រាជធានីបាងកក៖ ក្រោយការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា រហូតមក ប្រទេសថៃ នៅតែបន្ដជាប់គាំងខាងនយោបាយ ដោយសារតែមិនអាចបង្កើតរដ្ឋាភិបាលថ្មីបាន បន្ទាប់ពីសមាជិកសភា និង ព្រឹទ្ធសភា ភាគច្រើនជាអ្នកមានទំនោរទៅរកពួកយោធារាជានិយម មិនបានបោះឆ្នោតគាំទ្រ ដល់បេក្ខជននាយករដ្ឋមន្រ្ដី មកពីគណបក្សឆ្ពោះទៅមុខ ដែលមានគោលនយោបាយធ្វើវិសោធនកម្ម លើច្បាប់ប្រមាថព្រះមហាក្សត្រ ហើយឥឡូវនេះ ក៏នៅតែមិនទាន់មានភាពប្រាកប្រជា សម្រាប់ការបោះឆ្នោតជ្រើសរើសប្រមុខរដ្ឋាភិបាល។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៥ ខែសីហា ថា គណបក្សភឿថៃ (Pheu Thai) ហៅកាត់PT មានទំនុកចិត្ត ទៅលើបេក្ខជននាយករដ្ឋមន្រ្ដីរបស់ខ្លួន នឹងឈ្នះនូវការគាំទ្ររបស់សភា នៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី លើកក្រោយនេះ។
បើទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានជាច្រើន បានអះអាង ថា នៅមុនពេលបោះឆ្នោត អ្វីៗអាចនឹងកើតឡើង ដោយនឹកស្មានមិនដល់។ រីឯមេដឹកនាំគណបក្សផាឡាង ប្រាចារ៉ាត (Palang Pracharath) ហៅកាត់ PPRP និង ជាបេក្ខជននាយករដ្ឋមន្ត្រី លោកឧត្ដមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwon) ក៏អាចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បើមានការគាំទ្រច្រើន មកពីសមាជិកសភារបស់គណបក្សភឿថៃ។

ប្រភពមួយ មកពីគណបក្សភឿថៃ បានអះអាង ថា មនុស្សគ្រប់គ្នា កំពុងតែសម្លឹងមើល ថាតើលោក វ៉ាន់ មូហាម៉ាត់ ណ័រ ម៉ាថា (Wan Muhamad Noor Matha) ប្រធានសភា នឹងចេញលិខិតកំណត់ កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនាយករដ្ឋមន្ត្រីលើកក្រោយឬអត់។ ប្រសិនបើការបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្ដី នឹងត្រូវធ្វើឡើង នៅថ្ងៃសុក្រ ទី១៨ ខែសីហា ខាងមុខនេះ លិខិតកោះហៅសមាជិកសភា និង ព្រឹទ្ធសភា នឹងចេញនៅថ្ងៃនេះ។ រីឯសម័យបោះឆ្នោត នឹងត្រូវកំណត់ពេល៣ថ្ងៃមុន។
ក្រុមអ្នកចរចារបស់គណបក្សភឿថៃ ឥឡូវបានប្រមូលសំឡេងគាំទ្រគ្រប់គ្រាន់ មកពីគណបក្សផ្សេងៗទៀត សម្រាប់ការបោះឆ្នោតគាំទ្រដល់បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin)។ ជាមួយគ្នានេះ សមាជិកព្រឹទ្ធសភា ទំនងជានឹងបោះឆ្នោតគាំទ្រផងដែរ ព្រោះតែគណបក្សភឿថៃ កំពុងតែបែរខ្នង ដាក់ទៅគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដោយសារតែគណបក្សឈ្នះឆ្នោតមួយនេះ មានគោលនយោបាយ ធ្វើវិសោធនកម្មលើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ ត្រូវបានជំទាស់ ដោយសមាជិកព្រឹទ្ធសភា និង សមាជិកសភា មកពីគណបក្សនយោបាយ គាំទ្រដោយពួកយោធា។

ផ្ទុយទៅវិញ ប្រសិនបើសមាជិកព្រឹទ្ធសភា នៅតែមិនបោះឆ្នោតគាំទ្រលោក ស្រេតថា ថាវីស៊ីន ជាបេក្ខជននាយករដ្ឋមន្រ្ដី មកពីគណបក្សភឿថៃ បន្ដទៀតនោះ នេះមានន័យ ថា គណបក្សភឿថៃ កំពុងតែចាញ់ល្បិចបោកបញ្ឆោតរបស់គណបក្សនយោបាយនានា គាំទ្រដោយពួកយោធា ហើយពួកគេនឹងចាប់យកឱកាសនេះ សម្រាប់លោកឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ ក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់។
ក្រុមអ្នកវិភាគមួយចំនួន បាអះអាង ថា សមាជិកព្រឹទ្ធសភា ត្រូវបានតែងតាំង ដោយពួកយោធា ប្រហែលជានឹងមិនបោះឆ្នោត គាំទ្រដល់បេក្ខជនណាម្នាក់ នៅក្នុងចំណោមបេក្ខជនទាំង៣រូបរបស់គណបក្សភឿថៃ។ ប៉ុន្តែពួកគេអាចនឹងគាំទ្រ ដល់បេក្ខជនណាមួយ មកពីគណបក្សអភិរក្សនិយម ព្រោះពួកគេព្យាយាមធានានូវការកាន់តំណែងជានាយករដ្ឋមន្ត្រី។ រីឯលោក អានុទីន ឆានវីរ៉ាគុល (Anutin Charnvirakul) មេដឹកនាំគណបក្សភូមចៃថៃ (Bhumjaithai) ឬ លោកឧត្ដមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ មេដឹកនាំគណបក្សផាឡាង ប្រាចារ៉ាត និង ជាបេក្ខជននាយករដ្ឋមន្ត្រី អាចនឹងទទួលបានផលប្រយោជន៍ អំពីស្ថានភាពបែបនេះ។

