រដ្ឋធានីមូស្គូ៖ ក្រោយពេលថៅកែទាហានស៊ីឈ្នួលរុស្ស៊ី លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានទទួលមរណភាព នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះ ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ចាប់បង្ខំឲ្យទាហានប៉ារ៉ាឯកជនរបស់គាត់ ឲ្យធ្វើសច្ចាប្រណិធាន ក្រោមទង់របស់រុស្ស៊ី ខណៈក្រុមទាហានស៊ីឈ្នួល ចង់ដឹងការពិត ជុំវិញឧបទ្ទវហេតុធ្លាក់យន្ដហោះដឹកថៅកែរបស់ពួកគេ និង មានគោលបំណងចង់សងសឹក ប្រសិនបើចៅហ្វាយនាយរបស់ខ្លួន ត្រូវបានគេធ្វើឃាត។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា ថា ក្រុមយុទ្ធជនទាហានប៉ារ៉ារុស្ស៊ី នឹងត្រូវបង្ខំឲ្យធ្វើសច្ចាប្រណិធាន ក្រោមទង់ជាតិរបស់រុស្ស៊ី។ វិធានការបែបនេះ បានកើតឡើង ក្រោយពេលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃសុក្រ (ទី២៥ ខែសីហា) បន្ទាប់ពីលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះ កាលពីល្ងាច ថ្ងៃពុធ ទី២៣ ខែសីហា។
ក្រឹត្យរបស់លោកប្រធានាធិបតី ពូទីន មានគោលបំណង បង្កើតមូលដ្ឋានគ្រឹះខាងវិញ្ញាណ និង សីលធម៌ ដើម្បីការពារសហព័ន្ធន៍រុស្ស៊ី ហើយ… អនុវត្ត ដល់សមាជិកគ្រប់ទម្រង់កម្លាំងស្ម័គ្រចិត្ត តាមពាក្យធម្មតា គឺពិពណ៌នា អំពីក្រុមទាហានស៊ីឈ្នួល។

ក្រឹត្យរបស់លោកប្រធានាធិបតី ពូទីន ត្រូវបានចេញផ្សាយ នៅលើគេហទំព័ររបស់វិមានក្រឹមឡាំង ដោយបានរៀបរាប់ ថា ក្រឹត្យនេះ នឹងអនុវត្ត ចំពោះក្រុមដែលរួមចំណែក ដល់ប្រតិបត្តិតាមភារកិច្ច ត្រូវបានផ្តល់ឱ្យដល់កងកម្លាំងប្រដាប់អាវុធ និង អង្គភាពការពារទឹកដីរបស់រុស្ស៊ី។
ក្រឹត្យរបស់លោកប្រធានាធិបតីរុស្ស៊ី បានរៀបរាប់ ថា «ក្រុមយុទ្ធជនទាំងអស់ ត្រូវតែសន្យានូវភាពស្មោះត្រង់របស់ខ្លួន ដើម្បីការពារសហព័ន្ធន៍រុស្ស៊ី …ហើយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជានានា និង បទបញ្ជារបស់ថ្នាក់ដឹកនាំរបស់ពួកគេ និង ត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយមនសិការជាតិ»។
ក្រឹត្យដែលត្រូវបានចុះហត្ថលេខា ដោយលោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានកើតឡើង ត្រឹមតែរយៈពេលពីរខែ ក្រោយពេលលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បានដឹកនាំក្រុមយុទ្ធជនរបស់គាត់ ងើបបះបោរប្រដាប់អាវុធទ្រង់ទ្រាយធំ ឆ្ពោះទៅកាន់ទីក្រុងមូស្គូ មិនបានសម្រេច ចន្លោះពីថ្ងៃទី២៣-២៤ ខែមិថុនា ដើម្បីប្រឆាំងនឹងមន្រ្ដីជាន់ខ្ពស់ នៃក្រសួងការពារជាតិរុស្ស៊ី។ ការបះបោររបស់លោក ព្រីហ្គោហ្ស៊ីន ថៅកែទាហានស៊ីឈ្នួល បានបញ្ចប់ទៅវិញភ្លាម ក្រោមការសម្របសម្រួល ពីប្រធានាធិបតីបេឡារុស លោក អាឡិកសានដឺរ លូកាសែនកូ ដោយតម្រូវឲ្យគាត់ និង ក្រុមទាហានរបស់គាត់ និរទេសទៅកាន់ប្រទេសបេឡារុស។

