រដ្ឋធានីប៉េកាំង៖ ក្រោយពេលសហរដ្ឋអាមេរិក កំពុងតែចាប់ដៃជាមួយនឹងជប៉ុន បង្កើតអាវុធពិសេស សម្រាប់ស្ទាក់ចាប់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន រុស្ស៊ី និង កូរ៉េខាងជើង នោះ រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានអះអាង អំពីការបង្កើតអាវុធឡាស៊ែរ (Laser) មានថាពលខ្ពស់ អាចប្រតិបត្ដិការ ដោយគ្មានដែនកំណត់ ដើម្បីបង្ក្រាបទៅលើសត្រូវរបស់ខ្លួន។

សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៥ ខែសីហា ថា ក្រុមអ្នកវិទ្យាសាស្រ្ដយោធាចិន បានប្រកាស អំពីរបកគំហើញដ៏សំខាន់មួយ សម្រាប់បច្ចេកវិទ្យាអាវុធឡាស៊ែរ។ ពួកគេអាចមានសមត្ថភាពបង្កើតប្រព័ន្ធអាវុធថ្មី ដោយអនុញ្ញាតឱ្យថាមពលឡាស៊ែរកម្រិតខ្ពស់ ដំណើរការដោយគ្មានកំណត់ ហើយវាមិនអាចកកនឹងកម្ដៅសំណល់នោះឡើយ។
បើសារព័ត៌មានរបស់ជប៉ុន Yomiuri Shimbun បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ថា ជប៉ុន និង សហរដ្ឋអាមេរិក នៅសប្ដាហ៍នេះ បានព្រមព្រៀងគ្នា បង្កើតមីស៊ីលស្ទាក់ចាប់គ្រាប់រួមគ្នា ដើម្បីប្រឆាំងនឹងក្បាលគ្រាប់មានល្បឿនលឿនជាងសំឡេងរបស់ចិន រុស្ស៊ី និង កូរ៉េខាងជើង។ កិច្ចព្រមព្រៀងនេះ ត្រូវគេរំពឹងទុក ថា នឹងកើតឡើង ខណៈលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ជួបជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅលើទឹកដីរបស់សហរដ្ឋអាមេរិក នាថ្ងៃសុក្រ ខាងមុខ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងតូក្យូ កាលពីខែមករា បានព្រមព្រៀងគ្នា ពិចារណាបង្កើតមីស៊ីលស្ទាក់ចាប់គ្រាប់ផ្លោង នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) និង រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក យូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) និង រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada)។ កិច្ចព្រមព្រៀងនេះ នឹងធ្វើកិច្ចសហការ នៅក្នុងបច្ចេកវិទ្យាការពារមីស៊ីល។
ប្រទេសជប៉ុន និង សហរដ្ឋអាមេរិក បានបង្កើតមីស៊ីល រយៈចម្ងាយឆ្ងាយ ដែលត្រូវបានរចនាឡើង សម្រាប់ការវាយប្រហារក្បាលគ្រាប់ នៅក្នុងលំហ ដែលជប៉ុន កំពុងតែដាក់ពង្រាយ នៅលើនាវាចម្បាំង នៅក្នុងសមុទ្រ រវាងជប៉ុន និង ឧបទ្វីបកូរ៉េ ដើម្បីការពារប្រឆាំងនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។

