Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូទីន កាន់តែបារម្ភខ្លាំង ចំពេលអ៊ុយក្រែន កម្ទេ.ចយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ នៅលើទឹកដីរុស្ស៊ី

រដ្ឋធានីកៀវ៖ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានបង្ហាញ អំពីលទ្ធភាពប្រើប្រាស់ដ្រូន វាយឆ្លងព្រំដែន វិលត្រឡប់ចូលជ្រៅ ទៅលើទឹកដីរបស់រុស្ស៊ី ខណៈឥឡូវនេះ មានសេចក្ដីរាយការណ៍ អំពីដ្រូន បានវាយប្រហារកម្ទេចយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដដ៏ទំនើបរបស់ក្រុងមូស្គូ ប្រភេទ Tupolev Tu-22។

សារព័ត៌មានរបស់អូស្រ្ដាលី 9 News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២២ ខែសីហា ថា មន្រ្ដីយោធាក្រុងកៀវ បានអះអាង ថា កងទ័ពអ៊ុយក្រែន បានកម្ទេចយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ TU-22M3 នៅក្នុងមូលដ្ឋានទ័ពអាកាស Soltsy-2 ស្ថិតក្នុងសង្កាត់ Novgorod នាភាគពាយព្យ នៃប្រទេសរុស្ស៊ី ដោយមានចម្ងាយប្រហែល៦៥០គីឡូម៉ែត្រ ពីព្រំដែនជាមួយអ៊ុយក្រែន។

បើតាមសេចក្ដីរាយការណ៍នានា បានអះអាង ថា យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដហោះហើរចម្ងាយឆ្ងាយរបស់រុស្ស៊ី បានរងការវាយកម្ទេច ដោយយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់អ៊ុយក្រែន។ រីឯរូបភាព នៃការវាយប្រហារនោះ ត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម ដោយបានបង្ហាញ អំពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដហោះចម្ងាយឆ្ងាយ ប្រភេទ Tupolev Tu-22 (ទូប៉ូឡេវ ទូ-22) ដែលកំពុងតែត្រូវភ្លើងឆាបឆេះ ស្ថិតក្នុងមូលដ្ឋានកងទ័ពអាកាស Soltsy-2 (សូលស៊ី-២) នាភាគខាងត្បូង នៃទីក្រុង St Petersburg (សាំងពែរធើរប៊ឺគ)។

មន្រ្ដីរដ្ឋាភិបាលក្រុងមូស្គូ បានរាយការណ៍ ថា យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ត្រូវបានវាយប្រហារ ដោយអាវុធធុនតូច។ ប៉ុន្តែវានៅតែអាចបំផ្លាញយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួន។

យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី ប្រភេទ Tu-22 អាចហោះហើរ នៅក្នុងល្បឿនលឿនជាងសំឡេង ចំនួនពីរដង ហើយត្រូវបានកងទ័ពរុស្ស៊ី ប្រើប្រាស់យ៉ាងទូលំទូលាយ វាយប្រហារ ទៅលើទីក្រុងនានា នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមរបស់លោកប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ ក្រសួងការពារជាតិរុស្ស៊ី បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ការវាយប្រហារដោយដ្រូន បានកើតឡើង នៅវេលាម៉ោង១០ព្រឹក ថ្ងៃសៅរ៍ ទី១៩ ខែសីហា (វេលានៅក្នុងរដ្ឋធានីមូស្គូ)។ ទីតាំងរងការវាយប្រហារនោះ ជាមូលដ្ឋានកងទ័ពអាកាស Soltsy-2 របស់រុស្ស៊ី ស្ថិតក្នុងតំបន់ Novgorod (ណូវហ្គោរ៉ូដ) ប្រទេសរុស្ស៊ី។ ប៉ុន្ដែការវាយប្រហារនេះ មិនបានធ្វើឲ្យរងគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ ប៉ុន្ដែវាបានត្រឹមតែកម្ទេចយន្ដហោះមួយគ្រឿងតែប៉ុណ្ណោះ។

នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រដ្ឋាភិបាលក្រុងកៀវ បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន វាយប្រហារទៅលើរដ្ឋធានីមូស្គូ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ ខណៈមូលដ្ឋានកងទ័ពអាកាស Soltsy-2 របស់រស្ស៊ី ដែលមានចម្ងាយ ប្រហែល៦៥០គីឡូម៉ែត្រ ពីព្រំដែនរបស់ប្រទេសអ៊ុយក្រែន ក៏បានរងការវាយប្រហារផងដែរ។

បើទោះជាយ៉ាងណាក៏ដោយ ការធ្វើអត្ថាធិប្បាយរបស់ក្រសួងការពារជាតិរុស្ស៊ី អំពីយន្តហោះគ្មានមនុស្សបើក «ពណ៌ទង់ដែង» ដោយបានបង្ហាញអំពីឧបករណ៍ចម្បាំងមួយប្រភេទ មានតម្លៃថោក ហើយអាចរកទិញបាន នៅក្នុងរយៈពេលខ្លី។

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ Tu-22 (ទូ-២២) ក្លាយជាយន្តហោះទម្លាក់គ្រាប់បែកមានល្បឿនលឿនជាងសំឡេងដ៏ទំនើបមួយរបស់រុស្ស៊ី ហើយធ្លាប់ប្រើ អស់រយៈពេលជាយូរមកហើយ នៅក្នុងអំឡុងសម័យសង្រ្គាមត្រជាក់ ហើយត្រូវបានដាក់ឈ្មោះកូដ «Backfire» ដោយអង្គការណាតូ។ យន្ដហោះទម្លាក់គ្រាប់បែក Tu-22 ត្រូវបានកម្លាំងទាហានរុស្ស៊ី ប្រើប្រាស់យ៉ាងទូលំទូលាយ វាយប្រហារទៅលើទីក្រុងនានារបស់ប្រទេសអ៊ុយក្រែន។

ប្រទេសរុស្ស៊ី បានកែលម្អយន្ដហោះរបស់ខ្លួន ធ្វើឲ្យកាន់តែទំនើបឡើង ដូចជា យន្ដហោះ Tu-22M3 អាចនឹងហោះហើរ នៅក្នុងល្បឿន Mach 2 (២ម៉ាចឆ៍) ឬស្មើនឹង ២ ៣០០គីឡូម៉ែត្រ ក្នុង១ម៉ោង ហើយវាអាចផ្ទុកគ្រឿងសព្វាវុធ រហូតដល់ទៅ ២៤ ០០០គីឡូក្រាម។

ដោយឡែក អ្នកនាំពាក្យ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា យន្ដហោះយោធាមួយទៀត ត្រូវបានកម្ទេច នៅក្នុងការវាយប្រហារ ដោយដ្រូន នៅក្នុងតំបន់កាលូហ្កា (Kaluga) ប្រទេសរុស្ស៊ី។

បណ្ដាញផ្សព្វផ្សាយរបស់រុស្ស៊ី ក៏បានវាយប្រហារដោយដ្រូននេះផងដែរ ប៉ុន្ដែបានបដិសេធដល់ការខូចខាតណាមួយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×