រដ្ឋធានីវ៉ាស៊ីនតោន៖ មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង បានចូលរួមកិច្ចប្រជុំកំពូលត្រីភាគី ដោយសន្យា ដើម្បីធ្វើឲ្យភាពជាដៃគូ កាន់តែស៊ីជម្រៅ ហើយក៏បានថ្កោលទោសដល់សកម្មភាពនានារបស់ចិន និង កូរ៉េខាងជើង។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២០ ខែសីហា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ហើយនាយករដ្ឋមន្រ្ដីជប៉ុន បានសាទរ ចំពោះយុគសម័យថ្មី នៃភាពជាដៃគូត្រីភាគី ដោយបានប្រកាស អំពីវិធានការជាបន្តបន្ទាប់ នៅក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងកិច្ចប្រជុំកំពូល ជាប្រវត្តិសាស្ត្រ នៅជិតរដ្ឋធានីក្រុងវ៉ាស៊ីនតោន។

ព្រឹត្ដិការណ៍ នៅឯ Camp David របស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសុក្រ បានកត់សម្គាល់ជាកិច្ចប្រជុំផ្លូវការលើកដំបូង រវាងលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក និង សមាភាគីកូរ៉េខាងត្បូង លោក យូន ស៊ូក-យូល (Yoon Suk-yeol) ហើយនាយករដ្ឋមន្រ្ដីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida)។
កិច្ចប្រជុំកំពូលរបស់មេដឹកនាំសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តដ៏ជិតស្និទ្ធ នៅតំបន់អាស៊ីបូព៌ានេះ បានកើតឡើង ចំពេលទំនាក់ទំនង រវាងកូរ៉េខាងត្បូង និង ជប៉ុន កាន់តែយ៉ាប់យ៉ឺន ហើយខណៈប្រទេសទាំង៣ មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ពាក់ព័ន្ធនឹងរដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែទាមទារយ៉ាងខ្លាំង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជា ការបាញ់សាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង កាលពីពេលថ្មីៗកន្លងទៅនេះ។

មេដឹកនាំទាំង៣នេះ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយបានថ្កោលទោស ចំពោះ«អាកប្បកិរិយាដ៏គ្រោះថ្នាក់ និង គឃ្លើន»របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង និង កម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ថា «យើងមានសេចក្តីតាំងចិត្តនៅក្នុងការប្តេជ្ញាចិត្តរបស់យើង ដើម្បីរក្សាសន្តិសុខ នៅក្នុងតំបន់ ហើយពង្រឹងនូវការចូលរួមរបស់ឥណ្ឌូប៉ាស៊ីហ្វិក និង លើកកម្ពស់វិបុលភាពរួម»។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ រួមជាមួយនឹងលោកនាយករដ្ឋមន្រ្ដី គីស៊ីដា និង លោកប្រធានាធិបតី យូន កាលពីរសៀល ថ្ងៃសុក្រ នោះ លោក បៃ ដិន បានសាទរ ចំពោះការងារដែលមេដឹកនាំជប៉ុន និង កូរ៉េខាងត្បូង បានធ្វើ សម្រាប់«ដោះស្រាយបញ្ហាលំបាក» រវាងប្រទេសរបស់ពួកគេ និង ជាមួយសហរដ្ឋអាមេរិក។
មេដឹកនាំទាំង៣នេះ ក៏បានប្រកាសអំពីគំនិតផ្តួចផ្តើម ដែលសហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង បានអះអាង ថា នឹងធ្វើឱ្យទំនាក់ទំនងរបស់ពួកគេឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត រួមទាំងសមយុទ្ធយោធាប្រចាំឆ្នាំ ហើយជំរុញយន្តការទំនាក់ទំនង រវាងប្រទេសទាំងបី និង ការបង្កើតប្រព័ន្ធព្រមានជាមុន អំពីខ្សែចង្វាក់ផ្គត់ផ្គង់។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងតែស្វែងរកផលប្រយោជន៍ រវាងកូរ៉េខាងត្បូង និង ជប៉ុន ដែលមានទំនាក់ទំនងដ៏អាក្រក់ ចាប់តាំងពីការកាន់កាប់របស់ជប៉ុន នៅលើឧបទ្វីបកូរ៉េ ចន្លោះពីឆ្នាំ១៩១០ដល់១៩៤៥។ ភាពជាសត្រូវនឹងគ្នា រវាងជប៉ុន និង កូរ៉េខាងត្បូង បានកើតឡើង អស់រយៈជាយូរមកហើយ ហើយវាក្លាយឧបសគ្គ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោ នៅនក្នុងការពង្រឹងនូវការគាំទ្រ នៅក្នុងចំណោមសម្ពន្ធមិត្តសន្តិសុខ និង សេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិន។
ជាមួយនឹងការព្រួយបារម្ភ អំពីឥទ្ធិពលអស្ថិរភាព នៃការឈ្លានពានរបស់ចិន ទៅលើកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យ ស្របពេលក្រុងប៉េកាំង តែងតែអះអាង ថា ដែនកោះមួយនេះ ជាទឹកដីរបស់ចិន ក៏ដូចជា ការបង្កើននូវការបាញ់សាកល្បងកាំជ្រួច ពីកូរ៉េខាងជើង បានបង្កើនតម្រូវការ សម្រាប់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង៣នេះ៕ រក្សាសិទ្ធដោយ៖សារាយSN




















