Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានចារកម្មអ៊ុយក្រែន ប្រាប់អំពីការវាយប្រហារកម្ទេចយន្ដហោះចម្បាំង នៅលើទឹកដីរុស្ស៊ី

រដ្ឋធានីកៀវ៖ ក្រុមមន្ដ្រីជាន់ខ្ពស់របស់អ៊ុយក្រែន កម្រនឹងធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធនឹងហេតុការណ៍វាយប្រហារណាមួយ នៅលើទឹកដីរបស់រុស្ស៊ី ប៉ុន្ដែឥឡូវនេះ ប្រធានចារកម្មរបស់ក្រុងកៀវ បានចេញមុខ មកទទួលស្គាល់ ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានវាយប្រហារដោយយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន កម្ទេចយន្ដហោះទម្លាក់គ្រាប់បែកមានល្បឿនលឿនជាងសំឡេង ប្រភេទ Tu-22 ចំនួន២គ្រឿង និង ២គ្រឿងផ្សេងទៀត រងការខូចខាត នៅក្នុងមូលដ្ឋានកងទ័ពអាកាស ស្ថិតនៅលើទឹកដីរបស់រុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ថា លោក គីរីឡូ ប៊ូដាណូវ (Kyrylo Budanov) ប្រធានទីភ្នាក់ងារចារកម្មរបស់អ៊ុយក្រែន បានបញ្ជាក់ ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កាលពីពេលថ្មីៗនេះ បានវាយប្រហារ ទៅលើមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី ដោយបានកម្ទេចយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ ចំនួន២គ្រឿង ហើយយន្ដហោះចំនួន២គ្រឿងផ្សេងទៀត បានរងការខូចខាត។

ជាមួយគ្នានេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារបស់ចក្រភពអង់គ្លេស ក៏បានអះអាង ផងដែរ ថា រុស្ស៊ី ទំនងជាបាត់បង់យន្ដហោះទម្លាក់គ្រាប់បែក មានល្បឿនលឿនជាងសំឡេង ហោះហើរចម្ងាយឆ្ងាយ ចំនួន១គ្រឿង ក្រោយពេលមូលដ្ឋានយោធា Soltsy (សូលស្ធី) ស្ថិតក្នុងតំបន់ណូវហ្គោរ៉ូដ (Novgorod) រងការវាយប្រហារ កាលពីពេលថ្មីៗនេះ។

លោក គីរីឡូ ប៊ូដាណូវ ប្រធានទីភ្នាក់ងារចារកម្មរបស់អ៊ុយក្រែន បានថ្លែង នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ កាលពីរាត្រី ថ្ងៃពុធ (ទី២៣ ខែសីហា) សម្រាប់សេវាវិទ្យុអឺរ៉ុបសេរី និង វិទ្យុសេរីភាពរបស់អ៊ុយក្រែន ថា «យន្ដហោះទម្លាក់គ្រាប់បែក ចំនួន២គ្រឿង ត្រូវបានកម្ទេច និង ២គ្រឿងផ្សេងទៀត រងការខូចខាត ខណៈយន្ដហោះទី៥ អាចនឹងរងផលប៉ះពាល់ នៅក្នុងការវាយប្រហារនោះ»។

លោកប្រធានទីភ្នាក់ងារចារកម្មរបស់អ៊ុយក្រែន បាននិយាយ អំពីអ្នកវាយប្រហារ ដែលបានកម្ទេចយន្តហោះទាំងនោះ ថា «អ្នកទាំងនេះ ក្លាយជាអ្នកបំពេញការងារជាក់លាក់ នៅលើទឹកដីរបស់រុស្ស៊ី»។

ក្រុមមន្ត្រីរុស្ស៊ី បានរាយការណ៍អំពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងអាកាសយានដ្ឋាន Soltsy កាលពីថ្ងៃសៅរ៍ និង អាកាសយានដ្ឋាន Shaykovka (សាយកូវកា) ស្ថិតក្នុងតំបន់កាលូហ្កា (Kaluga) កាលពីថ្ងៃចន្ទ។ រីឯយន្តហោះចម្បាំងមួយគ្រឿង ត្រូវរងការខូចខាត នៅក្នុងអំឡុងការវាយប្រហារលើកជាដំបូង។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២២ ខែសីហា ថា បើតាមសេចក្ដីរាយការណ៍នានា បានឲ្យដឹង ថា យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដហោះហើរចម្ងាយឆ្ងាយរបស់រុស្ស៊ី បានរងការវាយកម្ទេច ដោយយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់អ៊ុយក្រែន។

បើតាមរូបភាព ត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម និង វិភាគដោយ BBC បានបង្ហាញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដហោះចម្ងាយឆ្ងាយ ប្រភេទ Tupolev Tu-22 (ទូប៉ូឡេវ ទូ-22) ដែលកំពុងតែឆេះ នៅក្នុងមូលដ្ឋានកងទ័ពអាកាស Soltsy-2 (សូលស៊ី-២) នាភាគខាងត្បូង នៃទីក្រុង St Petersburg (សាំងពែរធើរប៊ឺគ)។

រដ្ឋាភិបាលក្រុងមូស្គូ បានអះអាង ថា យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ត្រូវបានវាយប្រហារ ដោយអាវុធធុនតូច ប៉ុន្តែវានៅតែអាចបំផ្លាញយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួន។ បើទោះជាយ៉ាងណាក៏ដោយ ក្រុមមន្រ្ដីអ៊ុយក្រែន នៅតែរក្សាភាពស្ងៀម កម្រនឹងធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការវាយប្រហារ នៅលើទឹកដីរបស់រុស្ស៊ី។

យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី ប្រភេទ Tu-22 អាចហោះហើរ នៅក្នុងល្បឿនលឿនជាងសំឡេង រហូតដល់ទៅពីរដង ហើយត្រូវបានរុស្ស៊ី យកមកប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់វាយប្រហារ ទៅលើទីក្រុងនានា នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមរបស់លោកប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ការវាយប្រហារដោយដ្រូន បានកើតឡើង នៅវេលាម៉ោង១០ព្រឹក ថ្ងៃសៅរ៍ ទី១៩ ខែសីហា (វេលានៅក្នុងរដ្ឋធានីមូស្គូ)។ ទីតាំងនោះ ក៏ជាមូលដ្ឋានកងទ័ពអាកាស Soltsy-2 របស់រុស្ស៊ី ស្ថិតក្នុងតំបន់ Novgorod (ណូវហ្គោរ៉ូដ) ប្រទេសរុស្ស៊ី។ រីឯការវាយប្រហារនេះ មិនបានធ្វើឲ្យរងគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ ប៉ុន្ដែវាបានត្រឹមតែកម្ទេចយន្ដហោះមួយគ្រឿងតែប៉ុណ្ណោះ។

នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលក្រុងកៀវ បានចាប់ផ្ដើមប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនជាច្រើនគ្រឿង វាយប្រហារទៅលើរដ្ឋធានីមូស្គូ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ ខណៈមូលដ្ឋានកងទ័ពអាកាស Soltsy-2 របស់រស្ស៊ី ដែលមានចម្ងាយ ប្រហែល៦៥០គីឡូម៉ែត្រ ពីព្រំដែនរបស់ប្រទេសអ៊ុយក្រែន ក៏បានរងការវាយប្រហារផងដែរ។

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ Tu-22 (ទូ-២២) ក្លាយជាយន្តហោះទម្លាក់គ្រាប់បែកមានល្បឿនលឿនជាងសំឡេងដ៏ទំនើបមួយរបស់រុស្ស៊ី ហើយធ្លាប់ប្រើ អស់រយៈពេលជាយូរមកហើយ នៅក្នុងអំឡុងសម័យសង្រ្គាមត្រជាក់ ខណៈសហភាពសូវៀត នៅមិនទាន់ដួលរំលំ ហើយត្រូវបានដាក់ឈ្មោះកូដ «Backfire» ដោយអង្គការណាតូ។ យន្ដហោះទម្លាក់គ្រាប់បែក Tu-22 ត្រូវបានកម្លាំងទាហានរុស្ស៊ី ប្រើប្រាស់យ៉ាងទូលំទូលាយ វាយប្រហារទៅលើទីក្រុងនានារបស់ប្រទេសអ៊ុយក្រែន។

រុស្ស៊ី បានកែលម្អយន្ដហោះរបស់ខ្លួន ធ្វើឲ្យកាន់តែទំនើបឡើង ដូចជា យន្ដហោះ Tu-22M3 អាចនឹងហោះហើរ នៅក្នុងល្បឿន Mach 2 (២ម៉ាចឆ៍) ឬស្មើនឹង ២ ៣០០គីឡូម៉ែត្រ ក្នុង១ម៉ោង ហើយវាអាចផ្ទុកគ្រឿងសព្វាវុធ រហូតដល់ទៅ ២៤ ០០០គីឡូក្រាម៕ រក្សាសិទ្ធដោយ ៖ សារាយSN

×