រដ្ឋធានីតេអ៊ីរ៉ង់៖ ក្រោយពេលរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ បានបញ្ជូនដ្រូនអត្ដឃាដ ទៅជួយដល់ប្រទេសរុស្ស៊ី យកទៅធ្វើសង្គ្រាមរបស់ខ្លួន នៅលើទឹកដីរបស់អ៊ុយក្រែន រួចមក ឥឡូវអ៊ីរ៉ង់ បានបង្ហាញយន្ដហោះគ្មានមនុស្សបើកជំនាន់ថ្មី ប្រភេទ Mohajer (ម៉ូហាជើរ) ដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់ វាយប្រហារទៅដល់ទឹកដីរបស់អ៊ីស្រាអែល។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៣ ខែសីហា ថា ក្រសួងការពារជាតិអ៊ីរ៉ង់ និង ភស្ដុភាកងកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃអង្គារ (ទី២១ ខែសីហា) បានដាក់បង្ហាញយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន Mohajer-10។ នេះជាផ្នែកមួយ នៃការតាំងពិព័រណ៍ និង ពិធីប្រារព្ធទិវាឧស្សាហកម្មការពារជាតិ។ រីឯលោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ និង ជាមេបញ្ជាការកំពូល នៃកងទ័ព និង កងឆ្មាំបដិវត្ដន៍អ៊ីស្លាម ក៏បានចូលរួម នៅក្នុងព្រឹត្ដិការណ៍នោះដែរ។
យន្តហោះវាយប្រហារគ្មានមនុស្សបើក ឬ ដ្រូន Mohajer-10 មានរូបរាងស្រដៀងគ្នាទៅនឹងដ្រូន MQ-9 Reaper ផលិតដោយសហរដ្ឋអាមេរិក ហើយត្រូវបានអ៊ីរ៉ង់ បង្ហាញនៅក្នុងវីដេអូមួយ ដែលកំពុងតែហោះចេញពីព្រលានយន្ដហោះមួយ មិនស្គាល់ទីតាំង។ ជាមួយគ្នានេះ អ៊ីរ៉ង់ បានអួតអាង ថា ដ្រូនទាំងនោះ មានសមត្ថភាព ផ្ទុកគ្រាប់បែកជាច្រើនប្រភេទ និង ឧបករណ៍ប្រឆាំងនឹងប្រព័ន្ធរ៉ាដា ហើយវាក៏អាចស៊ើបការណ៍ផងដែរ។

បើតាមបណ្ដាផ្សព្វផ្សាយរដ្ឋ បានឲ្យដឹង ថា ការកែលម្អចុងក្រោយរបស់ដ្រូន Mohajer ដែលត្រូវបានបង្កើតឡើង ជាលើកដំបូង នៅក្នុងអំឡុងសង្គ្រាម រយៈពេល៨ រវាងអ៊ីរ៉ង់ និង អ៊ីរ៉ាក់ នាទសវត្សរ៍ឆ្នាំ១៩៨០នោះ អាចផ្ទុកក្បាលគ្រាប់ ទម្ងន់៣០០គីឡូក្រាម ហើយវាអាចហោះ នៅក្នុងល្បឿនជាអតិបរមា ២១០គីឡូម៉ែត្រ ក្នុងមួយម៉ោង និង ផ្ទុកប្រេង៤៥០លីត្រ។
ដ្រូនប្រភេទនេះ អាចហោះដោយមិនឈប់ នៅក្នុងរយៈកម្ពស់៧០០០ម៉ែត្រ ហើយអាចហោះបាន ចម្ងាយរហូតដល់២០០០គីឡូម៉ែត្រ។ នេះមានន័យ ថា ដ្រូន Mohajer-10 អាចវាយប្រហារទៅដល់ទឹកដីរបស់អ៊ីស្រាអែល ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ក៏បានបង្ហោះផ្ទាំងរូបភាពរបស់ដ្រូន Mohajer-10 ដោយបានពណ៌នា ថា ដ្រូនប្រភេទនេះ អាចហោះហើរ នៅលើពពក ហើយវាអាចមើលពីលើកន្លែងនុយក្លេអ៊ែរ Dimona (ឌីម៉ូណា) ស្ថិតក្នុងប្រទេសអ៊ីស្រាអែល ជាមួយនឹងពាក្យ ថា «ត្រៀមខ្លួនដើម្បីធ្វើដំណើរទៅកាន់យុគសម័យថ្មី» ដោយសរសេរនៅខាងលើដ្រូន ជាភាសា Farsi (ហ្វាស៊ី និង Hebrew (ហេប្រ៊ូ)។

ដោយឈរនៅពីមុខមីស៊ីលធំៗ និង អមដោយមេបញ្ជាការយោធា លោក Raisi បានប្រកាសនៅក្នុងព្រឹត្ដិការណ៍ កាលពីថ្ងៃអង្គារ ថា មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយចំនួន២ប្រភេទ ដែលបានបង្ហាញពីមុន ឥឡូវនេះបានត្រៀមខ្លួនរួចរាល់ នៅក្នុងការប្រគល់ទៅឱ្យកងឆ្មាំបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC)។
គ្រឿងសព្វាវុធទាំងនេះ រួមមាន Haj Qassem (ហាច៍ ហ្កាសសេម) ដែលត្រូវបានដាក់តាមឈ្មោះរបស់លោកឧត្តមសេនីយ៍ ហ្កាសសេម សូឡេម៉ានី (Qassem Soleimani) ត្រូវបានធ្វើឃាត ដោយដ្រូនរបស់សហរដ្ឋអាមេរិក នៅជិតអាកាសយានដ្ឋានទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ កាលពីអំឡុងខែមករា ឆ្នាំ២០២០ ក្រោមបញ្ហារបស់លោក ដូណាល់ ត្រាំ ខណៈគាត់កំពុងតែកាន់តំណែង ជាប្រធានាធិបតី៕ រក្សាសិទ្ធដោយ ៖ សារាយSN










