ភ្នំពេញ៖ របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ប្រទេសកម្ពុជាមានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៣ លាននាក់ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ ដែលជាការកើនឡើងយ៉ាងខ្លាំងរហូតដល់ចំនួន ៣០៨ ភាគរយ ពីចំនួនជាង ៧៤ម៉ឺន ៣៤៥៩នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានបង្ហាញទៀតថា ថៃ បានឈរនៅលើកំពូលតារាង ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាប្រទេសកម្ពុជា ក្នុងអំឡុងខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣នេះ ហើយប្រទេសវៀតណាមឈរនៅ ទី២ និងតាមពីក្រោយដោយចិន ឡាវ និងសហរដ្ឋអាមេរិក។
ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងទៅ ចំនួនភ្ញៀវទេសចរអន្តរជាតិជាង ២,២ លាននាក់បានមកទស្សនាប្រទេសកម្ពុជា ដោយបានកើនឡើង ១,០៥៩ ភាគរយ បើធៀបនឹងឆ្នាំ២០២១។
អ្នកជំនាញក្នុងវិស័យទេសចរណ៍បានមើលឃើញថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើននេះ ឆ្លុះបញ្ចាំងពីការងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលធ្លាប់តែបានរងផលបះពាល់យ៉ាងខ្លាំងពីជំងឹរាតត្បាតកូវីដ១៩ នាពេលកន្លងទៅ ដោយសារវិស័យទេសចរណ៍ គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងបួន ដែលជួយដល់សេដ្ឋកិច្ចប្រទេសកម្ពុជា បន្ថែមពីលើការនាំចេញសម្លៀកបំពាក់ កសិកម្ម និងសំណង់ និងអចលនទ្រព្យ។
ប្រទេសកម្ពុជាមានតំបន់ទេសចរណ៍ជាច្រើនដែលមានសក្តានុពលទាក់ទាញភ្លៀវទេសចរ និងមានភាពល្បីល្បាញចំពោះរមណីដ្ឋានបេតិកភណ្ឌពិភពលោកចំនួនបី គឺរមណីដ្ឋានបុរាណអង្គរក្នុងខេត្តសៀមរាប ប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារ និងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ។ ក្រៅពីនេះ កម្ពុជា ក៏មានឆ្នេរសមុទ្រសស្អាតជាងគេ ដែលមានប្រវែង ៤៥០ គីឡូម៉ែត្រ លាតសន្ធឹងកាត់ខេត្តភាគនិរតីចំនួន ៤ គឺខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប។
គួរបញ្ជាក់ថា បើតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវអន្តរជាតិ ដែលមកទស្សនាកម្ពុជា ត្រូវបានព្យាករថា នឹងកើនដល់ ៧លាននាក់ ក្នុងឆ្នាំ២០២៥ លើសកម្រិតមុនការរាតត្បាតជំងឺកូវីដ-១៩ ដែលមាន ៦,៦ លាននាក់ ក្នុងឆ្នាំ២០១៩កន្លងទៅ៕