Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើនតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារសកល រួមនឹងកម្ពុជានាពេលនេះ ត្រូវបានវាយតម្លៃថា អាចនឹងបន្តកើនឡើងបន្ថែមទៀត

ភ្នំពេញ៖ កំណើនតម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារសកល រួមនឹងកម្ពុជានាពេលនេះ គឺបន្ទាប់ពីក្រុមប្រទេសដែល ផលិតប្រេងធំៗនៅលើពិភពលោក បាននាំគ្នាកាត់បន្ថយការផលិត រួមនិងមានការរាំងខ្ទប់ពីការនាំចេញប្រេង​របស់រុស្ស៊ី ដែលកំពុងឈ្លានពានប្រទេសអ៊ុយក្រែន។

ទាក់ទងនិងកំណើនតម្លៃប្រេងឥន្ធនៈនាពេលនេះ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានវាយតម្លៃថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា អាចនឹងបន្តកើនឡើងបន្ថែមទៀត រហូតដល់ខែកញ្ញា ប្រសិនបើស្ថានភាពទីផ្សារប្រេងឆៅលើទីផ្សារអន្តរជាតិ នៅតែបន្តកើនឡើង។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ប្រេងសាំងធម្មតាត្រូវលក់ចេញ ៤០៦០០ រៀលក្នុងមួយលីត្រ រីឯប្រេងម៉ាស៊ូតលក់ចេញ ៤០៧០០ រៀលក្នុងមួយលីត្រ ខណៈតម្លៃប្រេងឥន្ធនៈដែលត្រូវលក់ចន្លោះពីថ្ងៃទី២១ កក្កដាដល់ថ្ងៃទី១ សីហា បានហក់ឡើងយ៉ាងគំហុក ក្នុងនោះប្រេងសាំងធម្មតាកើនឡើង៤០០រៀលក្នុងមួយលីត្រ ខណៈម៉ាស៊ូតកើន៤៥០រៀលក្នុងមួយលីត្រ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានវាយតម្លៃថា និន្នាការតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ក៏ដូចជាលើទីផ្សារអន្តរជាតិ អាចនឹងបន្តកើនឡើងបន្ថែមទៀត បន្ទាប់ពីប្រទេសផលិតប្រេងធំៗនៅអារ៉ាប់ ជាពិសេសអេមីរ៉ាតអារ៉ាប់រួមតែម្តង នឹងបន្តកាត់បន្ថយផលិតប្រេងរហូតដល់ខែកញ្ញា។

ប្រេងឥន្ធនៈ ជាផលិតផលយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់បម្រើឲ្យខ្សែច្រវាក់ផលិតកម្ម និងការដឹកជញ្ជូន ការកើនឡើងតម្លៃប្រេងឥន្ធនៈនៅប៉ុន្មានសប្តាហ៍មកនេះ បានជំរុញឲ្យតម្លៃទំនិញចាំបាច់មួយចំនួន មានការកើនឡើង ប៉ុន្តែបើតាមឯកឧត្តម ប៉ែន សុវិជាតិ នៅក្រោយការចុះត្រួតពិនិត្យ និងតាមដាក់តម្លៃទំនិញនៅលើទីផ្សារ តម្លៃទំនិញដែលបានដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាជារួម មានការកើនឡើងមិនដល់ ៥% ដែលជាកម្រិតមួយអាចគ្រប់គ្រងបាន។

គួរបញ្ជាក់ថា ប្រទេសផលិតប្រេងធំៗ រួមមានអេមីរ៉ាតអារ៉ាប់រួម បាននាំគ្នាកាត់បន្ថយការផលិតប្រេង ១លានធុងបារ៉ែលក្នុង១ថ្ងៃ ដើម្បីជំរុញឲ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិមានការកើនឡើង ហើយការកាត់បន្ថយផលិតកម្មប្រេងនេះ គួបផ្សំមានការដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់រុស្ស៊ីផង បានជំរុញតម្លៃប្រេងឥន្ធនៈ នៅទីផ្សារអន្តរជាតិ ក៏ដូចជានៅកម្ពុជា ដែលជាប្រទេសនាំចូលប្រេង ១០០% មានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈចុងក្រោយនេះ៕

×