រដ្ឋធានីមូស្គូ៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលដ៏មានអំណាចបំផុតរបស់រុស្ស៊ី Wagner លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី បានដឹកនាំកម្លាំងទាហានរបស់គាត់ បះបោរប្រឆាំងនឹងមន្រ្ដីកំពូលៗ នៅក្នុងក្រសួងការពារជាតិ មិនសម្រេច ហើយឥឡូវនេះ ត្រូវគេជឿ ថា គាត់បានសម្លាប់ នៅក្នុងហេតុការណ៍គ្រោះអកុសលធ្លាក់យន្ដហោះ នៅតំបន់ភាគខាងជើងរដ្ឋធានីមូស្គូ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ថា លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin) ថៅកែទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្សី បានស្ថិតនៅលើយន្តហោះ ដែលបានធ្លាក់ កាលពីល្ងាច ថ្ងៃពុធ (២៣ សីហា) នៅភាគខាងជើង នៃរដ្ឋធានីមូស្គូ ហើយគ្មានអ្នកម្នាក់នៅរស់នោះឡើយ។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង ត្រឹមតែរយៈពេលពីរខែគត់ បន្ទាប់ពីគាត់ បានដឹកនាំការបះបោរទ្រង់ទ្រាយធំ មិនបានសម្រេច ប្រឆាំងនឹងមេទ័ពកំពូលៗ នៅក្នុងក្រសួងការពារជាតិរុស្ស៊ី។
ដោយឡែក វិមានក្រឹមឡាំង ឬ ក្រសួងការពារជាតិ នៅមិនទាន់ធ្វើអត្ថាធិប្បាយណាមួយ ស្តីអំពីជោគវាសនារបស់លោក ព្រីហ្គោហ្ស៊ីន ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner នៅឡើយ។ លោក ព្រីហ្គោហ្ស៊ីន បានប្រកាសខ្លួនឯងជាសត្រូវ ប្រឆាំងនឹងមេទ័ពកំពូលៗរបស់រុស្ស៊ី តាមអ្វីដែលគាត់ បានអះអាង ពីអសមត្ថភាព នៅក្នុងសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន។

ការស្លាប់របស់លោក ព្រីហ្គោហ្ស៊ីន នឹងបន្សល់ទុកក្រុមទាហាន Wagner Group ដែលបានធ្វើឱ្យលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ខឹងសម្បា កាលពីខែមិថុនា ក្រោយការរៀបចំការបះបោរប្រដាប់អាវុធទ្រង់ទ្រាយធំ មិនបានសម្រេច ប្រឆាំងនឹងមេដឹកនាំកំពូល នៅក្នុងក្រសួងការពារជាតិ។ ករណីនេះ នឹងមានការចោទសួរ អំពីប្រតិបត្តិការ នាពេលអនាគតរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល នៅអាហ្វ្រិក និង នៅតាមតំបន់ផ្សេងៗទៀត។
ការធ្លាក់យន្ដហោះសម្លាប់លោក ព្រីហ្គោហ្ស៊ីន នឹងចោទជាសំណួរឡើង ថា តើនរណា ឬ មានរឿងអ្វី នៅពីក្រោយការធ្លាក់យន្ដហោះនេះ? ការស្លាប់របស់គាត់ ក៏នឹងកម្ចាត់សត្រូវម្នាក់របស់លោក ពូទីន ដែលប្រឈមមុខធ្ងន់ធ្ងរបំផុត ចំពោះការគ្រប់គ្រងអំណាចរបស់មេដឹកនាំរុស្ស៊ី ចាប់តាំងពីគាត់បានឡើងកាន់អំណាច នៅក្នុងអំឡុងឆ្នាំ១៩៩៩ រហូតមក។
