លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី បានធ្វើសារលិខិតជូនពរទៅកាន់ថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌា នៅថ្ងៃទិវាបុណ្យឯករាជ្យរបស់ឥណ្ឌា គឺជូនទៅកាន់ប្រធានាធិបតីឥណ្ឌា លោកស្រី ឌ្រូប៉ាឌី មឺមូ (Droupadi Murmu) និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី, លោក ពូទីន បានលើកឡើងថា ទីក្រុងមូស្គូ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងឯកសិទ្ធិជាមួយទីក្រុងញូដេលី ហើយប្តេជ្ញាបន្តជំរុញទំនាក់ទំនងបែបនេះឱ្យកាន់តែរឹងមាំ។

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថាលោក ពូទីន បានគូសបញ្ជាក់ក្នុងសារលិខិតនោះទៀតថា ខ្ញុំមានទំនុកចិត្តថា យើងនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក៏ដូចជាភាពជាដៃគូស្ថាបនា ដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោក។ សមិទ្ធិផលដែលឥណ្ឌាសម្រេចបានក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសង្គម ត្រូវបានទទួលស្គាល់ជាសាកល។ ឥណ្ឌាទទួលបានសិទ្ធិអំណាច ដែលសមនឹងទទួលបាននៅលើឆាកអន្តរជាតិ ដោយដើរតួនាទីយ៉ាងសំខាន់ និងស្ថាបនាក្នុងកិច្ចការអន្តរជាតិ។
បើនិយាយពីចំណងការទូតរវាង ឥណ្ឌា និងរុស្ស៊ី វិញ គឺប្រទេសទាំងពីរនេះ បានចាត់ទុកទំនាក់ទំនងរបស់ពួកគេក្នុងកម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងឯកសិទ្ធិ»។ ប្រទេសទាំងពីរ មានការចាប់អារម្មណ៍ដូចគ្នា ទៅលើការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ជំនួសឱ្យពិភពលោកទ្វេប៉ូល ជាមួយនិងការធ្លាក់ចុះនៃសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា នៅក្នុងរលកប្រេងឡើងថ្លៃកាលពីឆ្នាំមុន ឥណ្ឌាចាប់ផ្ដើមបង្កើនភាពស្និទ្ធស្នាលជាមួយរុស្ស៊ីដោយសម្លឹងឃើញការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃទាប ខណៈ សហរដ្ឋអាមេរិក និងលោកខាងលិច ព្យាយាមបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី, ក្នុងនោះ ប្រទេសឥណ្ឌាបានទទួលយកការផ្តល់ជូនរបស់រុស្ស៊ី ដើម្បីទិញប្រេងឆៅ និងទំនិញផ្សេងទៀតដោយមានការបញ្ចុះតម្លៃ ដែលជាសញ្ញាមួយបង្ហាញថា ឥណ្ឌាចង់រក្សាមិត្តភាពដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយរុស្ស៊ី ទោះបីជាអាមេរិក និងលោកខាងលិចព្យាយាមផ្តាច់ទំនាក់ទំនងទីផ្សារចេញពីទីក្រុងមូស្គូ តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចក្តី និងឈប់ទទួលយកនាំចេញនាំចូលផលិតផលសំខាន់ពីរុស្ស៊ីក៏ដោយ។

ដោយសម្លឹងឃើញផលចំណេញសម្រាប់ជាតិជាធំនោះ ឥណ្ឌា ធ្វើខ្លួនជាប្រទេសមួយមិនសូវ លូកមាត់ច្រើននោះទេ នៅក្នុងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិក ក៏ជាមិត្តឥណ្ឌាផងដែរនោះ បានព្យាយាមរុញច្រានឥណ្ឌាឱ្យឃ្លាតឆ្ងាយពីរុស្ស៊ី តាមយុទ្ធសាស្ត្រផ្សេងៗ, ប៉ុន្ដែ សំណួរសួរថា តើឥណ្ឌា អាចនៅឆ្ងាយពីរុស្ស៊ីបានយ៉ាងដូចម្ដេចទៅ បើរុស្ស៊ីក៏ជាមិត្តពិសេសរបស់ឥណ្ឌា និងផ្ដល់ផលប្រយោជន៍ច្រើនដល់ប្រជាជន និងប្រទេសឥណ្ឌានោះ? ជាក់ស្ដែង ឥណ្ឌាត្រូវការពឹងផ្អែក ការនាំចូល ខ្ពស់ពី ទីក្រុងមូស្គូ រួមទាំង ការផ្គង់ផ្គង ដូចជា អាវុធ និងគ្រាប់រំសេវ កាំជ្រួច និងយន្តហោះចម្បាំង ពោលគឺ រឹតចំណងយ៉ាងរឹងមាំទាំងវិស័យសេដ្ឋកិច្ច និងវិស័យយោធា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ idol










