Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់ ចាប់ផ្ដើមបង្កើតមីស៊ីលទំនើបៗបំពាក់លើយន្ដហោះ ចំពេលមានការគំរាមកំហែងពីចិន

ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេលប៉ុន្មាឆ្នាំចុងក្រោយនេះ ភាពតានតឹង រវាងរដ្ឋាភិបាលក្រុងប៉េកាំង និង ក្រុងតៃប៉ិ កំពុងតែកើនឡើងយ៉ាងខ្លាំង ហើយតៃវ៉ាន់ តែងតែបង្កើនកញ្ចប់ថវិកា លើវិស័យការពារជាតិយ៉ាងច្រើន សម្រាប់ទិញគ្រឿងសព្វាវុធទំនើបៗ មកពីសហរដ្ឋអាមេរិក និង បង្កើតមីស៊ីល ដោយខ្លួនឯងបន្ថែមទៀត សម្រាប់ត្រៀមទប់ទល់នឹងការលុកលុយណាមួយ ពីកម្លាំងទាហានចិន។

សារព័ត៌មាន Taipei Times បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៤ ខែសីហា ថា មន្រ្ដីជាន់ខ្ពស់ មួយរូបរបស់ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី១៣ ខែសីហា) ថា យន្ដហោះដ៏ទំនើបជំនាន់ក្រោយ ដែលបានស្នើឡើង ដោយកងទ័ពអាកាសតៃវ៉ាន់ នឹងអាចបំពាក់មីស៊ីលថ្មី ប្រភេទ Tien Chien ដែលត្រូវបានអភិវឌ្ឍ ដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាចុងសាន (Chungshan) គ្រប់គ្រងដោយរដ្ឋតៃវ៉ាន់។

មន្រ្ដីជាន់ខ្ពស់រូបនេះ បានថ្លែង ដោយសុំលក្ខខណ្ឌ មិនបញ្ចេញអត្ដសញ្ញាណ ថា មីស៊ីលរបស់តៃវ៉ាន់ ផលិតឡើងដោយខ្លួនឯង មានឈ្មោះ Tien Chien V នឹងអាចវាយប្រហារ រយៈចម្ងាយ ១៦០គីឡូម៉ែត្រ ឬ ស្មើនឹងមីស៊ីល ផលិតដោយសហរដ្ឋអាមេរិក ប្រភេទ AIM-120C-8 ផងដែរ។ អាវុធប្រភេទនេះ ជាមីស៊ីល រយៈចម្ងាយមធ្យម Tien Chien II បាញ់ពីអាកាសទៅអាកាស។

ប្រភពពដដែលនោះ បានបន្ដ ថា មីស៊ីល Tien Chien V នឹងត្រូវគ្នាជាមួយប្រព័ន្ធបញ្ជា បំពាក់ដោយខែលសុវត្ថិភាព ផលិតក្នុងស្រុក ហើយវាបានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព ប្រឆាំងនឹងសង្គ្រាមអេឡិចត្រូនិករបស់សត្រូវ។ មីស៊ីលថ្មីនេះ មានតម្រូវការចាំបាច់ សម្រាប់បំពេញតាមតម្រូវការប្រតិបត្តិការរបស់យន្តហោះចម្បាំងជំនាន់ក្រោយ ដោយសារកងទ័ពអាកាសបានបញ្ជាក់ ថា យន្តហោះត្រូវតែប្រើប្រាស់ច្រកអាវុធនៅខាងក្នុង សម្រាប់បង្កើនសមត្ថភាពបំបាំងកាយ។

វិទ្យាស្ថាន Chungshan បានផលិតកាំជ្រួចបាញ់ពីអាកាសទៅលើអាកាស រយៈចម្ងាយខ្លី ប្រភេទ Tien Chien I និង មីស៊ីលរយៈចម្ងាយមធ្យម ប្រភេទTien Chien II ក៏អាចនឹងបាញ់ចេញនាវាច្បាំងជំនាន់ក្រោយ និង ជើងទម្របាញ់នៅលើ សម្រាប់មីស៊ីល Tien Chien III ផងដែរ។

ដោយឡែក លោកស្រី សៃ អ៊ីង-វ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ ថា ព្រឹត្តិការណ៍បើកចំហ នៅក្នុងមូលដ្ឋានទ័ពអាកាស Ching Chuan Kang ស្ថិតក្នុងទីក្រុង Taichung មានបំណងអប់រំដល់ប្រជាជនតៃវ៉ាន់ អំពីសមិទ្ធផលរបស់កងកម្លាំងប្រដាប់អាវុធ សម្រាប់រៀបចំការពារជាតិតៃវ៉ាន់។

លោកស្រី ប្រធានាធិបតីតៃវ៉ាន់ បានសរសេរបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានអំពាវនាវឱ្យមានការគាំទ្រ និង ការកោតសរសើរ ចំពោះកងទ័ពរបស់តៃវ៉ាន់ បន្ថែមទៀត។

កម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ រួមមាន កងទ័ពជើងគោក និង កងទ័ពជើងទឹក បានចូលរួម នៅក្នុងព្រឹត្តិការណ៍នោះ ដោយបានបង្ហាញរថយន្ត និង ប្រព័ន្ធគ្រឿងសព្វាវុធ ដែលកំពុងតែបម្រើការ នាពេលបច្ចុប្បន្ន រួមទាំង ឧទ្ធម្ភាគចក្រវាយប្រហារ Boeing AH-64 Apache, ឧទ្ធម្ភាគចក្រ Sikorsky UH-60 Black Hawk, រថពាសដែក, មីស៊ីល Hsiung Feng II និង មីស៊ីល Hsiung Feng III ហើយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន Albatross បង្កើតដោយវិទ្យាស្ថាន Chungshan និង យានប្រយុទ្ធគ្មានមនុស្សបើក Cardinal ។

