Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ដាក់ឲ្យប្រើច្បាប់ស្តីពីវិធានដើមកំណើតទំនិញជាផ្លូវការ ដើម្បីជំរុញការនាំចេញ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជាលើទីផ្សារអន្តរជាតិ

ភ្នំពេញ៖ ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ខណៈព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់ លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គ លើកទី១០ នីតិកាលទី៤។​

កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយបានបន្តពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី វិធានដើមកំណើតទំនិញនេះ។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីវិធានដើមកំណើតទំនិញផ្លូវការ ខណៈដែលមានអ្នកបំពានច្បាប់នេះ នឹងប្រឈមទណ្ឌកម្មរដ្ឋបាល និងទោសព្រហ្មទណ្ឌ។ ច្បាប់នេះ នឹងជួយលើកកម្ពស់ទំនិញដែលមានដើមកំណើតនៅកម្ពុជា ព្រមទាំងជំរុញការនាំចេញ និងលើកកម្ពស់កិត្តិ​នាម​របស់កម្ពុជានៅលើទីផ្សារអន្តរជាតិ និងពិភពលោក។

ច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេលដប់ថ្ងៃគត់ក្រោយពីថ្ងៃប្រកាសឱ្យប្រើ និងនៅទូទាំងប្រទេស ក្នុងរយៈពេលម្ភៃថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ ស្របតាមមាត្រា៩៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់អំពីគោលការណ៍ និងវិធានដើមកំណើតនៃទំនិញនាំចេញ និងទំនិញនាំចូល ដើម្បីជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ព្រមទាំងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។

ចំពោះការក្លែងបន្លំដើមកំណើតទំនិញ និងការមិនអនុលោមក្នុងការស្នើសុំបញ្ជាក់ដើមកំណើតទំនិញ នឹងត្រូវប្រឈមនឹងទណ្ឌកម្មនៅក្នុងច្បាប់នេះ រួមមានទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មព្រហ្មទណ្ឌ។ ទណ្ឌកម្មរដ្ឋបាល រួមមាន៖ ការព្រមានជាលាយលក្ខណ៍អក្សរ, ការផ្អាកជាបណ្តោះអាសន្ន ឬការបញ្ឈប់សកម្មភាពប្រតិបត្តិការអាជីវកម្ម និងការព្យួរ ការដកហូត ឬការលុបចោលលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ។ ចំណែកទណ្ឌកម្មព្រហ្មទណ្ឌ រួមមាន៖ ការពិន័យអន្តរការណ៍, ការពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ៕

×