ជាមួយគ្នានេះ លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានឆ្លើយតបទៅនឹងសំណួរ អំពីអនាគតរបស់ទាហាន Wagner កាលពីថ្ងៃសុក្រ ថា ភាពស្របច្បាប់របស់ក្រុមហ៊ុនទាហានឯកជន Wagner នឹងមិនមាននោះឡើយ។ បើនិយាយតាមភាសាបច្ចេកទេស គឺក្រុមទាហានស៊ីឈ្នួល ត្រូវបានដាក់ឲ្យក្រៅពីប្រទេសរុស្ស៊ី រួចទៅហើយ។
ដោយឡែក ក្រសួងការពារជាតិចក្រភពអង់គ្លេស បានថ្លែង ថា ការស្លាប់របស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ថៅកែទាហានស៊ីឈ្នួលដ៏មានអំណាចបំផុតរបស់រុស្ស៊ី អាចនឹងធ្វើមិនឲ្យមានស្ថិរភាព ដល់ក្រុមហ៊ុនម៉ៅការយោធាឯកជន Wagner Group របស់គាត់។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយការស្លាប់របស់លោក ព្រីហ្គោហ្ស៊ីន កាលពីល្ងាច ថ្ងៃពុធ (ទី២៣ ខែសីហា) ថា គាត់ជឿ ថា «ពូទីន ទំនងជានៅពីក្រោយការធ្លាក់យន្ដហោះនេះ។ ប៉ុន្ដែខ្ញុំមិនបានដឹងអ្វីដែលបានកើតឡើងនោះឡើយ ប៉ុន្ដែខ្ញុំក៏មិនភ្ញាក់ផ្អើលជុំវិញរឿងនេះទេ។ វាមានរឿងតិចតួចណាស់ នៅក្នុងប្រទេសរុស្ស៊ី ដែលពូទីន មិនជាប់ពាក់ព័ន្ធ»។

អ្នកនាំពាក្យ វិមានក្រឹមឡាំង រូបនេះ បានប្រាប់ដល់ក្រុមអ្នកកាសែត ថា «វាជាការពិតណាស់ មានការរំពឹងទុកជាច្រើន ជុំវិញការធ្លាក់យន្តហោះនេះ ហើយការស្លាប់របស់អ្នកដំណើរ នៅក្នុងយន្តហោះ រួមទាំង លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) គឺជាសោកនាដកម្ម។ ប៉ុន្ដែអ្វីដែលលោកខាងលិច បានលើកឡើង ថា វាជាការធ្វើឃាត ទៅលើលោក ព្រីហ្គោហ្ស៊ីន ធ្វើតាមបញ្ជារបស់រដ្ឋាភិបាលរុស្ស៊ី នោះ គឺជាការកុហកទាំងស្រុង»។
បើតាមទីភ្នាក់ងារដឹកជញ្ជូនតាមផ្លូវអាកាសសហព័ន្ធន៍ បានឲ្យដឹង ថា យន្ដហោះឯកជន បានធ្លាក់ភ្លាមៗ កាលពីល្ងាច ថ្ងៃពុធ ទី២៣ ខែសីហា ក្រោយពេលហោះចេញពីរដ្ឋធានីមូស្គូ នៅក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុងសាំងពែធើរប៊ឺគ (St Petersburg)។ អ្នកដំណើរនៅក្នុងយន្ដហោះនោះ រួមមាន លោក ព្រីហ្គោហ្ស៊ីន សមាជិកក្រុមទាហាន Wagner ចំនួន៦នាក់ផ្សេងទៀត និង អាកាសយានិក ចំនួន៣នាក់ ហើយជនរងគ្រោះទាំងអស់ គ្មានអ្នកណាម្នាក់រស់នោះឡើយ៕រក្សាសិទ្ធដោយ ៖ សារាយSN












