Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ហាមឃាត់ការនាំចូលផលិតផលម្ហូបអាហារសមុទ្រមកពីជប៉ុន នាំឲ្យប៉ះពាល់ដល់ក្រុមហ៊ុនដល់ជប៉ុនជាង៧០០

រាជធានីតូក្យូ៖ ជាមួយនឹងប្រតិកម្ម តបតនឹងរដ្ឋាភិបាលក្រុងតូក្យូ ដែលបានសម្រេចបង្ហូរទឹក ដែលបានបន្សាយសារធាតុវិទ្យុសកម្ម ជាង១លានតោនម៉ែត្រគុប ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា (Fukushima) ដែលបានរងគ្រោះមហន្ដរាយ ដោយសារមហារលកយក្សស៊ូណាមិនោះ ប្រទេសចិន និង អាជ្ញាធរហុងកុង ក៏បានហាមឃាត់ដល់ការនាំចូលផលិតផលម្ហូបអាហារសមុទ្រ មកពីខេត្តចំនួន១០របស់ជប៉ុន ហើយវិធានការបែបនេះ នឹងធ្វើឲ្យប៉ះពាល់ ដល់ក្រុមហ៊ុននាំចេញ ជាង៧០០របស់ប្រទេសមហាអំណាចសេដ្ឋកិច្ច នៅអាស៊ីបូព៌ាមួយនេះ។

សារព័ត៌មាន Channel News Asia  បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា ថា បើតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារតៃកូគុ ដេតាបែងឃ៍ (Teikoku Databank)  បានចេញផ្សាយ កាលពីថ្ងៃសុក្រ (ទី២៥ ខែសីហា) ថា ក្រុមហ៊ុននាំចេញម្ហូបអាហាររបស់ប្រទេសជប៉ុន ជាង ៧០០ បានរងផលប៉ះពាល់ ដោយសារតែប្រទេសចិន បានសម្រេចផ្អាកនូវការនាំចូលម្ហូបអាហារសមុទ្រ មកពីប្រទេសជប៉ុន ក្រោយការបញ្ចេញទឹកចេញសំណល់ ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។

អាជ្ញាធរក្រុងតូក្យូ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី២៧ ខែសីហា) ថា ម្ហូបអាហារសមុទ្រ នាំចេញពីខេត្តនានារបស់ជប៉ុន រកមិនឃើញមានជាតិវិទ្យុសកម្មនោះឡើយ។ ផលិតផលអាហារសមុទ្រទាំងអស់ សុទ្ធតែមានសុវត្ថិភាព។

ស្របគ្នានេះដែរ ប្រជាជនចិន បានសម្រុះទៅទិញអំបិលអស់ពីឃ្លាំងស្ដុ ដោយសារតែព្រួយបារម្ភ អំពីជាតិវិទ្យុសកម្ម ក្រោយពេលអាជ្ញាធរក្រុងតូក្យូ បានសម្រេចបង្ហូរទឹក ដែលបានបន្សាបជាតិវិទ្យុសកម្ម ចេញពីរោងចក្រហ៊្វូគូស៊ីម៉ា។ ទន្ទឹមគ្នានេះ អាជ្ញាធរចិន ក៏បានណែនាំដល់ប្រជាជនរបស់ខ្លួន កុំឲ្យនាំគ្នាសម្រុកទៅទិញអំបិលរក្សាទុកដ៏ច្រើនបែបនេះ។

បើតាមរបាយការណ៍របស់ Teikoku Databank មានមូលដ្ឋាននៅទីក្រុងតូក្យូ បានឲ្យដឹង ថា បច្ចុប្បន្ន ប្រទេសជប៉ុន មានក្រុមហ៊ុនចំនួន៧២៧ បាននាំចូលផលិតផលម្ហូបអាហារ ទៅកាន់ប្រទេសចិន ដោយស្មើនឹងប្រហែល៨ភាគរយ នៃក្រុមហ៊ុនទាំងអស់របស់ជប៉ុន ដឹកជញ្ជូនទំនិញ ទៅកាន់ប្រទេសចិន។

