Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហូល្លង់ដ៍និងដាណាម៉ាក នាំមុខគេផ្ទេរយន្ដហោះចម្បាំងដ៏ទំនើបរបស់អាមេរិក ទៅអ៊ុយក្រែន

រដ្ឋធានីកៀវ៖ ចាប់តាំងពីសង្គ្រាមរបស់ក្រុងមូស្គូ បានផ្ទះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក បណ្ដាប្រទេសបស្ចិមលោក និង សម្ពន្ធមិត្ត តែងតែខ្នះខ្នែងយ៉ាងខ្លាំង ផ្គត់ផ្គង់គ្រឿងសព្វាវុធទំនើបៗ ជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ដើម្បីយកទៅធ្វើសង្គ្រាម ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ហើយឥឡូវនេះ ប្រទេសហូល្លង់ដ៍ និង ដាណាម៉ាក កំពុងតែឈានមុខគ្នា សម្រេចផ្ទេរយន្ដហោះដ៏ទំនើប ប្រភេទ F-16 ផលិតដោយសហរដ្ឋអាមេរិក ទៅកាន់រដ្ឋាភិបាលក្រុងកៀវ។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ Channel News Asia មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២១ ខែសីហា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) កាលពីថ្ងៃអាទិត្យ បានស្វាគមន៍ ចំពោះការសម្រេចចិត្តជាប្រវត្ដិសាស្រ្ដរបស់ហូល្លង់ដ៍ និង ដាណាម៉ាក ចំពោះការផ្ដល់យន្ដហោះដ៏ទំនើបរបស់សហរដ្ឋអាមេរិក ប្រភេទ F-16 មកដល់ប្រទេសអ៊ុយក្រែន។ នេះជាសកម្មភាពចុងក្រោយបង្អស់របស់សម្ពន្ធមិត្តលោកខាងលិច ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

លោកប្រធានាធិបតីអ៊ុយក្រែន បានស្វែងរកយន្តហោះទំនើបៗ អស់រយៈពេលជាច្រើនខែកន្លងមកហើយ ដើម្បីពង្រឹងកម្លាំងកងទ័ពទ័ពអាកាសសម័យសូវៀតរបស់អ៊ុយក្រែន ស្របពេលរដ្ឋាភិបាលក្រុងកៀវ កំពុងតែបន្តការវាយបកយ៉ាងខ្លាំង ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី ទាំងនៅភាគខាងកើត និង ភាគខាងត្បូងរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។

ស្របគ្នានេះដែរ រដ្ឋាភិបាលវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក៏បានប្រកាស អំពីការយល់ព្រម លើការផ្ទេរយន្តហោះ F-16 ផលិតដោយសហរដ្ឋអាមេរិក ជាមួយនឹងការបណ្តុះបណ្តាលដល់អ្នកបើកយន្តហោះរបស់អ៊ុយក្រែន នឹងចាប់ផ្តើមនៅខែនេះ។ ការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោន អាចនឹងអនុញ្ញាតឲ្យអ៊ុយក្រែន ចាប់ផ្ដើមដាក់ពង្រាយយន្ដហោះដ៏ទំនើបរបស់សហរដ្ឋអាមេរិក នៅដើមឆ្នាំ២០២៤ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×