បើតាមការផ្សាយរបស់សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានទូតរុស្ស៉ី ប្រចាំនៅទីក្រុងតេហេរ៉ង់ បានឱ្យដឹងថា ទីក្រុងមូស្គូថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើទីសក្ការបូជាក្នុងទីប្រជុំជន ស៉ីរ៉ាស់ (Shiraz), ហើយថាខ្លួនត្រៀមរួចជាស្រេចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម ជាមួយអ៉ីរ៉ង់។

ស្ថានទូតរុស្ស៊ី បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញថា យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះថ្នាក់ដឹកនាំ និងប្រជាជនអ៉ីរ៉ង់ ចំពោះការវាយប្រហារភេរវកម្មលើទីសក្ការបូជាសាស់ ឆឺរ៉ាក់ (Shah Cheragh) នៅទីប្រជុំជន ស៉ីរ៉ាស់។ រុស្ស៉ី សូមថ្កោលទោសយ៉ាងខ្លាំងចំពោះករណីនេះ ហើយសូមសម្តែងនូវការអាណិតអាសូរ ចំពោះក្រុមគ្រួសារជនរងគ្រោះ និងអ្នករងរបួស។
យើងសូមបញ្ជាក់សាជាថ្មីអំពីការត្រៀមខ្លួនរបស់យើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយដៃគូអ៉ីរ៉ង់ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
គួរបញ្ជាក់ថា ការវាយប្រហារលើទីសក្ការបូជាសាស់ ឆឺរ៉ាក់ របស់អ្នកកាន់សាសនាអ៉ីស្លាមនិកាយស៉ីអ៉ីត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ហើយមនុស្សម្នាក់ ត្រូវបានចាប់ខ្លួន។ មកទល់នឹងពេលនេះ នៅមិនទាន់មានអ្នកចេញមុខទទួលខុសត្រូវនោះទេ។

គួររំលឹកផងដែរថា បើនិយាយពីចំណងមិត្តភាពរវាងរុស្ស៊ី និងអ៊ីរ៉ង់ វិញ ក្នុងជំនួបនៅ ទីក្រុង តេហេរ៉ង់ ក្នុង ប្រទេស អ៊ីរ៉ង់ នាពេលកន្លងមក អ៊ីរ៉ង់ក៏ធ្លាប់មានបំណងល្អចង់ចូលរួមបញ្ចប់សង្គ្រាមអ៊ុយក្រែន និងរុស្ស៊ីផងដែរ។ ពិតណាស់ថា កន្លងមក លេខាធិការ នៃ ឧត្តមក្រុមប្រឹក្សា សន្តិសុខជាតិ លោក អាលីស្ហាមខានី បានបញ្ជាក់ក្នុងជំនួបជាមួយសមភាគី រុស្ស៊ី លោក នីកូឡៃ ប៉ាទ្រូឆេវ ថា អ៊ីរ៉ង់ គាំទ្រលើគ្រប់គំនិតផ្តួចផ្តើម ទាំងអស់ដែលឈានទៅមានបទឈប់បាញ់ និងឈានបន្តទៅមានសន្តិភាព រវាង រុស្ស៊ី និង អ៊ុយក្រែន តាមកិច្ចសន្ទនា។

អ៊ីរ៉ង់ ធ្លាប់បានចេញមុខសារភាព ពីការបញ្ជូនដ្រូន ទៅឱ្យរុស្ស៊ី តែការបញ្ជូននោះ គឺកើតមានតាំង ពីមុនសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ីទៅទៀត។ អ៊ីរ៉ង់ក៏មានបញ្ហាប្រឈមជាច្រើនទាក់ទងទៅនឹងសន្តិសុខផ្ទៃក្នុង, បើពិនិត្យខ្លឹមសារជំនួបរវាងមេដឹកនាំសន្តិសុខ គឺលេខាធិការ នៃ ឧត្តមក្រុមប្រឹក្សា សន្តិសុខជាតិ លោក អាលី ស្ហាមខានី របស់ប្រទេសអ៊ីរ៉ង់ និងសមភាគី រុស្ស៊ី លោក នីកូឡៃ ប៉ាទ្រូឆេវ វិញ បញ្ហាមុនគេដែលពួកគេត្រូវនិយាយ គឺ វិធានការ សំដៅ ប្រឆាំង នឹង ការ លូកដៃ ចូល ជ្រៀតជ្រែក របស់ ភ្នាក់ងារពិសេស បស្ចិមលោក ទៅក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសទាំងពីរ។ ក្រៅពីនេះ កិច្ចសន្ទនាក៏បានផ្តោត លើបញ្ហាប្រឈម ក្នុងលោកពិសេសស្ថានការណ៍ នៅអ៊ុយក្រែន និងនៅតំបន់ដើមបូព៌ា។
ប្រធានសន្តិសុខផ្ទៃក្នុងលំដាប់ថ្នាក់ជាតិទាំងពីររូបនេះ ក៏និយាយផងដែរអំពី ការពង្រឹងពង្រីកលើការផ្តោះប្តូរបទពិសោធន៍ រវាង រុស្ស៊ី និង អ៊ីរ៉ង់ ស្តីពីការ អភិវឌ្ឍន៍សក្តានុពលសេដ្ឋកិច្ច និងទំនាក់ទំនង ពាណិជ្ជកម្មក្រៅប្រទេស៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN


















