Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បែងសង្គ្រាមរបស់ចិន កំពុងតែបំភិតបំភ័យតៃវ៉ាន់ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី

ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំង តែងតែបង្កើនសម្ពាធយ៉ាងខ្លាំង ប្រឆាំងនឹងរដ្ឋាភិបាលក្រុងតៃប៉ិ ហើយឥឡូវនេះ អនុប្រធានាធិបតីតៃវ៉ាន់ បានអះអាង ថា សកម្មភាពយោធាណាមួយរបស់ចិន អាចនឹងជ្រៀតជ្រែក ចូលដល់កិច្ចការបោះឆ្នោតរបស់ដែនកោះគ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៦ ខែសីហា ថា សកម្មភាពណាមួយរបស់យោធាចិន ឆ្លើយតបនឹងការឈប់សំចត នៅលើទឹកដីសហរដ្ឋអាមេរិក ដោយលោក វិល្លៀម ឡៃ (William Lai) អនុប្រធានាធិបតីតៃវ៉ាន់ នឹងអាចជាការប៉ុនប៉ងរបស់ក្រុងប៉េកាំង ជ្រៀតជ្រែក នៅក្នុងកិច្ចការបោះឆ្នោតរបស់តៃវ៉ាន់ នៅក្នុងខែមករា ឆ្នាំ២០២៤។

ក្រុមមន្រ្ដីតៃវ៉ាន់ បានបញ្ជាក់ ថា ចិនអាចចាប់ផ្តើមសមយុទ្ធយោធា នៅសប្តាហ៍នេះ ដោយប្រើប្រាស់ការឈប់សំចតរបស់លោកអនុប្រធានាធិបតី ឡៃ នៅសហរដ្ឋអាមេរិក ជាលេស សម្រាប់បំភិតបំភ័យ ដល់អ្នកបោះឆ្នោត នៅមុនការបោះឆ្នោត នាឆ្នាំក្រោយ ហើយធ្វើឱ្យប្រជាជនតៃវ៉ាន់ ភ័យខ្លាចនឹងសង្គ្រាមផ្ទុះឡើង។

លោកអនុប្រធានាធិបតីតៃវ៉ាន់ កាលពីមុន បានពណ៌នាខ្លួនឯង ថា ជាអ្នកអនុវត្ដ សម្រាប់ឯករាជភាពរបស់តៃវ៉ាន់ ហើយក៏ជាអ្នកនាំមុខគេ នៅក្នុងការឈរឈ្មោះ ជាប្រធានាធិបតី សម្រាប់ការបោះឆ្នោតរបស់តៃវ៉ាន់ នៅខែមករា ឆ្នាំ២០២៤។

លោក ឡៃ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ (ទី១៥ សីហា) ស្ថិតក្នុងប្រទេសប៉ារ៉ាហ្កាយ ថា ការឆ្លងកាត់ទឹកដីរបស់សហរដ្ឋអាមេរិក ក្លាយជាទម្លាប់របស់មេដឹកនាំតៃវ៉ាន់ ហើយប្រទេសចិន មិនមានហេតុផលណាមួយ នៅក្នុងការប្រើប្រាស់ដំណើរទស្សនកិច្ចរបស់គាត់ ក្លាយជាលេស សម្រាប់បំភិតបំភ័យ ដោយពាក្យសម្ដី និង យោធាតៃវ៉ាន់ នោះឡើយ។

លោកអនុប្រធានាធិបតីតៃវ៉ាន់ បានសង្កត់ធ្ងន់ ថា «ប្រសិនបើប្រទេសចិន ប្រើប្រាស់ការឆ្លងកាត់របស់គាត់ ក្លាយជាលេស សម្រាប់ការចាប់ផ្តើមបំភិតបំភ័យ ដោយពាក្យសម្ដី និង យោធា ឬ វិធីសាស្រ្តគំរាមកំហែងផ្សេងៗទៀតនោះ វាគ្រាន់តែបញ្ជាក់អំពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ថា ប្រទេសចិន កំពុងតែព្យាយាមធ្វើអន្តរាគមន៍ នៅក្នុងការបោះឆ្នោតរបស់តៃវ៉ាន់ ជាមួយនឹងការគំរាមកំហែងខាងយោធា»។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា តៃវ៉ាន់ នៅមិនទាន់ឃើញមានការធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ចិនណាមួយ នៅជិតដែនកោះរបស់ខ្លួននោះឡើយ។

កាលពីខែមេសា ចិន បានរៀបចំល្បែងសង្គ្រាម នៅជុំវិញកោះតៃវ៉ាន់ ក្រោយពេលលោកស្រីប្រធានាធិបតី សៃ អ៊ីង-វ៉ិន (Tsai Ing-wen) ត្រឡប់មកពីរដ្ឋកាលីហ្វ័រញ៉ា ជាកន្លែងដែលលោកស្រី បានជួបជាមួយនឹងប្រធានសភាអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy) ខណៈធ្វើដំណើរត្រឡប់ មកពីអាមេរិកកណ្តាលវិញ។

ជាមួយគ្នានដែរ ចិន បានថ្កោលទោសដល់លោក ឡៃ អនុប្រធានាធិបតីតៃវ៉ាន់ ចំពោះការឈប់សំចតរបស់គាត់ នៅក្នុងក្រុងញូវយ៉ក និង ការឈប់នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) នៅថ្ងៃពុធ នៅក្នុងដំណើររបស់គាត់ វិលត្រឡប់ មកកាន់ទីក្រុងតៃប៉ិ វិញ។ រដ្ឋាភិបាលក្រុងប៉េកាំងបានចោទប្រកាន់លោក ឡៃ ជាមេដឹកនាំបំបែករដ្ឋ។

ប្រទេសចិន តែងតែចាត់ទុកកោះតៃវ៉ាន់ ជាបញ្ហានយោបាយ និង ការទូតដ៏រសើបបំផុត ហើយវាជារឿងដ៏សំខាន់បំផុតរបស់ក្រុងប៉េកាំង ហើយក៏ជាប្រភពជម្លោះមិនចេះចប់ រវាងចិន និង សហរដ្ឋអាមេរិក។

លោក លី សាងហ៊្វូ (Li Shangfu) រដ្ឋមន្ត្រីការពារជាតិចិន បានថ្លែងនៅក្នុងសន្និសីទ នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ថា«ការលេងជាមួយភ្លើង ជុំវិញបញ្ហាតៃវ៉ាន់ និង ការព្យាយាមដោយឥតប្រយោជន៍ សម្រាប់គ្រប់គ្រងប្រទេសចិន ជាមួយនឹងតៃវ៉ាន់ ត្រូវបញ្ចប់ដោយបរាជ័យ។

លោកអនុប្រធានាធិបតីតៃវ៉ាន់ បានធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្កាយ ដើម្បីចូលពិធីកាន់តំណែងរបស់ប្រធានាធិបតីថ្មី នៃប្រទេសអាមេរិកខាងត្បូងមួយនេះ។ ប៉ារ៉ាហ្គាយ នៅតែជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេសចំនួន១៣ នៅតែបន្ដថែរក្សាទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់៕ រក្សាសិទ្ធដោយ ៖ សារាយSN

×