បើតាមក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាជាតិ សម្រាប់បច្ចេកវិទ្យាយោធា នៅ Changsha (ចាងសា) ខេត្ដហ៊ូណាន (Hunan) ប្រទេសចិន បានឲ្យដឹង ថា ប្រព័ន្ធអាវុធដ៏សំខាន់នេះ នឹងលុបបំបាត់នូវកម្ដៅទាំងស្រុង ដោយបង្កគ្រោះថ្នាក់ ដែលត្រូវបានបង្កើត នៅក្នុងអំឡុងពេលប្រតិបត្តិការរបស់ថាមពលឡាស៊ែរកម្រិតខ្ពស់។ បញ្ហានេះ បានក្លាយទៅជាបញ្ហាប្រឈមផ្នែកបច្ចេកទេសដ៏សំខាន់ សម្រាប់ការអភិវឌ្ឍអាវុធឡាស៊ែរ។
ជាមួយនឹងបច្ចេកវិជ្ជាថ្មីនេះ ឥឡូវ គ្រឿងសព្វាវុធទាំងនេះ អាចបង្កើតកាំរស្មីឡាស៊ែរបានយូរតាម ដែលពួកគេចង់បាន ដោយមិនមានអ្វីរំខាន ឬ ការចុះអន់ថយ នៅក្នុងការអនុវត្តនូវប្រតិបត្ដិការនោះឡើយ។
បើតាមក្រុមអ្នកស្រាវជ្រាវ បានឲ្យដឹង ថា អាវុធឡាស៊ែរ មានសក្ដានុពល នៅក្នុងការផ្លាស់ប្តូរបញ្ហាប្រឈមមុខនឹងសមរភូមិសំខាន់ៗ ដោយពង្រីកពេលវេលាចូលរួម បង្កើនចម្ងាយ និង ការខូចខាត ហើយកាត់បន្ថយការដឹកជញ្ជូន និង ការចំណាយ។

ដោយឡែក សហរដ្ឋអាមេរិក ក៏មានគម្រោងល្បីៗមួយចំនួន ពេញមួយឆ្នាំ រួមមាន ឡាស៊ែរគីមីដ៏ទំនើបរបស់កងទ័ពជើងទឹក (NACL) ដែលប្រើប្រាស់ Deuterium fluoride (ដេថេរៀម ហ្វ័ររ៉ាយដ៍) ដែលជាប្រភពឡាស៊ែរដ៏សំខាន់, ឡាស៊ែរ MIRACL (មីរ៉ាខល) ដែលប្រើឡាស៊ែរគីមីកម្រិតមធ្យម, ឡាស៊ែរថាមពលទិកនិកកម្រិតខ្ពស់ (THEL), ឡាស៊ែរ SBL ដែលប្រើប្រាស់អ៊ីដ្រូសែនហ្វ្លយអូរី ជាប្រភពឡាស៊ែរ និង ឡាស៊ែរ ABL ដែលប្រើឡាស៊ែរអ៊ីយ៉ូតអុកស៊ីហ្សែនគីមី។
ប្រទេសចិន បាននិងកំពុងតែអភិវឌ្ឍអាវុធថាមពលឡាស៊ែរកម្រិងខ្ពស់ សម្រាប់កម្ទេច ឬ ធ្វើឲ្យគោលដៅមិនអាចដំណើរការបាន ដូចជា យន្តហោះគ្មានមនុស្សបើក កាំជ្រួច និង យន្តហោះ។ សព្វាវុធទាំងនេះ មានគុណសម្បត្តិ អាចបញ្ជូលទៅកាន់គោលដៅ នៅក្នុងល្បឿនពន្លឺ ដែលធ្វើឱ្យវាមានប្រសិទ្ធភាពខ្ពស់ ប្រឆាំងនឹងគោលដៅ មានចលនាលឿន។

បើតាមក្រុមអ្នកវិទ្យាសាស្រ្ដយោធាចិន បានឲ្យដឹង ថា ប្រសិនបើជាការចាំបាច់នោះ ចិនក៏មានផែនការប្រើប្រាស់អាវុធឡាស៊ែរ ប្រឆាំងនឹងផ្កាយរណបនានា ដូចជា Starlink នៃក្រុមហ៊ុន SpaceX របស់លោក អេឡុន ម៉ាស (Elon Musk) មហាសេដ្ឋីកំពូលរបស់ពិភពលោក ។ សព្វាវុធប្រភេទនេះ ក៏អាចរំខានដល់ទំនាក់ទំនង សមត្ថភាពរុករក និង ការឃ្លាំមើលរបស់សត្រូវ ហើយវាអាចប្រើប្រាស់ សម្រាប់ទទួលបាននូវអត្ថប្រយោជន៍ ជាយុទ្ធសាស្ត្រ នៅក្នុងជម្លោះ ដែលមានមូលដ្ឋានលើលំហអាកាសថែមទៀតផង៕ រក្សាសិទ្ធដោយ ៖ សារាយSN

