Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សឈ្នះឆ្នោតនៅថៃ នឹងមិនគាំទ្របេក្ខភាពនាយករដ្ឋមន្រ្ដី មកពីគណបក្សភឿថៃ

រាជធានីបាងកក៖ ប្រទេសថៃ នៅតែបន្ដជាប់គាំងខាងនយោបាយ ចាប់តាំងពីការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ ហើយឥឡូវ គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដែលមានអាសនៈសភាច្រើនជាងគេ បានប្រកាស អំពីការមិនបោះឆ្នោត គាំទ្រដល់គណបក្សភឿថៃ ក្រោយពេលគណបក្សមានអាសនៈសភាច្រើនលំដាប់ទី២នេះ ងាកទៅចងសម្ពន្ធភាពថ្មី ជាមួយនឹងបណ្ដាគណបក្សនានា គាំទ្រដោយយោធារាជានិយម។

សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ នៅថ្ងៃពុធ ទី១៦ ខែសីហា ថា គណបក្សឆ្ពោះទៅមុខ ដែលបានឈ្នះ នៅក្នុងការបោះឆ្នោតសកល នៅក្នុងប្រទេសថៃ កាលពីថ្ងៃអង្គារ បានបដិសេធគាំទ្រដល់គណបក្សភឿថៃ ដែលជាអតីតសម្ពន្ធភាពដៃគូ ព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ព្រោះវានឹងធ្វើឲ្យខូចខាតដល់ទ្រង់ទ្រាយលទ្ធផលបោះឆ្នោត ហើយវាប្រឆាំងនឹងឆន្ទៈរបស់សាធារណជន។

គណបក្សឆ្ពោះទៅមុខ បានក្លាយជាអ្នកឈ្នះដ៏គួរឲ្យភ្ញាក់ផ្អើល នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ខណៈគណបក្សភឿថៃ បានឈ្នះលំដាប់លេខ២។ គណបក្សប្រឆាំងទាំង២នេះ បានយកឈ្នះលើបណ្ដាគណបក្សអភិរក្សនិយម ហើយវាជាការបង្ហាញពីការបដិសេធ ប្រឆាំងនឹងរដ្ឋាភិបាល ដឹកនាំ ឬ គាំទ្រដោយពួកយោធា ដែលបានគ្រប់គ្រប់ប្រទេសថៃ អស់រយៈពេល៩ឆ្នាំកន្លងមក។

ក្រោយការឈ្នះ នៅក្នុងការបោះឆ្នោតសកលរួចមក គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ បានចងសម្ពន្ធភាពជាមួយនឹងគណបក្ស ចំនួន៦ផ្សេងទៀត ដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះថ្មី។ ប៉ុន្ដែសម្ពន្ធភាពរបស់គណបក្សប្រឆាំងទាំង២នេះ ត្រូវរលំរលាយទៅវិញ ក្រោយពេលសភាទាំង២របស់ប្រទេសថៃ ដែលយោធារាជានិយមគ្រប់គ្រងដ៏មានឥទ្ធិពលខ្លាំង មិនបានបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្រ្ដីរបស់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) មេដឹកនាំគណបក្សឆ្ពោះទៅមុខ ចំនួន២ដង កាលពីខែមុន។

ប្រទេសថៃ បានស្ថិតក្រោមរដ្ឋាភិបាលចាំផ្ទះ អស់រយៈពេល៥ខែកន្លងមកហើយ ខណៈគណបក្សឆ្ពោះទៅមុខ ប្រកាសពីការមិនគាំទ្រ លើបេក្ខភាពនាយករដ្ឋមន្រ្ដី មកពីគណបក្សភឿថៃ។ ដូច្នេះ ការជាប់គាំងខាងនយោបាយរបស់ប្រទេសថៃ អាចអូសបន្លាយ ពេលជាច្រើនខែ បន្ដទៅមុខទៀត។

លោក ឆៃថាវ៉ាត ធូឡាថុន (Chaithawat Tulathon) អគ្គលេខាធិការ គណបក្សឆ្ពោះទៅមុខ បានថ្លែង ទៅកាន់សន្និសីទសារព័ត៌មាន ថា «ការបង្កើតរដ្ឋាភិបាល នាពេលនេះ មិនមែនឆ្លុះបញ្ចាំងអំពីសំឡេងរបស់ប្រជាពលរដ្ឋនោះឡើយ… ហើយវាកំពុងតែបំភ្លៃឆន្ទៈរបស់ប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោត»។

គណបក្សភឿថៃ ជាអ្នកជើងចាស់ខាងនយោបាយ ត្រូវបានក្រុមអ្នករិះគន់ ចោទប្រកាន់អំពីការជំរុញចលនាឆ្ពោះទៅមុខ ដើម្បីធានា ថា គណបក្សនេះ នឹងដឹកនាំរដ្ឋាភិបាល។

គណបក្សភឿថៃ បានលើកឡើង ថា គណបក្សភឿថៃ បានដកនូវការគាំទ្ររបស់ខ្លួន ដោយសារតែយល់ឃើញ ថា គណបក្សឆ្ពោះទៅមុខ នឹងនៅតែមិនអាចទទួលបានការគាំទ្រពីសភាទាំង២ ដែលប្រឆាំងនឹងការធ្វើវិសោធនកម្មលើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានគេស្គាល់ ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×