Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ហាមឃាត់ម្ហូបអាហារសមុទ្រពីជប៉ុន ចំពេលក្រុងតូក្យូបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ

រាជធានីតូក្យូ៖ ថ្វីបើមានការតវ៉ា ពីប្រទេសជិតខាង រួមមាន ចិន និង កូរ៉េខាងត្បូង យ៉ាងណាក្ដី ក៏ជប៉ុន នៅតែសម្រេចបញ្ចេញទឹកសំណល់ ជាង១លានតោនម៉ែត្រគុប ចេញពីរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួន ដែលបានរងគ្រោះមហន្ដរាយ ពីរលកយក្សស៊ូណាមិ ដោយសំអាងលើការវាយតម្លៃ អំពីកម្រិតសុវត្ថិភាពរបស់ទីភ្នាក់ងារជំនាញអន្ដរជាតិរបស់អង្គការសហប្រជាជាតិ។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២២ ខែសីហា ថា ប្រទេសជប៉ុន បានអះអាង កាលពីថ្ងៃអង្គារ (ទី២២ ខែសីហា) ថា រដ្ឋាភិបាលក្រុងតូក្យូ នឹងចាប់ផ្តើមបញ្ចេញទឹកចម្រោះជាតិវិទ្យុសកម្ម ជាង១លានតោន ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា (Fukushima) នៅថ្ងៃទី២៤ ខែសីហា។ ផែនការនេះ បានរងការរិះគន់យ៉ាងខ្លាំង មកពីប្រទេសចិន។

ផែនការបញ្ចេញទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរនេះ ត្រូវបានរដ្ឋាភិបាលជប៉ុន អនុម័ត កាលពី២ឆ្នាំមុន ហើយវាមានសារៈសំខាន់ សម្រាប់ការរុះរើរោងចក្រ ដែលដំណើរការ ដោយក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ហៅកាត់ TEPCO ។ សកម្មភាពបែបនេះ ក៏ប្រឈមមុខនឹងការរិះគន់ ពីក្រុមអ្នកនេសាទជប៉ុន ដោយសារតែពួកគេភ័យខ្លាច អំពីការខូចខាតកេរ្តិ៍ឈ្មោះដល់ផលិតផលអាហារសមុទ្ររបស់ខ្លួន និង គំរាមកំហែងដល់ជីវភាពរស់នៅរបស់ពួកគេ។

លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ កាលពីព្រឹក ថ្ងៃអង្គារ ថា «ខ្ញុំបានស្នើដល់ក្រុមហ៊ុន TEPCO (ថែបកូ) រៀបចំឱ្យបានឆាប់រហ័ស សម្រាប់ការបង្ហូរទឹកសំណល់ដែលបានចម្រោះសារធាតុវិទ្យុសកម្ម ស្របតាមផែនការ ត្រូវបានអនុម័ត ដោយអាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែរ និង រំពឹងថា ការបញ្ចេញទឹក នឹងចាប់ផ្តើម នៅថ្ងៃទី២៤ ខែសីហា ហើយលក្ខខណ្ឌអាកាសធាតុ ក៏នឹងអំណោយផលល្អ ផងដែរ»។

ប្រទេសជប៉ុន បានប្រកាស ថា ការបញ្ចេញទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានរងគ្រោះមហន្ដរាយ ដោយមហារលកយក្សស៊ូណាមិ គឺមានសុវត្ថិភាព។ ស្របគ្នានេះដែរ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺ អំពីផែនការនេះ កាលពីខែមុន ដោយបានបញ្ជាក់ ថា ទឹកចម្រោះនោះ បានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថា ផលប៉ះពាល់របស់វា នឹងមកលើមនុស្ស និង បរិស្ថាន មានកម្រិតតិចតួចប៉ុណ្ណោះ។

បើទោះជាយ៉ាងនេះក្តី ប្រទេសជិតខាងមួយចំនួន បានសម្តែងនូវការសង្ស័យ ទៅលើកម្រិតសុវត្ថិភាព សម្រាប់ផែនការនេះ ខណៈរដ្ឋាភិបាលក្រុងប៉េកាំង បានក្លាយជាអ្នករិះគន់ដ៏ខ្លាំងបំផុត។  
លោក វ៉ាង វេនប៊ីន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានអះអាង កាលពីខែកក្កដា ថា ប្រទេសជប៉ុន បានបង្ហាញ អំពីអាត្មានិយម និង មានភាពក្រអឺតក្រទម ហើយមិនបានពិគ្រោះយោបល់ជាមួយនឹងសហគមន៍អន្តរជាតិអ្វីទាំងអស់ ជុំវិញការបញ្ចេញទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួន។

បន្ថែមពីលើការរិះគន់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលក្រុងប៉េកាំង នោះ ចិន ក៏បានហាមឃាត់ដល់ការនាំចូលផលិតផលម្ហូបអាហារសមុទ្រ ចេញពីខេត្តចំនួន១០របស់ជប៉ុន រួមមាន រាជធានីតូក្យូ (Tokyo), ខេត្តហ៊្វូគូស៊ីម៉ា (Fukushima), ឆីបា (Chiba), តូឈីហ្គិ (Tochigi), អ៊ីប្រារ៉ាគិ (Ibaraki), ហ្គុនម៉ា (Gunma), មីយ៉ាហ្គិ (Miyagi), នីអ៊ិហ្កាតា (Niigata), ណាហ្កាណូ (Nagano) និង ខេត្ដសៃតាម៉ា (Saitama)។

បើទោះជាយ៉ាងណាក៏ដោយ ចិន នៅតែអនុញ្ញាតដល់ការនាំចូលម្ហូបអាហារសមុទ្រ មកពីខេត្តផ្សេងៗទៀតរបស់ជប៉ុន ប៉ុន្តែត្រូវតែឆ្លងកាត់នូវការធ្វើតេស្តវិទ្យុសកម្ម ហើយមានភស្តុតាង នៃទំនិញ ត្រូវបានផលិត នៅខាងក្រៅខេត្តដែលត្រូវបានហាមឃាត់ទាំង១០នោះ។

ស្របគ្នានេះដែរ ក្រុមសកម្មជនរបស់កូរ៉េខាងត្បូង ក៏បានតវ៉ា ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្រុងតូក្យូ ថ្វីបើក្រុងសេអ៊ូល បានសន្និដ្ឋាន អំពីការសិក្សារបស់ខ្លួន ថា ការបញ្ចេញទឹកសំណល់នេះ ធ្វើឡើង ស្របតាមស្តង់ដារអន្តរជាតិ ហើយថែមទាំងបានបញ្ជាក់ ថា កូរ៉េខាងត្បូង គោរពការវាយតម្លៃរបស់ទីភ្នាក់ងារ IAEA យ៉ាងណាក៏ដោយ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×