ទន្ទឹមគ្នានេះ ទីភ្នាក់ងារអាកាសចរណ៍របស់រុស្ស៊ី Rosaviatsia (រ៉ូសាវៀតស៊ា) បានចេញផ្សាយ ថា មានមនុស្សចំនួន១០នាក់ នៅលើយន្តហោះដែលបានធ្លាក់នោះ រួមទាំង លោក ព្រីហ្គោហ្ស៊ីន (Prigozhin) និង លោក ឌីមីទ្រី អ៊ូតគីន (Dmitry Utkin) ជាដៃស្តាំរបស់គាត់ ដែលបានជួយបង្កើតក្រុមទាហានស៊ីឈ្នួល Wagner។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី បានអះអាង ថា អាជ្ញាធរ កំពុងតែស៊ើបអង្កេត លើបទឧក្រិដ្ឋកម្ម ដើម្បីកំណត់នូវអ្វីដែលបានកើតឡើង។ ប៉ុន្ដែមានប្រភពមួយចំនួន សុំមិនបញ្ចេញឈ្មោះ បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ថា ពួកគេជឿ ថា យន្តហោះនោះ អាចនឹងត្រូវបាញ់ទម្លាក់ ដោយមីស៊ីលបាញ់ពីដីទៅលើអាកាស ចំនួនមួយគ្រាប់ ឬ ច្រើនគ្រាប់។

ក្រសួងស្ថានការណ៍បន្ទាន់របស់រុស្ស៊ី បានបញ្ជាក់ ថា យន្ដហោះដែលធ្លាក់នោះ បានហោះចេញពីរដ្ឋធានីមូស្គូ ទៅកាន់ទីក្រុងសាំងពែធើរប៊ឺគ (St Petersburg) ហើយក្រោយមកវាបានធ្លាក់ នៅជិតភូមិKuzhenkino (គូហ្សេនគីណូ) ស្ថិតក្នុងតំបន់តាវេ (Tver) ប្រទេសរុស្ស៊ី។
លោក ប៊ីល ប្រៅឌឺ (Bill Browder) ជាសេដ្ឋីមួយរូប មានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងប្រទេសរុស្ស៊ី និង ជាអ្នករិះគាន់ ដល់វិមានក្រឹមឡាំង បានអះអាង ថា «ពូទីន មិនដែលអត់ឱនទោសដល់អ្នកណាម្នាក់ និង បំភ្លេចការសងសឹកនោះទេ។ ពូទីន មើលទៅ ហាក់បីដូចគាត់ជាមនុស្សទន់ខ្សោយដ៏អាម៉ាស់បំផុត ជាមួយនឹងលោក ព្រីហ្គោហ្ស៊ី ដែលកំពុងតែរត់នៅជុំវិញពិភពលោក ដោយគ្មានការយកចិត្តទុកដាក់ ក្រោយការបះបោរមិនសម្រេច។ សកម្មភាពនេះ នឹងពង្រឹងសិទ្ធិអំណាចរបស់គាត់»។
ក្រោយពេលយន្តហោះនោះ បានធ្លាក់ពីលើមេឃភ្លាមៗនោះ ក៏មានយន្តហោះឯកជនទី២ ដែលពាក់ព័ន្ធនឹងលោក ព្រីហ្គោហ្ស៊ីន ទំនងជាកំពុងតែធ្វើដំណើរទៅកាន់ទីក្រុង St Petersburg ជាមូលដ្ឋានលំនៅឋានរបស់គាត់ វិលត្រឡប់ ចេញពីទីក្រុងម៉ូស្គូ។
លោក ព្រីហ្គោហ្ស៊ីន ថៅកែទាហានស៊ីឈ្នួល វ័យអាយុ៦២ឆ្នាំ បានដឹកនាំការបះបោរ ប្រឆាំងនឹងកងទ័ពកំពូលៗរបស់រុស្ស៊ី នៅចន្លោះពីថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២៣។ លោកប្រធានាធិបតី ពូទីន បានចាត់ទុកសកម្មភាពបែបនេះ អាចនាំឱ្យប្រទេសរុស្ស៊ី ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។ រីឯយុទ្ធជនរបស់Wagner ថែមទាំងបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រវាយប្រហាររបស់កម្លាំងទាហានរុស្សី នៅក្នុងអំឡុងពេលការបះបោរនោះ ដោយបានសម្លាប់អ្នកបើកយន្តហោះ និង កងទ័ពជាច្រើននាក់។ ប៉ុន្ដែសកម្មភាពបះបោររបស់ទាហានស៊ីឈ្នួល បានបញ្ចប់ទៅវិញភ្លាម ក្រោមការសម្របសម្រួល ពីលោក អាឡិកសានដឺរ លូកាសែនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស៕ រក្សាសិទ្ធដោយ ៖ សារាយSN














