ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាស Rosaviatsia របស់រុស្ស៊ី បាននិយាយថា ករណីយន្តហោះឯកជន Embraer ដែលបានធ្លាក់នៅតំបន់ Tver ភាគពាយព្យនៃទីក្រុងមូស្គូ កាលពីថ្ងៃពុធ (ទី២៣ ខែសីហា) គឺបានសម្លាប់មនុស្សប្រមាណ ១០ នាក់។ ហើយក្នុងចំណោមជនរងគ្រោះទាំងនោះ មានលោក Yevgeny Prigozhin ប្រធានក្រុមហ៊ុនយោធាឯកជន Wagner និង Dmitry Utkin ដែលត្រូវបានគេជឿថាជាសហស្ថាបនិករបស់ Wagner បាននៅលើយន្តហោះនោះផងដែរ។
Rosaviatsia បានប្រកាសថា៖ យោងតាមទិន្នន័យអាកាសចរណ៍ Embraer-135 (EBM-135BJ) មានអ្នកដំណើរដូចខាងក្រោមៈ Prigozhin Yevgeny, Evgeny Markaryan, Alexander Totmin, Valery Chekalov, Sergey Propustin, Nikolay Matuseev និង Dmitry Utkin ដែលជាសហស្ថាបនិក និងជាអនុប្រធានក្រុមហ៊ុន Wagner។
យោងតាម RT លោក Valery Chekalov គឺជាមនុស្សដែលសហរដ្ឋអាមេរិកចាត់ទុកជានាយករង Wagner ។
តើព័ត៌មានលម្អិតអ្វីខ្លះត្រូវបានបញ្ជាក់?
ទីភ្នាក់ងារព័ត៌មាន TASS បានដកស្រង់ព័ត៌មានពីទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសរបស់រុស្ស៊ី ដែលបញ្ជាក់ថា ការហោះហើរនេះត្រូវបានធ្វើឡើងដោយផ្អែកលើការអនុញ្ញាតផ្លូវអាកាស ដែលចេញដោយអនុលោមតាមបទប្បញ្ញត្តិ។
មុននេះ TASS បានរាយការណ៍ថា យន្តហោះ Embraer Legacy 600 ដែលមានលេខ RA-02795 ដែលគេជឿថាជារបស់លោក Prigozhin មានបញ្ហាខ្យល់ ហើយបានធ្លាក់នៅជិតភូមិ Kuzhenkino ក្នុងតំបន់ Tver ភាគខាងជើងនៃទីក្រុង Moscow ក្បែរផ្លូវហាយវេ M-10 ។
ក្រសួងគ្រាអាសន្នរុស្ស៊ីបានបញ្ជាក់ថា យន្តហោះនេះបានធ្លាក់នៅតំបន់ Tver ដោយបានសម្លាប់សមាជិកនាវិក៣នាក់ និងអ្នកដំណើរ ៧ នាក់ នៅលើយន្តហោះ។ ប៉ុន្តែ មិនមានរបាយការណ៍ពីអ្នកស្លាប់នៅលើដី បន្ទាប់ពីធ្លាក់យន្តហោះនោះទេ។
ក្រសួងបាននិយាយថា យន្តហោះ Embraer 135BJ Legacy 600 កំពុងធ្វើដំណើរពីទីក្រុង Moscow ទៅកាន់ទីក្រុង St. Petersburg នៅពេលកើតហេតុ។ យន្តហោះនោះបាននៅលើផ្លូវរបស់ខ្លួន រយៈពេល ៣០ នាទី មុនពេលធ្លាក់។
តើគ្រោះថ្នាក់ត្រូវបានកត់ត្រាទេ?
យោងតាមសារព័ត៌មាន RT ឃ្លីបខ្លីៗជាច្រើននៃគ្រោះថ្នាក់នេះត្រូវបានចែកចាយនៅលើបណ្តាញសង្គម។ វីដេអូដែលផ្សាយដោយបណ្តាញ Telegram Mash និង Baza បានបង្ហាញយន្តហោះធ្លាក់ដល់ដី ហាក់បីដូចជាមិនអាចគ្រប់គ្រងបាន ដោយបន្សល់ទុកនូវផ្សែងខ្មៅ។ វីដេអូឃ្លីបនេះ មិនបានបញ្ជាក់ច្បាស់ថា ផ្នែកណាមួយនៃយន្តហោះបានឆេះនោះទេ។
ឃ្លីបផ្សេងទៀតដែលគេជឿថា ត្រូវបានថតនៅកន្លែងធ្លាក់យន្តហោះ បានបង្ហាញពីកំទេចកំទីដែលឆេះរាយប៉ាយពាសពេញវាលស្មៅ។
ដោយឡែក តាមរយៈវីដេអូមួយចំនួន ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញយន្តហោះនេះដែលគេជឿថាកំពុងដឹកមេដឹកនាំ Wagner បានបែកខ្ញែកផ្នែកខ្លះនៃស្លាបរបស់វា ហើយបានផ្ទុះឆេះនៅលើអាកាស មុនពេលធ្លាក់ដល់ដី ដែលត្រូវបានគេសង្ស័យថា ប្រហែលជាត្រូវបានបាញ់ទម្លាក់តែម្តង។
តើលោក Prigozhin ពិតជាស្លាប់មែនឬ?
យោងតាម RT អាជ្ញាធរដឹកជញ្ជូនផ្លូវអាកាសរបស់រុស្ស៊ី បាននិយាយថា ឈ្មោះរបស់ Prigozhin គឺនៅលើបញ្ឈីអ្នកដំណើររបស់យន្តហោះ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថា ស្ថាបនិក Wagner រូបនេះបានស្លាប់នោះទេ។
គិតត្រឹមល្ងាចថ្ងៃទី២៣ ខែសីហា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៨ នាក់ បន្ទាប់ពីគ្រប់គ្រងភ្លើង។ ទោះជាយ៉ាងណា មិនមានសាកសពណាមួយ ត្រូវបានកំណត់អត្តសញ្ញាណបាននៅពេលនោះទេ។ ជនរងគ្រោះទាំងអស់ត្រូវបានគេនិយាយថា ត្រូវបានឆេះក្នុងស្ថានភាពយ៉ាងធ្ងន់ធ្ងរ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមួយចំនួន បានកំណត់អត្តសញ្ញាណលេខកន្ទុយរបស់យន្តហោះនេះថា RA-02795 ដែលត្រូវបានគេជឿថាជារបស់លោក Prigozhin តែម្តង។
យោងតាមទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសរបស់រុស្ស៊ី ការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ក៏ត្រូវបានចាប់ផ្តើមផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
ទស្សនាវីដេអូ => (Video)