រដ្ឋធានីកៀវ៖ ស្របពេលរដ្ឋាភិបាលក្រុងកៀវ កំពុងតែបើកយុទ្ធការវាយបក ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី ដើម្បីរំដោះទឹកដីនោះ ប្រធានាធិបតីអ៊ុយក្រែន បានបន្ដបណ្ដេញមន្រ្ដីជាន់ខ្ពស់ជាច្រើនរូប ចេញពីតំណែង ព្រោះចាត់ទុកការស៊ីសំណូក នៅក្នុងអំឡុងប្រទេសមានសង្គ្រាម ជាអំពើក្បត់ជាតិ។
សារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបណ្ដេញក្រុមមន្រ្ដីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលជ្រើសរើសកងទ័ពប្រចាំតំបន់ទាំងអស់ ចេញពីតំណែង នៅក្នុងសកម្មភាពដ៏ខ្លាំងក្លា ប្រឆាំងនឹងអំពើពុករលួយ ខណៈកំពុងតែសង្រ្គាមជាមួយរុស្ស៊ី ឈានចូលដល់ដំណាក់កាលដ៏ខ្លាំងក្លាបំផុត។

លោកប្រធានាធិបតីអ៊ុយក្រែន បានប្រកាស អំពីការបណ្ដេញចោលក្រុមមន្រ្ដីយោធារបស់ខ្លួន កាលពីថ្ងៃសុក្រ ដែលកំពុងតែពង្រីកនូវការប្រយុទ្ធរបស់គាត់ ប្រឆាំងនឹងអំពើពុករលួយ ចាប់តាំងពីរុស្ស៊ី បានឈ្លានពាន អស់រយៈពេលប្រហែល១៨ខែកន្លងមកនេះ។ រីឯការស៊ើបអង្កេតរបស់រដ្ឋ ទៅលើមជ្ឈមណ្ឌលនានា នៅទូទាំងប្រទេសអ៊ុយក្រែន បានលាតត្រដាង អំពីការរំលោភបំពានរបស់ក្រុមមន្ត្រីជាច្រើន រាប់ចាប់ពីការពង្រឹក ដោយខុសច្បាប់ រហូតដល់ការដឹកជញ្ជូនបុរសមានសិទ្ធិឆ្លងកាត់ព្រំដែន បើទោះជាមានការហាមឃាត់ដល់ពួកគេ នៅក្នុងសម័យសង្គ្រាម មិនឱ្យចាកចេញពីប្រទេស យ៉ាងណាក៏ដោយ។

លោកប្រធានាធិបតី ហ្សេឡែនស្គី ក៏បានបញ្ជាក់ ថា បទល្មើសចំនួន១១២ករណី ត្រូវបានបើកប្រឆាំងនឹងមន្ត្រីក្រុមប្រឹក្សាភិបាល ដែលបានសង្ស័យ ថា ពួកគេបានទទួលសំណូក និង ចូលរួម នៅក្នុងការប្រព្រឹត្ដអំពើពុករលួយ។ លោកប្រធានាធិបតី បានប្រើប្រាស់វោហារសាស្ត្រដយ៉ាងធ្ងន់បំផុត ទំនងជានឹងទទួលបានការស្វាគមន៍ ពីប្រជាជនអ៊ុយក្រែន ដែលភ័យខ្លាច ចំពោះអំពើពុករលួយ នៅក្នុងសម័យប្រទេសមានសង្គ្រាម។
លោកប្រធានាធិបតីអ៊ុយក្រែន បានបន្ដ ថា «ប្រព័ន្ធជ្រើសរើសកងទ័ពនេះ គួរតែត្រូវបានគ្រប់គ្រង ដោយមនុស្សដឹងច្បាស់ ថា អ្វីជាសង្រ្គាម ហើយហេតុអ្វីបានជាមានការប្រមាថ និង ការស៊ីសំណូក នៅក្នុងអំឡុងសង្គ្រាម។ សកម្មភាពបែបនេះ ជាការក្បត់ជាតិ ហើយអ្នកដែលត្រូវបានបណ្តេញចេញពីតំណែង នឹងត្រូវមានអ្នកចូលមកជំនួសថ្មី ដោយអតីតយុទ្ធជន នាសម័យសង្រ្គាម និង ទាហានរងរបួស នៅលើសមរភូមិ»។

លោកប្រធានាធិបតី ហ្សេឡែនស្គី ធ្លាប់បានបណ្តេញមន្ត្រីជាន់ខ្ពស់ជាច្រើនរួចមកហើយ ដោយសង្ស័យ ថា ពួកគេបានប្រព្រឹត្ដ អំពើពុករលួយ។ សកម្មភាពទាំងនេះ បានបញ្ជូនសញ្ញាមួយ ទៅកាន់បណ្ដាប្រទេសជាសម្ពន្ធមិត្តលោកខាងលិច ដែលបានផ្តល់ជំនួយយោធា រាប់សិបពាន់លានដុល្លារ មកដល់រដ្ឋាភិបាលក្រុងកៀវ ថា អ៊ុយក្រែន ពិតជាយកចិត្តទុកដាក់ បង្ក្រាបអំពើពុករលួយ ដែលបានញាំញីមកលើកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ អស់រយៈពេលជាយូរមកហើយនោះ ពិតប្រាកដមែន។

បញ្ហាដ៏រ៉ាំរ៉ៃ នៃអំពើពុករលួយ នៅក្នុងប្រទេសអ៊ុយក្រែន បានផ្ទុះឡើង កាលពីខែមិថុនា ឆ្នាំ២០២២ ខណៈការស៊ើបអង្កេត បានកើតឡើង ក្រោយពេលប្រព័ន្ធផ្សព្វផ្សាយមួយ បានផ្សព្វផ្សាយ អំពីលោក យ៉ែវហេន បូរីសូវ (Yevhen Borysov) ជាមន្រ្ដីជាន់ខ្ពស់ប្រចាំតំបន់អូដេសា ដែលបានផ្ទុះរឿងអាស្រូវ។ ការស៊ើបអង្កេត បានរាយការណ៍ អំពីអចលនទ្រព្យ និង រថយន្តដ៏ទំនើប មានតម្លៃរាប់លានដុល្លារ ត្រូវបានចោទប្រកាន់ ថា វាជាកម្មសិទ្ធិរបស់សមាជិកគ្រួសាររបស់លោក បូរីសូវ (Borysov) ស្ថិតក្នុងប្រទេសអេស្ប៉ាញ។ ប៉ុន្ដែលោក Borysov បានបដិសេធរាល់ការចោទប្រកាន់ទាំងនោះ ដោយអះអាង ថា គាត់មិនមានជាប់ទាក់ទងនឹងអ្វីដែលគ្រួសាររបស់គាត់ បានទិញទ្រព្យសម្បត្ដិនោះឡើយ។
ក្រោយពេលមានសេចក្ដីរាយការណ៍បែបនេះ បានបានចេញផ្សាយរួមក ការិយាល័យស៊ើបអង្កេត និង សេវាសន្ដិសុខរបស់ប្រទេសអ៊ុយក្រែន ក៏បានឃុំខ្លួនបុគ្គលិករបស់ក្រុមប្រឹក្សាភិបាល រាប់សិបនាក់ ដោយសង្ស័យ ថា ពួកគេបានទទួលសំណូក និង បានប្រព្រឹត្ដអំពើពុករលួយ៕ រក្សាសិទ្ធដោយ ៖ សារាយSN







