Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូទីន ចូលរួមរំលែកទុក្ខ ក្រោយយន្ដហោះរបស់ថៅកែទាហានស៊ីឈ្នួលរុស្ស៊ី ធ្លាក់ស្លាប់

រដ្ឋធានីមូស្គូ៖ ក្រោយការដឹកនាំការបះបោរមិនសម្រេច អស់រយៈពេល២ខែមក ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានជួបនឹងហេតុការណ៍ដ៏អាក្រក់ ធ្លាក់យន្ដហោះស្លាប់ ខណៈមានការសង័្សយជាច្រើន លើមូលហេតុនៅពីក្រោយការធ្លាក់យន្ដហោះនេះ ប៉ុន្ដែឥឡូវ លោកប្រធានាធិបតីរុស្ស៊ី បានចូលរួមរំលែកទុក្ខ ដល់ជនរងគ្រោះទាំងនោះ។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៥ ខែសីហា ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) បានទម្លាយនូវភាពស្ងៀមស្ងាត់របស់គាត់ ជុំវិញការធ្លាក់យន្តហោះមួយថ្ងៃមុននេះ ហើយត្រូវបានគេរាយការណ៍ ថា ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin) និង សមាជិកជាន់ខ្ពស់ផ្សេងៗទៀត នៃក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានស្លាប់ នៅក្នុងហេតុការណ៍នោះ។

នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍នោះ លោកប្រធានាធិបតី ពូទីន បានផ្តល់នូវការរំលែកទុក្ខដ៏ស្មោះរបស់គាត់ ផ្ញើទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់ ដោយបានពណ៌នា អំពីការធ្លាក់យន្តហោះនេះ ថា វាជា«សោកនាដកម្ម»។ លោក ព្រីហ្គោហ្ស៊ីន និង មនុស្ស៩នាក់ផ្សេងទៀត នៅក្នុងយន្ដហោះនោះ បានស្លាប់ទាំងអស់។

ហេតុការណ៍ធ្លាក់យន្ដហោះ កាលពីល្ងាច ថ្ងៃពុធ (ទី២៣ ខែសីហា) បានកើតឡើង ត្រឹមតែរយៈពេល២ខែប៉ុណ្ណោះ ក្រោយពេលលោក ព្រីហ្គោហ្ស៊ីន បានដឹកនាំការបះបោរ ប្រឆាំងនឹងមន្រ្ដីជាន់ខ្ពស់ នៃក្រសួងការពារជាតិរុស្ស៊ី។ សកម្មភាពបះបោរប្រដាប់អាវុធរបស់ក្រុមទាហាន Wagner ត្រូវបានក្រុមអ្នកសង្កេតការណ៍មួយចំនួន ចាត់ទុក ថា វាជាការគំរាមកំហែងដ៏ធំបំផុតដល់ការគ្រប់គ្រងអំណាចដ៏យូររបស់លោក ពូទីន។

ថ្វីបើរដ្ឋាភិបាលក្រុងមូស្គូ បានបើកការស៊ើបអង្កេត លើការបំពានច្បាប់ចរាចរណ៍ផ្លូវអាកាសក៏ដោយ ក៏ក្រុមអ្នកស៊ើបអង្កេត បាននៅស្ងៀម ចាប់តាំងពីការរំពឹងទុក ដល់ការធ្វើឃាត អាចនឹងកើតឡើង។

ដោយឡែក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើង ថា «រដ្ឋាភិបាលក្រុងកៀវ មិនមានអ្វីត្រូវនិយាយ ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះទេ។ ខ្ញុំគិតថា អ្នករាល់គ្នា ដឹងថានរណាជាកង្វល់អំពីរឿងនេះ។ អ្វីដែលបានបង្ហាញឡើង ផ្អែកទៅលើលោក ពូទីន»។

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន វ័យ៦២ឆ្នាំ បានដឹកនាំការបះបោរ ប្រឆាំងនឹងកងទ័ពកំពូលៗរបស់រុស្ស៊ី នៅចន្លោះពីថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២៣។ លោកប្រធានាធិបតី ពូទីន បានចាត់ទុកសកម្មភាពបែបនេះ អាចនាំឱ្យប្រទេសរុស្ស៊ី ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។ រីឯយុទ្ធជនរបស់ Wagner ថែមទាំងបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រវាយប្រហាររបស់កម្លាំងទាហានរុស្សី នៅក្នុងអំឡុងពេលការបះបោរនោះ ដោយបានសម្លាប់អ្នកបើកយន្តហោះ និង កងទ័ពជាច្រើននាក់ នៅក្នុងឧទ្ធម្ភាគចក្រនោះ។ ប៉ុន្ដែសកម្មភាពបះបោររបស់ទាហានស៊ីឈ្នួល បានបញ្ចប់ទៅវិញភ្លាមៗ ក្រោមការសម្របសម្រួល ពីប្រធានាធិបតីបេឡារុស លោក អាឡិកសានដឺរ លូកាសែនកូ (Alexander Lukashenko)៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×