អង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារបស់រុស្ស៉ី លើទីក្រុង ឆែរនីហ៉ីវ (Chernihiv) ស្ថិតនៅភាគឦសាននៃប្រទេស អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា បានផ្ដាច់ជីវិតមនុស្សដែលគេរកឃើញដំបូង ៧នាក់ និងច្រើនជាង១០០នាក់រងរបួស ហើយគេបានសន្និដ្ឋានថា អ្នករបួសធ្ងន់ធ្ងរ នឹងអាចមានការស្លាប់កើនឡើងជាបន្តបន្ទាប់ទៀត។

បើតាមការផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងទីក្រុង ឆែរនីហ៉ីវ (Chernihiv) របស់អ៊ុយក្រែន ធ្វើឡើងចំពេលនៃពិធីបុណ្យមួយរបស់អ្នកកាន់សាសនាគ្រីស្តនិកាយអូតូដុក ដោយប្រជាជនអ៊ុយក្រែន មួយចំនួននាំគ្នាទៅព្រះវិហារក្នុងទីក្រុងនេះ នៅពេលព្រឹក ដើម្បីអធិដ្ឋាន។
លោកស្រី ដេនីស ប្រោន (Denise Brown) ជាអ្នកសម្របសម្រួល UN សម្រាប់អ៊ុយក្រែន បានចាត់ទុក ការវាយប្រហាររបស់រុស្ស៉ីជាការវាយប្រហារដ៏ឃោរឃៅមួយ, នេះជាការវាយប្រហារដ៏ឃោរឃៅលើទីកន្លែងដ៏សំខាន់នៃទីក្រុងដ៏ធំមួយ នៅពេលព្រឹក ខណៈមនុស្សម្នាកំពុងដើរ និងអ្នកខ្លះទៀតធ្វើដំណើរទៅកាន់ព្រះវិហារដើម្បីប្រារព្ធពិធីសាសនា, ខ្ញុំថ្កោលទោសការវាយប្រហារម្ដងហើយម្ដងទៀត របស់ រុស្ស៉ីលើតំបន់ទីប្រជុំជនក្នុងប្រទេសអ៊ុយក្រែន។ ការវាយប្រហារដោយផ្ទាល់លើជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានហាមឃាត់ជាដាច់ខាត នៅក្រោម ច្បាប់មនុស្សធម៌អន្តរជាតិ។

គួរបញ្ជាក់ថា ការវាយប្រហារបស់រុស្ស៉ីលើទីក្រុង ឆែរនីហ៉ីវ (Chernihiv) ស្ថិតនៅភាគឦសាននៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ បានផ្ដាច់ជីវិតមនុស្ស៧នាក់ និង ១២៩នាក់ទៀតបានរងរបួស ក្នុងនោះរួមមានទាំងកុមារ១៥នាក់ និងមន្ត្រីប៉ូលិស១៥នាក់ផងដែរ។
ចំណែកក្រសួងមហាផ្ទៃអ៊ុយក្រែន បានឲ្យដឹងថា ពិតជាមានការវាយប្រហារដោយមីស៉ីលរុស្ស៉ីចំកណ្តាលទីក្រុងប្រវត្តិសាស្រ្តរបស់អ៊ុយក្រែន ឆែរនីហ៊ីវ (Chernihiv) កាលពីថ្ងៃសៅរ៍សប្តាហ៍មុនពិតប្រាកដមែន ធ្វើឱ្យមនុស្សស្លាប់និងរងរបួសច្រើននាក់ដូចរបាយការណ៍ខាងលើដូច្នោះដែរ។ ដំបូលសាលមហោស្រពមួយកន្លែងត្រូវបានបំផ្លាញ ខណៈទីតាំងចតរថយន្តរងការខូចខាតយ៉ាងដំណំ។

កងទ័ពអាកាសអ៊ុយក្រែន ក៏បានឲ្យដឹងនៅថ្ងៃសៅរ៍សប្តាហ៍មុននេះដែរថា យោធាអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះដ្រូន ១៥គ្រឿងក្នុងចំណោម ១៧គ្រឿងដែលផលិតដោយអ៉ីរ៉ង់ ហើយយកមកប្រើក្នុងការវាយប្រហារដោយរុស្ស៊ី។
បើតាមកំណត់ត្រារបស់ក្រសួងការពារជាតិអ៊ុយក្រែន បានឱ្យដឹងថា រុស្ស៉ី បានបើកការវាយប្រហារដោយមីស៉ីល និងយន្តហោះដ្រូនទៅលើទីក្រុងនានារបស់អ៊ុយក្រែន ដែលនៅឆ្ងាយពីសមរភូមិជួរមុខ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ ហើយបានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិលរងការខូចខាតជាច្រើន ចំណែកប្រជាជន បានស្លាប់ និងរបួស ជាច្រើនរយនាក់៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN















