រដ្ឋធានីប៉េកាំង៖ ជាមួយនឹងចំនួនអត់ការធ្វើរបស់យុវជន នៅក្នុងប្រទេសចិន បានកើនឡើងខ្ពស់ ស្របពេលនិស្សិតបញ្ចប់ការសិក្សាជាង១១លាននាក់ កំពុងតែសម្រុកទៅរកទីផ្សារការងារនោះ វិស័យអចលនទ្រព្យ នៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះ ហាក់បីដូចជា កំពុងតែរង្គោះរង្គោះខ្លាំង ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងបំផុតចំនួន២របស់ចិន រួមមាន ក្រុមហ៊ុន Country Garden (ខោទ្រី ហ្កាដេន) បានប្រកាស កាលពីដើមខែសីហា អំពីការខាតបង់ប្រាក់ ចំនួន៧,៦ពាន់លានដុល្លារអាមេរិក ខណៈឥឡូវនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេបំផុត Evergrande Group ដែលជំពាក់បំណុលដ៏ច្រើនបំផុត បានប្រកាស កាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា ថា ក្រុមហ៊ុនអភិវឌ្ឍន៍យក្សមួយនេះ បានរងនូវការខាតបង់ប្រាក់ចំណូល រាប់ពាន់លានដុល្លារអាមេរិក សម្រាប់ឆមាសទីមួយ នៃឆ្នាំ២០២៣។

សារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃចន្ទ ទី២៨ ខែសីហា ថា បើតាមសេចក្ដីថ្លែងការណ៍មួយ បានចេញផ្សាយ នៅលើគេហទំព័រ Hong Kong Stock Exchange (ហុងកុងស្ដុកអេកស្ឆែង) បានរៀបរាប់ ថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិន Evergrande Group បានខាតបង់ប្រាក់ចំណូល ចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ មានចំនួន៣៣ពាន់លានយន់ ឬស្មើនឹងប្រហែល៤,៥៣ពាន់លានដុល្លារអាមេរិក បើធៀបនឹងអំឡុងដូចគ្នា នៅក្នុងឆ្នាំ២០២២ បានខាតបង់ ចំនួន៦៦,៤ពាន់លានយន់។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសចិន Evergrande Group កំពុងតែលង់ខ្លួននឹងបំណុលដ៏ច្រើនបំផុត ហើយវានឹងក្លាយទៅជានិមិត្តរូប នៃវិបត្តិអចលនទ្រព្យ នៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះ។ វិបត្ដិវិស័យអចលនទ្រព្យនេះ កំពុងតែបន្តធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ២របស់ពិភពលោក។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Evergrande Group កាលពីថ្ងៃអាទិត្យ (ទី២៧ ខែសីហា) បានប៉ាន់ប្រមាណបំណុលរបស់ក្រុមហ៊ុន ឥឡូវនេះ មានចំនួនជិត ៣២៨ពាន់លានដុល្លារអាមេរិក ដោយបានធ្លាក់ចុះ ពីជិត៣៤០ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំ២០២២។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្ស Evergrande Group ក៏បានប្រកាស អំពីស្ថានភាពសាច់ប្រាក់ ដែលកាន់តែយ៉ាប់យ៉ឺនទៅ ដោយមានសាច់ប្រាក់ ត្រឹមតែ៥៥៦លានដុល្លារអាមេរិកប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២ មានប្រហែល២ពាន់លានដុល្លារអាមេរិក ។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេបំផុត នៅក្នុងប្រទេសចិន Evergrande Group បានលុបចោលមូលបត្របំណុលរបស់ខ្លួន ជាលើកដំបូង នៅឆ្នាំ២០២១ ហើយសកម្មភាពបែបនេះ បានជំរុញឱ្យមានការភ័យខ្លាច អំពីការឆ្លងរាលដាលជាសកល លើវិស័យមួយនេះ។ Evergrande Group កាលពីរដូវក្តៅឆ្នាំ២០២២ បានបង្កឱ្យមានការតវ៉ា និង ការធ្វើពហិការលើការបញ្ចាំ ពីអ្នកទិញផ្ទះជនជាតិចិន ក្រោយពេលក្រុមហ៊ុនខកខាន មិនបានផ្តល់គម្រោងលំនៅឋានដល់ពួកគេ។

ការប្រកាស អំពីការខាតបង់ប្រាក់ចំណូលលរបស់ក្រុមហ៊ុនអភិឌ្ឍន៍ Evergrande Group នេះ បានកើតឡើង ក្រោយពេលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយទៀត នៅក្នុងប្រទេសចិន ឈ្មោះ Country Garden (ខោទ្រី ហ្កាដេន) បានប្រកាស កាលពីដើមខែសីហា អំពីការខាតបង់ប្រាក់ ចំនួន៧,៦ពាន់លានដុល្លារអាមេរិក។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែសីហា ថា ក្រុមហ៊ុន Country Garden (ខោទ្រី ហ្កាដេន) ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយ នៅក្នុងប្រទេសចិន បានព្រមាន អំពីក្រុមហ៊ុនមួយនេះ អាចនឹងខាតបង់ រហូតដល់៧,៦ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៣។ ការប្រកាសនេះ ជាសញ្ញាចុងក្រោយ នៃវិបត្ដិដ៏ធំ នៅក្នុងប្រទេសមហាសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក ត្រូវប្រឈមមុខ។
បើតួលេខផ្លូវការ បានបង្ហាញ កាលពីដើមខែសីហា ថា ចិន បានធ្លាក់ចូលទៅក្នុងបរិត្ដផរណា ជាលើកដំបូង នៅក្នុងរយៈពេលជាងពីរឆ្នាំ កន្លងមកនេះ។ ការនាំចេញ ក៏បានធ្លាក់ចុះយ៉ាងខ្លាំង ខណៈចំនួនអ្នកអត់ការងារធ្វើរបស់យុវជន កើនឡើង ដល់កម្រិតខ្ពស់បំផុត។ ចំណែក ភាគហ៊ុនរបស់ក្រុមហ៊ុន Country Garden Holdings បានធ្លាក់ចុះជាង៥ភាគរយ នៅក្នុងពាណិជ្ជកម្មហុងកុង នៅដើមខែសីហា។

ក្រុមហ៊ុន Country Garden បានអះអាង នៅក្នុងសេចក្តីប្រកាសមួយ ផ្ញើទៅកាន់ទីផ្សារភាគហ៊ុនហុងកុង ថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្ស Country Gardenបានគេរំពឹង ថា នឹងកត់ត្រា អំពីការខាតបង់ សរុប ចន្លោះពីប្រហែល៤៥ពាន់លានយន់ ឬ ប្រហែលស្មើនឹង៦,២៤ពាន់លានដុល្លារអាមេរិក ដល់ ៥៥ពាន់លានយន់ សម្រាប់រយៈពេល៦ខែដំបូង ដែលបានបញ្ចប់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ ការខាតបង់ ត្រូវរំពឹងទុក ធៀបនឹងប្រាក់ចំណេញ ចំនួន ២៦៥លានដុល្លារអាមេរិក សម្រាប់រយៈពេលដូចគ្នា នៅឆ្នាំ២០២២។
តួលេខផ្លូវការ កាលពីដើមខែសីហា បានបង្ហាញ ថា ការនាំចេញរបស់ចិន បានធ្លាក់ចុះច្រើនជាងការរំពឹងទុក រហូតដល់ ១៤,៥ភាគ នៅខែកក្កដា បើធៀបនឹងឆ្នាំ២០២២ ខណៈការនាំចូល បានថយចុះ ១២,៤ភាគរយ។ ជាមួយគ្នានេះ ចំនួនអត់ការងារធ្វើរបស់យុវជន ក៏កំពុងតែមានកម្រិតខ្ពស់បំផុត ខណៈនិស្សិតទើបនឹងបញ្ចប់ការសិក្សា នៅតាមសាកលវិទ្យាល័យនានា ចំនួន ១១,៥៨លាននាក់ ត្រូវបានគេរំពឹង ថា នឹងសម្រុកចូលទៅក្នុងទីផ្សារការងារ នៅឆ្នាំ២០២៣នេះ។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីដើមខែសីហា ធ្លាប់លើកឡើង ថា បញ្ហាចេះតែកើនឡើង សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន ព្រោះចិនកំពុងតែប្រឈមនឹងមានបញ្ហាជាច្រើន។ រីឯចំនួនអត់ការងារធ្វើ នៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះ នឹងកើនឡើងខ្ពស់។ ប្រទេសចិន ក៏កំពុងតែដោះស្រាយបញ្ហាបំណុលយ៉ាងច្រើនរបស់រដ្ឋាភិបាល នៅក្នុងតំបន់ និង បញ្ហាប្រឈម នៅក្នុងទីផ្សារលំនៅឋាន។
ក្រុមហ៊ុន Evergrande (អេវើរហ្គេនដ៍) ធ្លាប់ក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន កាលពីខែមុន បានបង្ហើប ថា ចន្លោះពីឆ្នាំ២០២១ និង ២០២២ ក្រុមហ៊ុនមួយនេះ បានខាតបង់ សរុប រហូតដល់ ៨១,១ពាន់លានដុល្លារអាមេរិក។ បញ្ហានេះ បានកើតឡើង ស្របពេលក្រុមហ៊ុន បានសងបំណុលរបស់ខ្លួន នៅចុងឆ្នាំ២០២១ ដោយបានរាយការណ៍ អំពីប្រាក់ចំណូលហួស កាលកំណត់របស់ខ្លួន សម្រាប់វិនិយោគិន។ ក្រុមហ៊ុន Evergrande បានជួបបញ្ហាជាមួយនឹងបំណុល ប្រមាណជាង ៣០០ពាន់លានដុល្លារអាមេរិក។
ការខាតបង់ដ៏ធំទាំងនេះ បង្ហាញអំពីចំនួនក្រុមហ៊ុនអភិវឌ្ឍន៍ បានរង្គោះរង្គើ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ដោយសារតែវិបត្តិទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសចិន។ រីឯបញ្ហាប្រឈមជាច្រើន នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន បានរួមបញ្ចូលអ្វីៗគ្រប់យ៉ាង ចាប់ពីការសាងសង់ផ្ទះ រហូតដល់ឧស្សាហកម្មផលិតទំនិញ ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំង មកដល់ប្រទេសមហាយក្សមួយនេះផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

