បេក្ខជនចំនួន២រូបផ្សេងទៀតរបស់គណបក្សភឿថៃ រួមមាន លោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ជានាយករដ្ឋមន្រ្ដីថៃ ដែលត្រូវបានពួកយោធា បណ្ដេញចេញពីអំណាច នៅក្នុងអំពើរដ្ឋប្រហារ នាឆ្នាំ២០០៦ និង លោក ឆាយកាសេម នីទីស៊ីរី (Chaikasem Nitisiri)។ ប៉ុន្ដែប្រសិនបើគណបក្សភឿថៃ សម្រេចចិត្តជាការបោះជំហានទៅមុខ សម្រាប់លោកឧត្ដមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ នោះនឹងធ្វើឲ្យគ្រោះថ្នាក់ ដល់គណបក្សភឿថៃ។
ប្រភពមកពីគណបក្សភឿថៃ បានបន្ដ ថា «គណៈនាយកគណបក្សភឿថៃ ត្រូវតែសម្រេចចិត្តប្រកប ដោយភាពឈ្លាសវៃ លើស្ថានការណ៍បែបនេះ។ នៅក្នុងអំឡុងពេលយុទ្ធនាការ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា យើងបានសន្យា ថា យើងនឹងមិនធ្វើការជាមួយគណបក្ស«ពូ» ដោយសំដៅទៅលើគណបក្សណាមួយ មានទំនាក់ទំនងជាមួយមេដឹកនាំយោធា ពាក់ព័ន្ធនឹងអំពើរដ្ឋប្រហារ នាអំឡុងឆ្នាំ២០១៤»។
គណបក្សភឿថៃ បាននិយាយ ថា «ពូៗ»នោះ គឺសំដៅទៅលើលោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha) អតីតប្រធានទីប្រឹក្សាគណបក្សរួបរួមជាតិថៃ (UTN) និង ជាបេក្ខជននាយករដ្ឋមន្រ្ដីរបស់គណបក្សមួយនេះ ហើយលោកឧត្ដមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ ។

ប្រភពដដែល បានបន្ដ ថា គណបក្សភឿថៃ បានលើកឡើង នៅមុននេះ អំពី«ស្ថានភាពនយោបាយប្លែកមួយ» ជាហេតុផល បញ្ចប់នូវការប្រជែងគ្នា ដើម្បីការរួបរួមគ្នា។ ប៉ុន្ដែគណបក្សភឿថៃ គួរតែលើកឡើង អំពីចំណុចទាំងនេះ នៅមុនការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា ដើម្បីឲ្យអ្នកបោះឆ្នោត អាចសម្រេចចិត្ត ថាតើពួកគេយល់ព្រមឬអត់។
ប្រភពដដែល បានបន្ថែម ថា សមាជិកសភាចំនួន៤០នាក់ មកពីគណបក្សផាឡាង ប្រាចារ៉ាត (Palang Pracharath) ហៅកាត់ PPRP នៅមុននេះ បានសន្យាបោះឆ្នោត គាំទ្រដល់បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ បើទោះជាគណបក្ស PPPR មួយនេះ នៅមិនទាន់បានប្រកាស អំពីសេចក្តីសម្រេចជាផ្លូវការយ៉ាងណាក៏ដោយ។
ដោយឡែក ពួកអ្នកគាំទ្រក្រុមអាវក្រហម នៅតែមិនយល់ស្រប ចំពោះគំនិតធ្វើការជាមួយនឹងគណបក្ស PPRP ដោយសារតែលោកឧត្តមសេនីយ៍ ប្រាវីត នៅតែជាមេដឹកនាំរបស់ PPRP នេះដដែល។ រីឯមធ្យោបាយតែមួយគត់ សម្រាប់លោកឧត្តមសេនីយ៍ ប្រាវីត ដើម្បីក្លាយជាមេដឹកនាំរដ្ឋាភិបាលថ្មី ត្រូវតែមានការគាំទ្រ ពីសភា ភាគច្រើន។ ចំណែកបញ្ហាព្រួយបារម្ភ នៅត្រង់ថា ប្រសិនបើការឈរឈ្មោះរបស់លោក ស្រេថា ជានាយករដ្ឋមន្ត្រី នឹងរងបរាជ័យ នៅក្នុងការបោះឆ្នោតបន្ទាប់ ហើយគណបក្សភឿថៃ នឹងនៅតែមិនអាចបង្កើតរដ្ឋាភិបាលបានដដែល។ គណបក្សនេះ នឹងអាចត្រួសត្រាយផ្លូវ សម្រាប់ការតែងតាំងនាយករដ្ឋមន្ត្រី មកពីគណបក្សផ្សេងៗទៀត»៕ រក្សាសិទ្ធដោយ ៖ សារាយSN













