រដ្ឋធានីព្យុងយ៉ាង៖ ក្រោយការបញ្ចេញសង្គ្រាមវោហារស័ព្ទ ប្រឆាំងនឹងកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក រួចមក មេដឹកនាំកូរ៉េខាងជើង បានជំរុញឲ្យរោងចក្រនានា នៅក្នុងប្រទេសរបស់ខ្លួន បង្កើននូវការផលិតមីស៊ីលតាក់ទិក រថពាសដែក និង គ្រាប់កាំភ្លើងផ្លោងឲ្យបានខ្លាំងក្លាបំផុត តាមអ្វីដែលមេដឹកនាំផ្ដាច់ការរូបនេះ បានប្រកាស អំពីការត្រៀមខ្លួន ធ្វើសង្គ្រាម។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៤ ខែសីហា ថា បើតាមបណ្ដាផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើង បានឲ្យដឹង ថា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យរោងចក្រផលិតគ្រាប់រំសេវសំខាន់ៗ រួមទាំង រោងចក្រផលិតមីស៊ីលយុទ្ធសាស្ត្រផងដែរ។ ស្របគ្នានេះដែរ មេដឹកនាំកូរ៉េខាងជើង បានបញ្ជាឱ្យបង្កើនការផលិតមីស៊ីល គ្រាប់រ៉ុក្កែត និង អាវុធផ្សេងៗទៀត កាន់តែខ្លាំងឡើង។
សកម្មភាពរបស់មេដឹកនាំកូរ៉េខាងជើង ដែលជំរុញឲ្យផលិតគ្រឿងសព្វាវុធកាន់តែច្រើនបំផុតនោះ បានកើតឡើង ស្របពេលកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក រៀបចំធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួន ខណៈកូរ៉េខាងជើង ចាត់ទុកថា វាជាការហាត់សមឈ្លានពាន។ ស្របគ្នានេះដែរ ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានអះអាង ថា ក្រុងវ៉ាស៊ីនតោន ជឿ ថា ប្រទេសរុស្ស៊ី កំពុងតែស្វែងរកគ្រឿងសព្វាវុធរបស់កូរ៉េខាងជើង សម្រាប់យកទៅធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA បានផ្សាយ ថា លោក គីម បានទៅត្រួតពិនិត្យរោងចក្រនានា ផលិតមីស៊ីលមីស៊ីលតាក់ទិក រថពាសដែក និង គ្រាប់កាំភ្លើងផ្លោង កាលពីថ្ងៃសុក្រ និង សៅរ៍។ នៅក្នុងអំឡុងពេលឈប់ នៅក្នុងរោងចក្រកាំជ្រួចនោះ លោក គីម បានកំណត់គោលដៅមួយ សម្រាប់ជំរុញសមត្ថភាពផលិតឲ្យបានខ្លាំងក្លាឡើងបន្ថែមទៀត។ ដូច្នេះរោងចក្រទាំងនេះ អាចផលិតមីស៊ីល បានយ៉ាងច្រើន សម្រាប់បំពេញតម្រូវការរបស់អង្គភាពយោធាជួរមុខ។
សារព័ត៌មាន KCNA បានរាយការណ៍ ថា លោក គីម បានបញ្ជាក់ ថា «កម្រិតគុណភាពរៀបចំសង្រ្គាម គឺអាស្រ័យទៅលើការអភិវឌ្ឍន៍ឧស្សាហកម្មគ្រឿងសព្វាអាវុធ ហើយរោងចក្រទាំងនេះ មានការទទួលខុសត្រូវយ៉ាងសំខាន់ នៅក្នុងការបង្កើនល្បឿន សម្រាប់រៀបចំសង្រ្គាមរបស់កងទ័ពប្រជាជនកូរ៉េ»។

កូរ៉េខាងជើង អាចនឹងសាកល្បងគ្រឿងសព្វាវុធថ្មីៗបន្ថែមទៀត នៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ខណៈសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសមយុទ្ធយោធារដូវក្តៅ នៅចុងខែសីហា។ កូរ៉េខាងជើង បានហៅការហ្វឹកហ្វឺនរបស់អាមេរិក និង កូរ៉េខាងត្បូង ថា នេះជាការអនុវត្ត សម្រាប់ការឈ្លានពាន។ ប៉ុន្ដែសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក បានអះអាង ថា ពួកគេគ្មានចេតនា វាយប្រហារទៅលើកូរ៉េខាងជើង នោះឡើយ។
សេតវិមាន បានអះអាង កាលពីដើមខែសីហា ថា ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានកំណត់ ថា លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានថ្លែងទៅកាន់មន្ត្រីកូរ៉េខាងជើង នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមុន អំពីការបង្កើននូវការលក់គ្រឿងអាវុធ ទៅឱ្យរដ្ឋាភិបាលក្រុងមូស្គូ សម្រាប់សង្គ្រាមរបស់ខ្លួន នៅលើទឹកដីរបស់អ៊ុយក្រែន។

ដោយឡែក កូរ៉េខាងជើង បានបដិសេធនូវការអះអាងរបស់ក្រុងវ៉ាស៊ីនតោន ដែលបានអះអាង ថា ក្រុងព្យុងយ៉ាង បានដឹកជញ្ជូនគ្រាប់កាំភ្លើងធំ និង គ្រាប់រំសេវ ទៅកាន់ប្រទេសរុស្ស៊ី។ ប៉ុន្តែប្រទេសកូរ៉េខាងជើង បានគាំទ្រដល់រុស្ស៊ី ជាសាធារណៈ ចំពោះសង្រ្គាមរបស់ក្រុងមូស្គូ ហើយបានណែនាំឲ្យបញ្ជូនកម្មករ ទៅជួយកសាងទឹកដីរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានកាន់កាប់ថែមទៀតផង។
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បាន និង កំពុងតែព្យាយាម ពង្រឹងនូវទំនាក់ទំនងជាមួយចិន និង រុស្ស៊ី ដើម្បីប្រឈមមុខនឹងយុទ្ធនាការដាក់សម្ពាធ ដឹកនាំដោយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ហើយការលំបាកផ្នែកសេដ្ឋកិច្ច ទាក់ទងនឹងជំងឺរាតត្បាត នៅក្នុងប្រទេសឯកោមួយនេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

