សេចក្ដីរាយការណ៍ដដែលនោះ បានបន្ដ ថា ក្រុមហ៊ុនជប៉ុន ចំនួន៣១៦ នាំចេញម្ហូបអាហារទៅកាន់ហុងកុង ខណៈដែនកោះមួយនេះ ក៏បានដាក់បម្រាម ដល់ការនាំចូលម្ហូបអាហារសមុទ្រ មកពីរាជធានី-ខេត្តចំនួន១០របស់ជប៉ុន ក្រោយការបញ្ចេញទឹក ដែលបានចម្រោះជាតិវិទ្យុសកម្ម ចេញពីរោងចក្រហ៊្វូគូស៊ីម៉ា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

លោក ចន លី (John Lee) មេដឹកនាំកោះហុងកុង បានបញ្ជាក់ កាលពីថ្ងៃអង្គារ ទី២២ ខែសីហា) ថា គាត់បានណែនាំដល់រដ្ឋាភិបាលរបស់គាត់ ឱ្យធ្វើសកម្មភាពភ្លាមៗ ដើម្បីការទប់ស្កាត់នូវការនាំចូលម្ហូមអាហារសមុទ្រមួយចំនួន មកពីប្រទេសជប៉ុន។ វិធានការបែបនេះ បានកើតឡើង ក្រោយពេលរដ្ឋាភិបាលក្រុងតូក្យូ បានប្រកាស ថា ជប៉ុន នឹងបញ្ចេញទឹក ដែលបានចម្រោះសារធាតុវិទ្យុសកម្ម ចេញពីរោងចក្រនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា (Fukushima) ដែលបានរងគ្រោះមហន្ដរាយ ពីមហារលកយក្សស៊ូណាមិ ចូលទៅក្នុងសមុទ្រ។

ការប្រកាសរបស់អាជ្ញាធរហុងកុង បានធ្វើឡើង ក្រោយពេលរដ្ឋបាលគយទូទៅ នៅក្នុងប្រទេសចិន បានគំរាម អំពីការហាមប្រាមដល់អាហារទាំងអស់ពីរាជធានី-ខេត្ត ចំនួន១០របស់ជប៉ុន រួមមាន រាជធានីតូក្យូ (Tokyo), ខេត្តហ៊្វូគូស៊ីម៉ា (Fukushima), ឆីបា (Chiba), តូឈីហ្គិ (Tochigi), អ៊ីប្រារ៉ាគិ (Ibaraki), ហ្គុនម៉ា (Gunma), មីយ៉ាហ្គិ (Miyagi), នីអ៊ិហ្កាតា (Niigata), ណាហ្កាណូ (Nagano) និង ខេត្ដសៃតាម៉ា (Saitama)។

លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ កាលពីថ្ងៃអង្គារ ទី២២ ខែសីហា ថា «ខ្ញុំបានស្នើដល់ក្រុមហ៊ុន TEPCO (ថែបកូ) រៀបចំឱ្យបានឆាប់រហ័ស សម្រាប់ការបង្ហូរទឹកសំណល់ដែលបានចម្រោះសារធាតុវិទ្យុសកម្ម ស្របតាមផែនការ ត្រូវបានអនុម័ត ដោយអាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែរ និង រំពឹងថា ការបញ្ចេញទឹក នឹងចាប់ផ្តើម នៅថ្ងៃទី២៤ ខែសីហា ហើយលក្ខខណ្ឌអាកាសធាតុ ក៏នឹងអំណោយផលល្អ ផងដែរ»។

ប្រទេសជប៉ុន បានប្រកាស ថា ការបញ្ចេញទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានរងគ្រោះមហន្ដរាយ ដោយមហារលកយក្សស៊ូណាមិ គឺមានសុវត្ថិភាព។ ស្របគ្នានេះដែរ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺ អំពីផែនការនេះ កាលពីខែមុន ដោយបានបញ្ជាក់ ថា ទឹកចម្រោះនោះ បានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថា ផលប៉ះពាល់របស់វា នឹងមកលើមនុស្ស និង បរិស្ថាន មានកម្រិតតិចតួចប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×