ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pahala Nugraha Mansury អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ ភាគីទាំងពីរ បានឯកភាពក្នុងការទិញ-លក់អង្ករ ដែលបានធ្វើឡើង ដោយមានការចូលរួមពីគណៈប្រតិភូមកពីស្ថាប័នពាក់ព័ន្ធ។
យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្ពុជា និងឥណ្ឌូនេស៊ី បានឯកភាពគ្នាដូចតទៅ ៖ ទី១ ភាគីឥណ្ឌូនេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥,០០០តោន ក្នុងនោះអង្ករ-ស បរិមាណ ១០០,០០០តោន ដោយប្រើប្រាស់យន្តការក្រុមហ៊ុន Bulog និងក្រុមហ៊ុនហ្រ្គីនត្រេដ និងបរិមាណ ២៥,០០០តោន ទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាCRF។ ចំពោះតម្លៃ និងលក្ខខណ្ឌផ្សេងទៀតភាគីទាំងពីរ និងបន្តពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។
ចំណុចទី២គឺ ភាគីទាំងពីរបានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សរណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥០,០០០តោនក្នុងរយៈពេលមួយឆ្នាំសម្រាប់សុពលភាព ៤ឆ្នាំ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តឲ្យអ្នកវិនិយោគិនឥណ្ឌូនេស៊ី ក្នុងការវិនិយោគលើស្រូវអង្ករដោយយោងតាមស្តង់ដារនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
កិច្ចព្រមព្រៀងទិញអង្កររបស់កម្ពុជា ពីប្រទេសឥណ្ឌូណេស៊ី កើតឡើងប៉ុន្មានថ្ងៃក្រោយកិច្ចសន្ទនាតាមទូរស័ព្ទរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដោយបញ្ជាក់ពីចេតនារបស់ឥណ្ឌូនេស៊ី ក្នុងការនាំចូលអង្ករពីប្រទេសកម្ពុជា៕