Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ជំរុញឲ្យពលរដ្ឋមានអាយុចូលធ្វើទ័ព ចុះឈ្មោះចូលរួមប្រយុទ្ធ

រដ្ឋធានីកៀវ៖ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ បានធ្វើឲ្យជនស៊ីវិល និង កម្លាំងទាហានទាំងសងខាង ស្លាប់ និង រងរបួស រាប់សែននាក់ ហើយទាំងរដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងកៀវ សុទ្ធតែជំរុញ និង លើកទឹកចិត្ត ដល់ប្រជាជនរបស់ខ្លួន ឲ្យចុះឈ្មោះ ចូលបម្រើកងទ័ព។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃសុក្រ ទី១៨ ខែសីហា ថា ក្រសួងការពារជាតិអ៊ុយក្រែន កំពុងតែជំរុញដល់ប្រជាជនរបស់ខ្លួន ដែលមានអាយុចូលបម្រើ នៅក្នុងជួរកងទ័ព ត្រូវតែធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ពួកគេ នៅឯការិយាល័យចុះឈ្មោះកងទ័ព ហើយជម្នះលើការភ័យខ្លាចរបស់ពួកគេ ខណៈយុទ្ធនាការវាយបករបស់អ៊ុយក្រែន បានឈានដល់ខែទី៣។

លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា យុទ្ធនាការចុះឈ្មោះប្រជាពលរដ្ឋ ចូលបម្រើកងទ័ពនេះ បានចាប់ផ្ដើម កាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញ នៅលើវីដេអូ ដែលបានផលិត និង រូបថតបង្ហាញជាសក្ខីកម្ម សម្រាប់ទាហានលេចធ្លោ ដោយបានពិពណ៌នា អំពីការភ័យខ្លាចរបស់ពួកគេ មានបំណងបំបែកឧបសគ្គដ៏ធំមួយ នៅក្នុងការជ្រើសរើសកងទ័ព។

លោកស្រី អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានសង្កត់ធ្ងន់ ថា «យើងទាំងអស់គ្នា កំពុងតែនៅមានជីវិត ហើយយើងទាំងអស់គ្នា ត្រូវតែយកឈ្នះ លើការភ័យខ្លាចទាំងនេះ ដើម្បីឈ្នះ។ ពលរដ្ឋដែលមានអាយុចូលបម្រើកងទ័ព មានកាតព្វកិច្ចរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងការិយាល័យជ្រើសរើសកងទ័ព។

យុទ្ធនាការនេះ បានកើតឡើង ស្របពេលអ៊ុយក្រែន ទំនងជាប្រឈមមុខនឹងបញ្ហាប្រឈមដ៏លំបាកកាន់តែខ្លាំង នៅក្នុងការជ្រើសរើសទ័ព ខណៈកំពុងតែធ្វើសង្រ្គាមជាមួយរុស្ស៊ី ហើយឥឡូវ សង្គ្រាមកំពុងតែស្ថិតក្នុងដំណាក់កាលដ៏ឃោរឃៅ ចាប់តាំងពីលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានបញ្ជាឲ្យកងទ័ពរបស់គាត់ បើកទ្វារព្រំដែន វាយលុកលុយ ចូលទៅក្នុងប្រទេសជិតខាងរបស់ខ្លួនរួចមក។

លោកស្រី អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានថ្លែងដោយការប្រយ័ត្នប្រយែង ខណៈលោកស្រី បានគូសបញ្ជាក់ អំពីយុទ្ធការជ្រើសរើសកងទ័ព ថា ប្រជាពលរដ្ឋអ៊ុយក្រែន ទាំងអស់ ដែលមិនបានធ្វើបច្ចុប្បន្នភាពផ្ទាល់ខ្លួន នឹងអាចបញ្ចូលទៅក្នុងជួរកងទ័ព ដោយស្វ័យប្រវត្ដិ ហើយមិនថា ពួកគាត់ទាំងនោះ ត្រូវចល័ត នឹងជាប់ នៅក្នុងតំបន់ប្រយុទ្ធនោះឡើយ។

ស្របគ្នានេះដែរ លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ធ្លាប់ចេញក្រឹត្យ ជំរុញឲ្យកេណ្ឌទ័ព នាំទៅសមរភូមិ ក្រោយពេលរដ្ឋាភិបាលក្រុងមូស្គូ បានលើកទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន មិនបានប៉ុន្មានខែផង។ ការចេញក្រឹត្យរបស់មេដឹកនាំវិមានក្រឹមឡាំង បានធ្វើឲ្យយុវជនរុស្ស៊ី មានការភ័យខ្លាច រត់ចេញពីប្រទេសរបស់ខ្លួន គេចេញពីការកេណ្ឌទ័ពទៅច្បាំងនេះ។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ថា រុស្ស៊ី បានបាត់បង់កម្លាំងទាហាន នៅលើសមរភូមិរបស់អ៊ុយក្រែន ចំនួន ២៥៦ ០៥០នាក់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

បើទោះជាយ៉ាងណា គេមិនមានប្រភពឯករាជ្យណាមួយ បញ្ជាក់នោះដែរ ហើយការអះអាងទាំងនេះ គ្រាន់តែជាការចេញផ្សាយ ដោយភាគីអ៊ុយក្រែន តែប៉ុណ្ណោះ។ ជាការពិតណាស់ ទាំងភាគីរុស្ស៊ី និង អ៊ុយក្រែន កម្របញ្ជាក់ អំពីចំនួនទាហានរបស់ខ្លួន ស្លាប់ ឬ រងរបួស នៅលើសមរភូមិ ខ្លាំងណាស់៕ រក្សាសិទ្ធដោយ ៖ សារាយSN

×