រដ្ឋធានីកៀវ៖ ក្រោយពេលរដ្ឋាភិបាលក្រុងកៀវ បានចាប់ផ្ដើម បើកយុទ្ធនាការវាយបក ដើម្បីរំដោះទឹកដីរបស់ខ្លួន ចាប់តាំងពីដើមខែមិថុនា រហូតមក ឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែវាយទម្លុះខ្សែត្រៀមដ៏រឹងមាំរបស់កម្លាំងទាហានរុស្ស៊ី នៅភាគខាងកើត និង ភាគខាងត្បូងប្រទេស។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងថ្មី ដើម្បីចូលទៅកាន់ច្រាំងខាងឆ្វេង នៃទន្លេនីប្រូ (Dnipro) នៅក្នុងសង្គ្រាម អស់រយៈពេល៧៧សប្ដាហ៍កន្លងមកនេះ ក្រោយការបំផ្លិចបំផ្លាញទំនប់ទឹកកាខូវកា (Kakhovka) កាលពីខែមិថុនា ហើយវាបានធ្វើឱ្យសកម្មភាពវាយលុក មិនអាចទៅរួច។

កងកម្លាំងប្រដាប់អ៊ុយក្រែន បានបន្តបង្កើនការវាយលុក រំដោះទឹកដីរបស់ខ្លួន ក្រោយការបើកការយុទ្ធនាការវាយបករបស់ក្រុងកៀវ។ ប៉ុន្ដែបើតាមសេចក្ដីរាយការណ៍ បានអះអាង ថា យ៉ាងហោចណាស់ អ៊ុយក្រែន បានកាន់កាប់មួយផ្នែកមួយចំនួន នៃទីក្រុងយូរ៉ហ្សេន (Urozhaine) នៅតាមព្រំដែន រវាងហ្សាប៉ូរីសហ្សា-ដូណែតស្ក៍ (Zaporizhia-Donetsk) ហើយបានឈានទៅកាន់កាប់រ៉ូប៉ូទីន (Robotyne) ស្ថិតនៅភាគខាងលិច តំបន់ Zaporizhia ។

នៅក្នុងពេលជាមួយគ្នានេះដែរ អ៊ុយក្រែន បានទប់ទល់ប្រឆាំងនឹងការវាយលុកទ្រង់ទ្រាយធំរបស់រុស្សី ដែលកំពុងបន្តវាយលុក ប្រឆាំងនឹងទីក្រុងកូព្យានស្ក៍ (Kupiansk) នាភាគខាងកើត តាមអ្វីដែលគេមើលឃើញ ថា សកម្មភាពនេះ ជាការប៉ុនប៉ងជាក់ស្តែង ដើម្បីធ្វើឱ្យកម្លាំងទ័ពរបស់អ៊ុយក្រែន ចុះខ្សោយ ចំពោះការវាយរុលទៅមុខ នៅកន្លែងផ្សេងៗទៀត។ ស្របគ្នានេះដែរ អ៊ុយក្រែន ក៏បានបន្តកំណត់ទិសដៅ ចូលជ្រៅទៅក្នុងតំបន់ខាងក្រោយរបស់រុស្ស៊ី ផងដែរ៕

















