Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់​ទឹកភ្លៀង​បាន​លិច​ភូមិ ប្រជាពលរដ្ឋ​ចំនួន​៤០​ភូមិ​នៅ​ខេត្ត​កំពត​

​ខេត្ត​កំពត​ ៖ រដ្ឋបាល​ខេត្ត​កំពត បានឲ្យដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ មាន​ភូមិដ្ឋាន របស់​ប្រជាពលរដ្ឋ​ចំនួន​៤០​ភូមិ ក្នុង​ខេត្ត​កំពត​ទទួល​រង​គ្រោះ​មហន្តរាយ ដោយ​ជំនន់​ទឹកភ្លៀង​។​

អាជ្ញាធរ​ខេត្ត​កំពត​ឲ្យដឹងថា ក្រោយ​ស្ថានភាព​អាកាសធាតុ នៅ​ខេត្ត​កំពត មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​មក​នេះ នាំ​ឲ្យ​ភូមិដ្ឋាន​ពលរដ្ឋ​នៅ​ឃុំ​-​សង្កាត់​ចំនួន​៤០ ស្ថិតក្នុង ក្រុង​កំពត ស្រុក​ទឹកឈូ និង​ស្រុក​ឈូក បាន​ជន​លិច​។​

​គ្រោះ​ធម្មជាតិ​នេះ បើ​តាម​របាយការណ៍ របស់​រដ្ឋបាល​ខេត្ត​កំពត បង្ហាញថា គ្រោះ​ជំនន់​ទឹកភ្លៀង ក្នុង​ខេត្ត​កំពត ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​ប៉ះពាល់​ភូមិ​ចំនួន​៤០ ក្នុង​ឃុំ​-​សង្កាត់​ចំនួន​២១​។ ក្នុងនោះ បាន​លិច​វត្ត​អារាម​ចំនួន​២​កន្លែង​- សាលា​រៀន​ចំនួន​៧​ខ្នង​- សា​រ៉ាវ​ឥស្លាម​សាសនា​ចំនួន​៦​កន្លែង​- ផ្លូវ​ចំនួន​៤៥​ខ្សែ – លូ​១៨​កន្លែង​- ស្ពាន​២​កន្លែង​- ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២.៦៧៤​ខ្នង – ដីស្រែ​ចំនួន​៧៩៧,៥​ហិកតា និង​ដំណាំ​រួមផ្សំ​ចំនួន ៦៥០​ហិកតា​។​

គ្រោះ​មហន្តរាយ​នេះ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈ​កម្មា​ធីការ​គ្រប់គ្រង់​គ្រោះមហន្តរា​យ​ខេត្ត រួម​ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ អង្គរ​ភាព អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បាន​សហការ ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​បាន​ទាន់ពេល និង​បណ្តាល​​​ឲ្យ​បាត់បង់​អាយុជីវិត​មនុស្ស និង​សត្វពាហនៈ​ពលរដ្ឋ​នោះទេ​។​

បន្ថែម​លើ​នេះ ឯកឧត្តម ជាវ តា​យ ក៏​បាន​ឲ្យ​ក្រុមការងារ​ចុះ​កាយ​បង្ហូរ​ផ្លូវទឹក ដើម្បី​បញ្ចៀស​នូវ​ការខូចខាត និង​បាន​នាំយក​ជំនួយ​សង្គ្រោះ​បឋម​ពី​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពត ដើម្បី​ឧបត្ថម្ភ​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ជា​បន្តបន្ទាប់​រួច​ហើយ​ដែរ​។

​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ឯ​កត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត​ក្នុង​នាម​ប្រធាន​កិត្តយ​ស​សាខា​កាកបាទ​ក្រហម​​ខេត្ត បាន​ដឹកនាំ​មន្ត្រី នាំយក​អំណោយ​កាកបាទ​ក្រហម ផ្ដល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ជំនន់​ទឹកភ្លៀង ជាង ៧០​គ្រួសារ មកពី​ភូមិ​ចំនួន​៤​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​ខេត្ត​កំពត​។​

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពត បានឲ្យដឹង​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​២០ ខែកក្កដា ឆ្នាំ​២០១៨ មាន​ពលរដ្ឋ​ប្រមាណ​២.៦៧៤​គ្រួសារ ស្ថិតក្នុង​ភូមិ​ចំនួន​៤០ នៅ​ក្រុង​កំពត ស្រុក​ទឹកឈូ និង​ស្រុក​ឈូក បាន​ទទួលរង​ផល​ប៉ះពាល់​ពី​គ្រោះ​ជំនន់​ទឹកភ្លៀង​។ ក្នុងនោះ​ជំនួយ​សង្គ្រោះ​បន្ទាន់ របស់​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពត បាន​នាំយក​ទៅ​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ជា​បន្តបន្ទាប់​ហើយ​ដែរ​៕ ដែនសីមា

×