នាវាចម្បាំងដ៏ធំ១គ្រឿងរបស់អូស្ត្រាលី ឈ្មោះ ម៉ាស្ស ខេនបឺរ៉ា (HMAS Canberra) គឺជានាវាដ៏ធំបំផុតមួយ ក្នុងចំណោមនាវាជាច្រើន ដែលចូលរួមធ្វើលំហាត់សមយុទ្ធឈ្មោះ អាឡូន (Alon) នៅក្នុងប្រទេសហ្វីលីពីន ដែលត្រូវបានធ្វើឡើងជាលើកដំបូង និងជាផ្នែកមួយនៃសកម្មភាពឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលី ក្នុងអត្ថន័យរួមគ្នាការពារជាតិ។

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នាវាចម្បាំងដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី បានចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយហ្វីលីពីន និងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ នេះនៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះរ៉ាំរ៉ៃ ខណៈដែលពួកគេស្វែងរកការបង្កើនទំនាក់ទំនងការពារជាតិ ចំពោះមុខវត្តមានយោធាដែលកំពុងកើនឡើងរបស់ចិន។
សមយុទ្ធការពារទឹកដីនៅតំបន់សមុទ្រចិនខាងត្បូងនេះ បើតាមរបាយការណ៍បង្ហាញថា ទាហានជាង ២,០០០ នាក់ មកពី អូស្ត្រាលី និងហ្វីលីពីន កំពុងចូលរួមក្នុងសមយុទ្ធផ្លូវអាកាស និងផ្លូវគោក ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣នេះ, ហើយក៏មានទាហានម៉ារីនអាមេរិកប្រហែល ១៥០ នាក់ក៏កំពុងចូលរួមផងដែរ។

ការធ្វើសមយុទ្ធវាយប្រហារតាមអាកាសនៅថ្ងៃចន្ទម្សិលមិញនេះ គឺធ្វើឡើងនៅភាគខាងត្បូងនៃកោះ ប៉ាឡាវ៉ាន់ (Palawan) របស់ហ្វីលីពីន ដែលមានចម្ងាយប្រហែល ២០០គីឡូម៉ែត្រពីប្រជុំកោះ ស្ព្រាតលី (Spratly) ដែលជាកន្លែងមានភាពតានតឹងជាយូរអង្វែងមកហើយរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ពុំទាន់ត្រូវបានដោះស្រាយចប់សព្វគ្រប់អំពីថា តើទឹកដីហ្វីលីពីននៅត្រង់ចំណុចណា និងទឹកដីរបស់ចិននៅត្រង់ចំណុចណា?!
គួរបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ សហរដ្ឋអាមេរិក ជប៉ុន និង អូស្ត្រាលី ក៏គ្រោងនឹងធ្វើសមយុទ្ធជើងទឹករួមគ្នា នៅក្រៅប្រទេសហ្វីលីពីន ក្នុងសប្តាហ៍ នេះផងដែរ។ ទោះបីជាប្រឈមនឹងស្ថានភាពតានតឹងផ្នែកយោធា ប្រទេសចិនដាក់ពង្រាយឆ្មាំឆ្នេរសមុទ្ររាប់រយនាក់ ក៏ដូចជាកងទ័ពជើងទឹក និងនាវាផ្សេងទៀត ដើម្បីល្បាតនៅតំបន់ថ្មប៉ប្រះទឹកក្នុងដែនជម្លោះ ដែលខ្លួនអះអាងថា ជាទឹកដីរបស់ខ្លួននោះឡើយ។

ករណីនេះ បើតាមក្រសួង ការបរទេស ហ្វីលីពីន កន្លងមក តែងតែសម្តែងក្តីព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពពង្រីកទឹកដី របស់ ចិន និងការធ្វើ សកម្មភាព ដែលហ្វីលីពីនចោទថា រំលោភចូលដែន កោះរបស់ខ្លួន។ សេចក្តីព្រួយបារម្ភរបស់រដ្ឋបាល ទីក្រុងម៉ានីល គឺបន្ទាប់ពីសារព័ត៌មានអាមេរិក រាយការណ៍ ដោយបង្ហាញរូបភាព ពីផ្កាយរណប និងស្រង់យកប្រភពព័ត៌មាន ពីរដ្ឋាភិបាលអាមេរិក ទៅបញ្ជាក់ថា ចិនកំពុងសាងសង់កោះ សិប្បនិម្មិតថ្មីៗថែមទៀត នៅក្បែរតំបន់ជម្លោះ ដ៏ប្រទាញប្រទង់គ្នា ជាមួយនឹងហ្វីលីពីន។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រីម៉ៅ នីង បានឆ្លើយតបទៅវិញថា ការចោទប្រកាន់មកលើចិន គឺគ្មានមូលដ្ឋានទាល់តែសោះ, វឌ្ឍនភាព ការទូតហ្វីលីពីន និងចិនកំពុងដើរលើផ្លូវល្អ ហើយភាគីទាំងពីរបន្តដោះស្រាយបញ្ហាដែនសមុទ្រ តាមលក្ខណៈសមរម្យចេញពីការពិភាក្សាគ្នា ដោយ មេត្រីភាព។
ចំណែក រដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីន បានប្រកាសថ្លែងពីក្តីព្រួយបារម្ភ ផងដែរ ក្រោយពេលដែលមានសញ្ញាណពីសកម្មភាពនាវាចរ របស់ ចិនជាច្រើន ខុសពីធម្មតាដាក់ពង្រាយនៅទីតាំងប្រទាញប្រទង់។ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ធ្លាប់បានប្តេជ្ញាចិត្តដោយយកគោលការណ៍ណែនាំ របស់ប្រធានាធិបតីខ្លួនថា «នឹង មិនព្រមឱ្យទឹកដីរបស់ខ្លួនបាត់បង់ សូម្បីតែមួយថ្នាំងដៃ»។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលអាមេរិក អំពាវនាវឲ្យចិនគោរពច្បាប់បទដ្ឋានអន្តរជាតិ។
ចំណែក ឯកអគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីម៉ានីល ប្រតិកម្មតបវិញ ដោយអង្អុលមុខរដ្ឋធានីវ៉ាស៊ីនតោនថាកំពុងតែ « សាបព្រោះភាពចលាចល» ធ្វើឱ្យហ្វីលីពីន និងចិនមិនមានស្ថានភាពល្អនឹងគ្នា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN
























