Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការពារជាតិចិន ធ្វើដំណើរទៅកាន់រុស្ស៊ីនិងបេឡារុស បង្ហាញពីការគាំទ្រ

រដ្ឋធានីមូស្គូ៖ ស្របពេលរុស្ស៊ី កំពុងតែផុងខ្លួនយ៉ាងជ្រៅ នៅក្នុងសង្គ្រាមរបស់ខ្លួន នៅលើទឹកដីរបស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក រដ្ឋាភិបាលក្រុងប៉េកាំង នៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រុងមូស្គូ ហើយឥឡូវនេះ ប្រមុខការពារជាតិចិន កំពុងតែធ្វើដំណើរបំពេញទស្សនកិច្ច នៅលើទឹកដីរបស់ប្រទេសមហាអំណាចនុយក្លេអ៊ែរកំពូល នៅលើពិភពលោក ដើម្បីតម្រឹមគោលនយោបាយការបរទេស នៅក្នុងគោលបំណងធ្វើឱ្យខូច ដល់សណ្តាប់ធ្នាប់របស់លោកសេរី ដឹកនាំដោយមហាអំណាចលោកខាងលិច។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៤ ខែសីហា ថា លោក លី សាងហ៊្វូ (Li Shangfu) រដ្ឋមន្រ្ដី ក្រសួងការពារជាតិចិន កំពុងតែធ្វើដំណើរបំពេញទស្សនកិច្ច នៅក្នុងប្រទេសរុស្ស៊ី និង បេឡារុស ដើម្បីបង្ហាញនូវការគាំទ្ររបស់ខ្លួន ស្របពេលគោលបំណងរបស់លោកខាងលិច បានដាក់ប្រទេសទាំង២នេះ ឲ្យនៅឯកោ ដោយសារតែការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។

ក្រសួងការពារជាតិចិន បានបញ្ជាក់ នៅលើគណនីបណ្ដាញសង្គម ដោយដកស្រង់សម្ដីរបស់លោកវរសេនីយ៍ វូ គៀន (Wu Qian) អ្នកនាំពាក្យ ក្រសួងការពារជាតិចិន អះអាង ថា លោក លី បានចេញដំណើរ កាលពីថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ច ទៅក្រៅប្រទេស មានរយៈពេល៦ថ្ងៃ។ នៅក្នុងអំឡុងពេលនោះ លោកប្រមុខការពារជាតិចិន នឹងថ្លែងសុន្ទរកថា ទៅកាន់សន្និសីទ ស្ដីអំពីអន្ដជាតិ ដែលរៀបចំឡើង នៅក្នុងទីក្រុងមូស្គូ។ លោករដ្ឋមន្រ្ដី ក៏នឹងជួបជាមួយនឹងសមភាគីរុស្ស៊ី និង សមភាគីមកពីប្រទេសផ្សេងៗទៀត។

ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass បានរាយការណ៍ ថា លោក ស៊ើរហ្គេ ឡាវរ៉ូ (Sergey Lavrov) រដ្ឋមន្រ្ដី ក្រសួងការបរទេសរុស្ស៊ី នឹងថ្លែងទៅកាន់សន្និសីទសារព័ត៌មានស្ដីអំពីប្រធានបទ « ការស្វែងរកប្រទេសភាគច្រើន សម្រាប់ពិភពលោក ចំពោះវិធីសាស្រ្ដអភិវឌ្ឍន៍ នៅក្រៅយន្តការរបស់លោកខាងលិច រួមទាំងការពង្រឹងសមាគមពហុភាគីប្រភេទថ្មីមួយ»។ រីឯតំណាង មកពីប្រទេសប្រហែល១០០ និង អង្គការអន្ដរជាតិចំនួន៨ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្ដីរបស់អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី អះអាង ថា តំណាងប្រទេសទាំងនោះ នឹងពិភាក្សាគ្នា អំពីទិដ្ឋភាពផ្សេងៗ សម្រាប់សន្តិសុខនៅក្នុងលក្ខខណ្ឌ ដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល និង មធ្យោបាយ ស្តារកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយការស្ថាបនា នៅក្នុងបរិបទទាមទារដ៏ខ្លាំងក្លា ដោយពួកឥស្សរជន Euro-Atlantic សម្រាប់ការត្រួតត្រាពិភពលោក។

លោក វ៉ាង វែនប៊ីន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានបញ្ជាក់ ថា «មេដឹកនាំចិន និង រុស្ស៊ី កំពុងតែរក្សាទំនាក់ទំនង ជាយុទ្ធសាស្ត្រ នៅក្នុងវិធីសាស្រ្ដដោយឡែកពីគ្នា លើបញ្ហាផ្សេងៗ»៕ រក្សាសិទ្ធដោយ ៖ សារាយSN

×