លោក តារ៉ូ អាសូ (Taro Aso) ដែលធ្លាប់ធ្វើជានាយករដ្ឋមន្រ្ដីជប៉ុន ចន្លោះពីឆ្នាំ២០០៨ដល់ឆ្នាំ២០០៩ បានបញ្ជាក់ កាលពីថ្ងៃទី៨ ខែសីហា ថា បរិយាកាសសន្ដិសុខកាន់តែតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ នឹងមានន័យ ថា ជប៉ុន សហរដ្ឋអាមេរិក និង បណ្ដាសម្ពន្ធមិត្ដផ្សេងៗទៀត ត្រូវតែបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ នៅក្នុងការចូលមកការពារតៃវ៉ាន់ ប្រសិនបើដែនកោះមួយនេះ ត្រូវរងការវាយប្រហារ។

លោក តារ៉ូ អាសូ អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងតែកាន់អំណាច នៅក្នុងប្រទេសជប៉ុន បានបញ្ជាក់ នៅក្នុងសុន្ទរកថាមួយ នៅទីក្រុងតៃប៉ិ នាអំឡុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់គាត់ ទៅកាន់ដែនកោះគ្រប់គ្រងដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យមួយនេះ ថា «អ្វីដែលសំខាន់បំផុត នាពេលនេះ គឺត្រូវតែធ្វើឱ្យប្រាកដ ថា សង្រ្គាមមិនអាចផ្ទុះឡើង នៅច្រកសមុទ្រតៃវ៉ាន់»។

លោកអតីតនាយករដ្ឋមន្រ្ដីជប៉ុន រូបនេះ បានសង្កត់ធ្ងន់ នៅក្នុងសុន្ទរកថា ត្រូវបានចាក់ផ្សាយ តាមប្រព័ន្ធអ៊ិនធើរណេត ថា «ខ្ញុំជឿ ថា ឥឡូវនេះ ជាពេលដែលប្រទេសជប៉ុន តៃវ៉ាន់ សហរដ្ឋអាមេរិក និង បណ្ដាប្រទេសផ្សេងៗទៀត ដែលមានគំនិតដូចគ្នា ត្រូវតែរៀបចំខ្លួន សម្រាប់ចាត់វិធានការ ទប់ស្កាត់យ៉ាងខ្លាំងបំផុត ហើយវាជាការតាំងចិត្ត សម្រាប់ការប្រយុទ្ធផងដែរ»។

លោកអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងតែកាន់អំណាច នៅក្នុងប្រទេសជប៉ុន បានបន្ថែមថា ការបង្ហាញយ៉ាងច្បាស់នូវសុច្ឆន្ទៈ នៅក្នុងការការពារតៃវ៉ាន់ នឹងក្លាយជាទម្រង់រារាំង។ ថ្វីបើគាត់មិនបានបញ្ជាក់ អំពីប្រទេសចិន ជាអ្នកឈ្លានពានយ៉ាងណាក្ដី ប៉ុន្តែគាត់បាននិយាយ ថា វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជប៉ុន នៅក្នុងនាមជាអ្នកជិតខាងរបស់តៃវ៉ាន់ និង ប្រទេសដទៃទៀត ត្រូវតែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ហើយវាជាការផ្ញើសារមួយ ទៅកាន់ប្រទេសចិន និង សហគមន៍អន្តរជាតិផ្សេងៗទៀតផងដែរ។

លោក តារ៉ូ អាសូ ក្លាយជាមន្ត្រីនយោបាយជាន់ខ្ពស់បំផុតរបស់ប្រទេសជប៉ុន បានទៅធ្វើទស្សនកិច្ច នៅលើកោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ១៩៧២មក។

រដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ជាទឹកដីរបស់ចិន ហើយក៏មិនធ្លាប់បដិសេធ អំពីការប្រើកម្លាំងយោធា ដើម្បីរឹបអូសដែនកោះមួយនេះ យកមកដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន នោះដែរ។ ប៉ុន្ដែរដ្ឋាភិបាលក្រុងតៃប៉ិ ច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការទាមទារអធិបតេយ្យភាពរបស់ប្រទេសចិន។

ស្ថានភាពតានតឹង នៅជុំវិញកោះតៃវ៉ាន់ បានរួមចំណែកដល់ការសម្រេចចិត្តរបស់ជប៉ុន ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក កំពុងតែបង្កើននូវការចំណាយ លើវិស័យការពារជាតិរបស់ខ្លួនបន្ថែមទៀត។ លោក តារ៉ូ អាសូ កាលពីនៅកាន់តំណែងជាឧបនាយករដ្ឋមន្រ្ដីជប៉ុន កាលពីអំឡុងឆ្នាំ២០២១ បានហៅការឈ្លានពានណាមួយ ពីប្រទេសចិន គឺជាការគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ជប៉ុន ហើយថា ប្រទេសជប៉ុន និង សហរដ្ឋអាមេរិក នឹងការពារតៃវ៉ាន់រួមគ្នា ប្រសិនបើមានឧបទ្ទវហេតុឈ្លានពានកើតឡើង៕ រក្សាសិទ្ធដោយ ៖ សារាយSN

×