Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការពារជាតិកូរ៉េខាងជើង ចោទប្រកាន់ថា អាមេរិកជាអ្នករុញច្រានវិបត្តិអ៊ុយក្រែន-រុស្ស៊ី ទៅដល់មាត់ជ្រោះនៃមហន្តរាយនុយក្លេអ៊ែរ

ប្រមុខការពារជាតិរបស់កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា ជាអ្នកជំរុញវិបត្តិអ៊ុយក្រែនឆ្ពោះទៅរកគ្រោះមហន្តរាយនុយក្លេអ៊ែរជាសាកល តាមរយៈការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់កងកម្លាំងរបស់ទីក្រុងកៀវ, ហើយមន្ត្រីជាន់ខ្ពស់ការពារជាតិរបស់កូរ៉េខាងជើងដដែលនេះ ក៏បានរិះគន់ធ្ងន់ៗផងដែរថា ទីក្រុងវ៉ាស៊ីនតោនមិនមានសិទ្ធិរិះគន់ដល់កិច្ចសហប្រតិបត្តិការយោធារបស់ទីក្រុងព្យុងយ៉ាង ជាមួយរុស្ស៊ីនោះទេ។

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក កាង ស៊ុន ណាំ (Kang Sun Nam) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA ថា សហរដ្ឋអាមេរិកមិនមានសិទ្ធិផ្លូវច្បាប់ ឬហេតុផលណាមួយខាងសីលធម៌ ដើម្បីរិះគន់កិច្ចសហប្រតិបត្តិការធម្មតា រវាងរដ្ឋអធិបតេយ្យ និងរដ្ឋផ្សេងៗក្នុងវិស័យការពារជាតិនោះទេ។ លើសពីនេះ សហរដ្ឋអាមេរិក ត្រូវតែទទួលខុសត្រូវ ចំពោះការរុញច្រានវិបត្តិអ៊ុយក្រែនដល់មាត់ជ្រោះ នៃសង្គ្រាមនុយក្លេអ៊ែរសាកល ដោយការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់របបអាយ៉ង Zelensky ដែលធ្វើឱ្យសង្គ្រាមត្រឹមជម្លោះទឹកដីនៃព្រំដែនក្លាយទៅជាសង្គ្រាមកាន់តែរាយធំ។

ជុំវិញសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីផងដែរកូរ៉េខាងជើងបានថ្កោលទោសក្រុងវ៉ាស៊ីនតោន ចំពោះការផ្គត់ផ្គង់គ្រឿងសព្វាវុធ រួមទាំងគ្រាប់បែកចង្កោមដល់អ៊ុយក្រែន, ហើយជាមួយនេះកូរ៉េខាងជើង ក៏បានបដិសេធថា ខ្លួនមិនបានផ្តល់កាំភ្លើងធំ គ្រាប់រ៉ុក្កែត និងកាំជ្រួចដល់រុស្ស៊ីឡើយ សូម្បីតែខ្លួនគាំទ្រទីក្រុងមូស្គូក្នុងសង្គ្រាមជាមួយអ៊ុយក្រែនក៏ដោយ។

ទីក្រុងព្យុងយ៉ាងបានស្វែងរកការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី ដោយបានអញ្ជើញរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) ចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី ៧០ ឆ្នាំ នៃការបញ្ចប់សង្គ្រាមកូរ៉េកាលពីខែមុន។

ក្រុមអ្នកតាមដានបាននិយាយថា កូរ៉េខាងជើងនិយាយត្រូវ គឺសហរដ្ឋអាមេរិកបានយល់ព្រមបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន ពីប្រទេសដាណឺម៉ាក និងហូឡង់ ដើម្បីជួយទីក្រុងកៀវក្នុងការវាយលុករបស់ខ្លួន ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដែលជាការបញ្ឆេះសង្គ្រាមឱ្យកាន់តែរីកធំ ជាជាងបង្កើតយុទ្ធសាស្ត្ររកតុចរចាទៅវិញ។

បើតាមស្ថានភាពជាក់ស្ថែង គេមើលឃើញថា វិបត្តិសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី និងភាពតានតឹងរវាងអាមេរិក និងកូរ៉េខាងជើង បានរុញច្រានសម្ព័ន្ធមិត្ត រុស្ស៊ី និងកូរ៉េខាងជើងឱ្យខិត ចូលកៀកកិតជិតគ្នា ជាងពេលណាៗទាំងអស់។ ជាក់ស្ដែងនៅក្នុងដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីពេលថ្មីៗនេះ ដើម្បី ចូលរួមក្នុងពិធីបុណ្យប្រារព្ធខួប ៧០ ឆ្នាំ ការបិទបញ្ចប់សង្រ្គាមកូរ៉េ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោកសឺហ្គៃសយហ្គូ បានថ្លែងចាត់ទុក កូរ៉េខាងជើងជារដ្ឋមិត្ត និងជាដៃគូដ៏សំខាន់របស់រុស្ស៊ី។ កូរ៉េខាងជើង ជាដៃគូដ៏សំខាន់ដែលមានព្រំដែនជាប់ រុស្ស៊ី និងមានប្រវត្តិ សហការគ្នាតាំងពីយូរលង់មកហើយ។ រុស្ស៊ី ចង់ពង្រឹងសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា រុស្ស៊ី ស្ថិតក្នុងចំណោមប្រទេស ដ៏កម្រដែលនៅបន្តរក្សា ទំនាក់ទំនង និងបោះឆ្នោត ប្រឆាំង នៅ ក្រុមប្រឹក្សា សន្តិសុខ ដើម្បី ការពារ កូរ៉េខាងជើង ពីការដាក់ទណ្ឌកម្មថ្មីបន្ថែម ទៀតរបស់សហគមន៍អន្តរជាតិ ក្នុងរឿងអភិវឌ្ឍ កម្មវិធីនុយក្លេអ៊ែរយោធា, ហើយជា ការឆ្លើយតប កូរ៉េខាងជើង បានបោះឆ្នោត ប្រឆាំងនឹងសេចក្តីសម្រេច របស់ អង្គការសហប្រជាជាតិ ដែលថ្កោលទោសសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន៕ ពិសិដ្ឋ CEN

×