Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្ដីជាន់ខ្ពស់អ៊ុយក្រែន អះអាងពីការស្លាប់ របស់ថៅកែទាហានស៊ីឈ្នួលរុស្ស៊ី

រដ្ឋធានីកៀវ៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានស្លាប់ នៅក្នុងការធ្លាក់យន្ដហោះ នៅភាគខាងជើង រដ្ឋធានីមូស្គូ ក្រោយពេលគាត់បានដឹកនាំកម្លាំងយោធារបស់គាត់ បះបោរទ្រង់ទ្រាយធំ ប្រឆាំងនឹងមេទ័ពកំពូលៗ នៅក្នុងក្រសួងការពារជាតិរុស្ស៊ី ប៉ុន្ដែមន្រ្ដីជាន់ខ្ពស់របស់អ៊ុយក្រែន បានអះអាងពីការព្យាករ ជុំវិញមរណភាពរបស់គាត់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ថា លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ដល់សារព័ត៌មានរបស់អាល្លឺម៉ង់ Bild ថា ការស្លាប់របស់លោក ព្រីហ្គោហ្ស៊ីន គឺអាចព្យាករបាន ក្រោយការបះបោររបស់គាត់ ប្រឆាំងនឹងមន្រ្ដីជាន់ខ្ពស់យោធារបស់រុស្ស៊ី។ គាត់បានស្លាប់ នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះ មានចម្ងាយប្រហែល២០០គីឡូម៉ែត្រ ពីរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី។

ទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡែនស្គី បានអះអាង ថា ការបះបោររបស់លោក ព្រីហ្គោហ្ស៊ីន កាលពីចន្លោះថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២៣ ហើយការលុកលុយនៃយុទ្ធជនស៊ីឈ្នួលរបស់គាត់ ចូលទៅក្នុងប្រទេសរុស្ស៊ី «ពិតជាគួរឱ្យភ័យខ្លាច» សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន (Vladimir Putin)។

លោក Podolyak បានប្រាប់កាសែតអាល្លឺម៉ង់ បន្ដ ថា «ការបះបោរនេះ អាចនាំឲ្យមានការព្យាករបាន អំពីផលវិបាកដ៏ខ្លាំង ដោយសារតែលោកប្រធានាធិបតី ពូទីន មិនអត់ទោសឱ្យអ្នកណាម្នាក់ ធ្វើឱ្យគាត់ភ័យខ្លាចនោះឡើយ»។

បើទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងមូស្គូ នៅតែមិនទាន់មានសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយ អំពីជោគវាសនារបស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្លាប់លើកឡើង ក្រោយពេលការងើបបះបោរមិនសម្រេចរបស់ទាហានស៊ីឈ្នួល Wagner ថា លោក ព្រីហ្គោហ្ស៊ីន នឹងមិនមានវាសនាល្អនោះឡើយ ព្រោះលោកប្រធានាធិបតី ពូទីន នឹងមិនអត់ឱនដល់អ្នកណាម្នាក់ ហ៊ានប្រឆាំងនឹងគាត់បែបនេះ។

អាជ្ញាធររុស្ស៊ី កំពុងតែស៊ើបអង្កេត អំពីមូលហេតុនៃការធ្លាក់យន្តហោះនេះ។ ហេតុការណ៍នេះ បានកើតឡើងយ៉ាងពិតប្រាកដត្រឹមតែរយៈពេល២ខែ ក្រោយពេលលោក ព្រីហ្គោហ្ស៊ីន បានដឹកនាំយុទ្ធជនរបស់គាត់ ងើបបះបោររយៈពេលខ្លី ប្រឆាំងនឹងការដឹកនាំយោធារបស់រុស្ស៊ី។

ទីភ្នាក់ងារអាកាសចរណ៍រុស្ស៊ី Rosaviatsia បានអះអាង ថា លោក ព្រីហ្គោហ្ស៊ីន ជាមនុស្សម្នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ ចំនួន១០នាក់ នៅក្នុងយន្តហោះ ដែលបានធ្លាក់ ខណៈហោះចេញពីទីក្រុងម៉ូស្គូ ឆ្ពោះទៅកាន់ទីក្រុង St Petersburg (សាំងពែធើរប៊ឺគ)។ យន្ដហោះនោះ បានធ្លាក់ នៅជិតភូមិគូសេនគីណូ (Kuzhenkino) តំបន់ត្វេ (Tver) ប្រទេសរុស្ស៊ី នាវេលាម៉ោង៦ និង ១៩នាទីល្ងាច ថ្ងៃពុធ (ទី២៣ ខែសីហា) វេលាក្នុងតំបន់។ បើតាមសេចក្ដីរាយការណ៍ គឺមិនមានអ្នកណាម្នាក់ នៅរស់នោះឡើយ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×