Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី តែងតាំងមេទ័ពធំស្ដីទីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ជំនួសមេទ័ពចាស់ដែលបាត់មុខមិនដឹងមូលហេតុ

រុស្ស៉ី បានតែងតាំងប្រធានស្តីទីថ្មីកងទ័ពអាកាសរបស់ខ្លួន ដើម្បីជំនួស លោក សឺហ្គៃ ស៊ូរ៉ូវីគីន (Sergei Surovikin) ដែលបានបាត់មុខ បន្ទាប់ពីមានការបះបោររបស់ទាហានស៊ីឈ្នួល វ៉ាគណឺ (Wagner) ប្រឆាំងនឹងក្រសួងការពារជាតិរុស្ស៉ី នាពេលប៉ុន្មានខែមុននេះ។

បើតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៉ី RIA កាលពីថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា អំឡុងពេលមានការបះបោរកាលពីចុងខែមិថុនា លោក ស៊ូរ៉ូវីគីន បានបង្ហាញខ្លួនក្នុងសភាពតានតឹង និងគ្មានឯកសណ្ឋាន ហើយទទូចឱ្យថៅកែក្រុម Wagner លោក យេវហ្គីនី ព្រីហ្កោហ្ស៉ី (Yevgeny Prigozhin) បោះបង់ចោលការបះបោរឆ្ពោះមកកាន់ទីក្រុងមូស្គូ។ ចាប់តាំងពីពេលនោះមក សារព័ត៌មានរុស្ស៉ី និងបរទេសមួយចំនួន បានចុះផ្សាយថា លោក ស៊ូរ៉ូវីគីន កំពុងរងការស៊ើបអង្កេតមួយ ឬត្រូវបានឃុំខ្លួនក្នុងផ្ទះ ដោយគេពុំទាន់ដឹងពីមូលហេតុអ្វីច្បាស់លាស់នៅឡើយ។

បើតាមប្រភពព័ត៌មានពីមន្ត្រីសុំមិនបញ្ចេញឈ្មោះ ដែលសារព័ត៌មាន RIA របស់រុស្ស៊ី បានផ្សាយថា អតីតប្រធានកងកម្លាំងជើងអាកាស និងអវកាសរុស្ស៉ីរូបនេះ បានលាលែងពីតំណែងហើយ ខណៈលោកវរសេនីយ៍ឯក វ៉ិកទ័រ អាហ្វហ្សាលូវ (Viktor Afzalov) ប្រធានសេនាធិការនៃកងទ័ពអាកាស ត្រូវធ្វើជាអគ្គមេបញ្ជាការកងទ័ពអាកាសបណ្ដោះអាសន្ន ឬថាជាប្រធានស្ដីទី។

គួរបញ្ជាក់ថា លោក ស៊ូរ៉ូវីគីន ក៏ធ្លាប់ត្រូវបានចាត់ឱ្យទទួលបន្ទុកប្រតិបត្តិការរបស់រុស្ស៉ីនៅអ៊ុយក្រែន ផងដែរ កាលពីខែតុលា ២០២២ ប៉ុន្តែនៅក្នុងខែមករា តួនាទីនេះ ត្រូវបានប្រគល់ទៅឲ្យឧត្តមសេនីយ៍ វ៉ាឡារី ជឺរ៉ាស៉ីម៉ូវ (Valery Gerasimov), ហើយក្នុងពេលដែលទាហានស៊ីឈ្នួលវ៉ាគណឺ មានការបះបោលនោះ ស្រាប់តែបាត់មុខ លោក សឺហ្គៃ ស៊ូរ៉ូវីគីន (Sergei Surovikin) ជាមេទ័ពធំសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ដែលប្រភពខ្លះថា ត្រូវបានជាប់ឃុំឱ្យនៅតែក្នុងផ្ទះ, ហើយទើបតែថ្មីៗនេះទេ ក៏ត្រូវបានតែងតាំង លោកវរសេនីយ៍ឯក វ៉ិកទ័រ អាហ្វហ្សាលូវ (Viktor Afzalov) ជាមេទ័ពធំស្ដីទី សម្រាប់សង្គ្រាមនៅអ៊ុយក្រែន តែម្ដងទៅ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×