Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៉ី វាយប្រហារឃ្លាំងស្តុកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនជាថ្មីទៀត និងតំបន់កំពង់ផែសមុទ្រខ្មៅតាមច្រករបៀងថ្មី

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីក្នុងតំបន់នៃប្រទេសអ៊ុយក្រែនបាននិយាយថា ទាហានរុស្ស៊ី បានបន្តវាយប្រហារកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិ នៅក្នុងតំបន់ អូដេសា (Odessa) ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ជាបន្តទៀត ដោយប្រើប្រាស់យន្តហោះដ្រូន គឺវាយឆ្មក់ពេញមួយយប់លើកន្លែងស្តុកគ្រាប់ធញ្ញជាតិ និងកំពង់ផែតាមដងទន្លេ ដានូប (Danube) ដែលទីក្រុងកៀវកំពុងប្រើប្រាស់វាកាន់តែខ្លាំងឡើង សម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅកាន់អឺរ៉ុប។

ការវាយប្រហារខ្លាំងក្លាពេញមួយយប់នេះ ធ្វើឡើងបន្ទាប់ពីទីក្រុងម៉ូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនៃការនាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ។

អភិបាលក្រុង អូដេសា (Odessa) លោក អូឡេ គីភើ (Oles Kiper) បាននិយាយថា គោលដៅចម្បងនៃការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ីនេះ គឺកំពង់ផែ និងឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ រួមទាំងកំពង់ផែនៅទន្លេ ដានូប (Danube) ផងដែរ។ កងការពារអាកាសអ៊ុយក្រែន អាចស្ទាក់ចាប់យន្តហោះដ្រូនទាំងនោះចំនួន ១៣ គ្រឿង។

នេះជាការវាយប្រហារថ្មីទៀត ចំពេលមានការវាយប្រហារតាមអាកាសជាច្រើនសប្តាហ៍ ដោយបានកំណត់គោលដៅលើកំពង់ផែនៅតំបន់ដីសណ្ដ ដានូប (Danube) ដែលមានចម្ងាយត្រឹមតែ ១៥គីឡូម៉ែត្រពីព្រំដែនប្រទេសរ៉ូម៉ានីប៉ុណ្ណោះ។ ទន្លេ ដានូប (Danube) គឺជាទន្លេដែលវែងជាងគេទីពីរនៅអឺរ៉ុប និងជាផ្លូវដឹកជញ្ជូនដ៏សំខាន់ ដែលអ៊ុយក្រែនរំពឹងថានឹងអាចដឹកគ្រាប់ធញ្ញជាតិចេញទៅកាន់អឺរ៉ូបបាន។

សូមរំលឹកឡើងវិញថា ករណីដឹកជញ្ជូនធញ្ញជាតិតាមច្រករបៀងសមុទ្រខ្មៅនេះ វិមានក្រឹមឡាំងបានលុបចោលកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី កាលពីរដូវក្តៅមុននេះ, ឯទីក្រុងកៀវបានព្យាយាមប្តូរទិសនៃការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់ខ្លួន ដោយឆ្លងកាត់តាមទន្លេ Danube វិញ និងផ្លូវថ្នល់ ផ្លូវដែក ទៅកាន់អឺរ៉ុប, ប៉ុន្តែតម្លៃនៃការដឹកជញ្ជូនតាមរបៀបនេះគឺខ្ពស់ជាងច្រើន ខណៈដែលកំពង់ផែ ដានូប (Danube) មិនអាចផ្គត់ផ្គង់បរិមាណដូចគ្នានឹងកំពង់ផែសមុទ្រខ្មៅបាន។

កាលពីថ្ងៃពុធម្សិលមិញនេះដែរ អ៊ុយក្រែនបានទៀតនិយាយថា កប៉ាល់ដឹកទំនិញដំបូងគេដែលត្រូវប្រើប្រាស់ច្រករបៀងថ្មី បានចាកចេញពីកំពង់ផែនៅភាគខាងត្បូងប្រទេសរបស់ខ្លួនហើយ បើទោះបីជារុស្ស៉ីបានគំរាមថា កងទ័ពជើងទឹករបស់ខ្លួនអាចនឹងកំណត់គោលដៅវាយប្រហារលើកប៉ាល់ទាំងឡាយ ដែលចាកចេញពីអ៊ុយក្រែន ដោយចាត់ទុកថា នេះជាគោលដៅយោធារបស់អ៊ុយក្រែន។

រុស្ស៊ី ធ្លាប់បាននិយាយហើយថា ដរាបណាគ្មានការដោះស្រាយបញ្ហាទណ្ឌកម្មដែលសហរដ្ឋអាមេរិក និងលោកខាងលិច ដាក់មកលើខ្លួននោះ តើឱ្យខ្លួនអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញអ៊ុយក្រែន ឬប្រទេសផ្សេង ឆ្លងកាត់ច្រករបៀងសមុទ្រខ្មៅម្ដេចនឹងកើតទៅ ?! ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា កាលពីសប្តាហ៍មុននេះថា នាវាចម្បាំងរុស្ស៊ី១គ្រឿង បានបាញ់ព្រមានដោយអាវុធស្វ័យប្រវត្តិ ទៅកាន់កប៉ាល់ដឹកទំនិញស្ងួតមួយដែលមានទង់ជាតិប្រទេសប៉ាឡូ ខណៈដែលវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែន នៅភាគនិរតីនៃសមុទ្រខ្មៅ។

ត្រង់ចំណុចនេះ គឺរុស្ស៊ីច្បាស់ណាស់ថា ចង់ឱ្យសហរដ្ឋអាមេរិក និងលោកខាងលិចចូលរួមបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចសម្រាប់ខ្លួនផងដែរ ព្រោះថា ពិភពលោកចង់រស់មានអាហារហូបគ្រប់គ្រាន់ ខ្លួនក៏ចង់រស់មានអាគុកគ្រប់គ្រាន់ដូចគ្នាដែរ, ប៉ុន្តែជាច្រើនខែមកហើយគ្មានការគិតគូរអំពីការបន្ធូរបន្ថយទណ្ឌកម្មមកលើរុស្ស៊ីសោះ ទើបរុស្ស៊ី ព្រមានរួចហើយថា ខ្លួននឹងចាត់ទុកកប៉ាល់ទាំងអស់ដែលធ្វើដំណើរទៅកាន់ដែនទឹកអ៊ុយក្រែន ថាទំនងមានផ្ទុកអាវុធដែលជាគោលដៅត្រូវវាយប្រហារ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×