

រុស្ស៊ី ធ្លាប់បាននិយាយហើយថា ដរាបណាគ្មានការដោះស្រាយបញ្ហាទណ្ឌកម្មដែលសហរដ្ឋអាមេរិក និងលោកខាងលិច ដាក់មកលើខ្លួននោះ តើឱ្យខ្លួនអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញអ៊ុយក្រែន ឬប្រទេសផ្សេង ឆ្លងកាត់ច្រកសមុទ្រខ្មៅម្ដេចនឹងកើតទៅ ?! ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញនេះថា នាវាចម្បាំងរុស្ស៊ី១គ្រឿង បានបាញ់ព្រមានដោយអាវុធស្វ័យប្រវត្តិ ទៅកាន់កប៉ាល់ដឹកទំនិញស្ងួតមួយដែលមានទង់ជាតិប្រទេសប៉ាឡូ ខណៈដែលវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែន នៅភាគនិរតីនៃសមុទ្រខ្មៅ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីច្រករបៀងសមុទ្រខ្មៅ សហរដ្ឋអាមេរិក លោកខាងលិច និងអង្គការសហប្រជាជាតិ សុទ្ធតែដឹងហើយថា កិច្ចព្រមព្រៀងនោះ មិនត្រូវរ៉ូវជាមួយរុស្ស៊ីនោះទេ ព្រោះកាលពីខែមុន រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសតួកគី ដើម្បីធានាថា អ៊ុយក្រែនអាចដឹកជញ្ជូនផលិតផលកសិកម្មរបស់ខ្លួន ទៅកាន់ទីផ្សារតាមរយៈសមុទ្រខ្មៅ ប៉ុន្តែការដែលរុស្ស៊ីមិនទទួលយកកិច្ចព្រមព្រៀងនោះ ខ្លួនក៏បានព្រមានផងដែរថា រុស្ស៊ី នឹងចាត់ទុកកប៉ាល់ទាំងអស់ដែលធ្វើដំណើរទៅកាន់ដែនទឹកអ៊ុយក្រែន ថាទំនងមានផ្ទុកអាវុធដែលជាគោលដៅត្រូវវាយប្រហារ។

រុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាល្បាតរបស់ខ្លួនឈ្មោះ វ៉ាស៊ីលី ប៊ីកូវ (Vasily Bykov) បានបាញ់អាវុធស្វ័យប្រវត្តិ ព្រមានទៅកាន់កប៉ាល់ ស៊ូគ្រូ អូកាន (Sukru Okan) បន្ទាប់ពីកាប់ពីទែនរបស់នាវានេះ បានបដិសេធក្នុងការឆ្លើយតបទៅនឹងសំណើសុំការត្រួតពិនិត្យ។

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងទៀតថា នាវាខាងលើនេះធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ អ៊ីសម៉េល (Izmail) របស់អ៊ុយក្រែន។ ទោះជាយ៉ាងណា ក្រសួងបានគូសបញ្ជាក់ថា បន្ទាប់ពីក្រុមត្រួតពិនិត្យបានបញ្ចប់ការងាររបស់ពួកគេរួចរាល់ ពួកគេក៏បានអនុញ្ញាតឱ្យនាវានោះ បានបន្តឡើងវិញ។

គួរបញ្ជាក់ថា អ៊ុយក្រែន និងលោកខាងលិច បាននិយាយថា ចំណាត់ការរបស់រុស្ស៊ី ស្មើនឹងការបិទច្រករបស់អ៊ុយក្រែន ដែលគំរាមកំហែងកាត់ផ្តាច់លំហូរនៃស្រូវសាលី និងគ្រាប់ផ្កាឈូករ័ត្នពីអ៊ុយក្រែន ទៅកាន់ទីផ្សារពិភពលោក។ រុស្សី និងអ៊ុយក្រែន គឺជាប្រទេសផលិតកសិកម្មធំជាងគេទាំងពីររបស់ពិភពលោក និងជាតួអង្គសំខាន់នៅក្នុងទីផ្សារសម្រាប់ស្រូវសាលី ពោត គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ធញ្ញជាតិដទៃទៀត ហើយរុស្ស៊ីក៏គ្រប់គ្រងទីផ្សារជីកសិកម្មផងដែរ។

រុស្ស៊ី ក៏មានបំណងត្រឡប់ចូលកិច្ចព្រមព្រៀងច្រករបៀងសមុទ្រខ្មៅវិញផងដែរ ប្រសិនបើទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួន ត្រូវបានសហរដ្ឋអាមេរិក និងលោកខាងលិច កាត់បន្ថយខ្លះៗនោះ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×