រដ្ឋធានីទ្រីប៉ូលី(Tripoli)៖ ប្រជាពលរដ្ឋលីប៊ី រាប់ពាន់នាក់ បានផ្ទុះកំហឹងយ៉ាងខ្លាំង នាំគ្នាចេញមកតាមដងផ្លូវ នៅក្នុងរដ្ឋធានីទ្រីប៉ូលី និង នៅតាមបណ្ដាខេត្តជាច្រើនរបស់ប្រទេសអាហ្វ្រិកខាងជើងមួយនេះ ក្រោយពេលរដ្ឋមន្រ្ដីក្រសួងការបរទេសរបស់ប្រទេសអារ៉ាប់មួយនេះ បានជួបចរចាជាមួយនឹងសមភាគីអ៊ីស្រាអែល នៅក្នុងរដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៨ ខែសីហា ថា ក្រុមបាតុករ រាប់ពាន់នាក់ បានធ្វើបាតុកម្មពេញមួយយប់ នៅក្នុងរដ្ឋធានីទ្រីប៉ូលី និង នៅតាមបណ្ដាខេត្តផ្សេងៗទៀតរបស់ប្រទេសលីប៊ី។ ក្រុមអ្នកតវ៉ា បានខឹងសម្បា ជុំវិញសេចក្ដីរាយការណ៍មួយ ពាក់ព័ន្ធនឹងលោកស្រី ណាឡា អាល់-ម៉ានហ្គូស (Najla al-Mangoush) រដ្ឋមន្ដ្រីក្រសួងការបរទេសលីប៊ី បានជួបចរចាជាមួយនឹងសមភាគីអ៊ីស្រាអែល កាលពីសប្តាហ៍មុន នៅក្នុងរដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី។
បើតាមឃ្លីបវីដេអូមួយ ត្រូវបានផ្សព្វផ្សាយ នៅលើបណ្ដាញផ្សព្វផ្សាយសង្គម បានបង្ហាញ អំពីក្រុមបាតុករ កំពុងតែធ្វើបាតុកម្ម នៅមុខអគារ នៃក្រសួងការបរទេស ស្ថិតក្នុងរដ្ឋធានីទ្រីប៉ូលីកាលពីយប់ ថ្ងៃអាទិត្យ ដោយបានអំពាវនាវឱ្យបណ្តេញលោកស្រី ណាឡា អាល់-ម៉ានហ្គូស ចេញពីតំណែង។ បន្ថែមពីលើនេះ ក្រុមអ្នកតវ៉ាខ្លះ ក៏បានអំពាវនាវដល់លោក អាប់ឌូលហាមីដ ឌីបេបេហ៍ (Abdul Hamid Dbeibeh) នាយករដ្ឋមន្រ្ដីលីប៊ី ចុះចេញពីតំណែងផងដែរ ខណៈពួកគេកំពុងតែឡោមព័ទ្ធលំនៅឋានរបស់គាត់ ស្ថិតក្នុងរដ្ឋធានីទ្រីប៉ូលី។ ប៉ុន្ដែគេមិនបានដឹងច្បាស់ ថា លោកនាយករដ្ឋមន្រ្ដី កំពុងតែស្ថិតក្នុងភូមិគ្រឹះរបស់គាត់ដែរឬអត់នោះទេ។

ស្ថិតក្នុងស្ថានភាពបែបនេះ លោកនាយករដ្ឋមន្រ្ដីលីប៊ី ក៏បានប្រកាស អំពីការព្យួរមុខតំណែងរបស់លោកស្រី អាល់-ម៉ាន់ហ្គូស ជាបណ្ដោះអាសន្ន ដោយដាក់អ្នកស្នងតំណែងរបស់លោកស្រី ជំនួស ដោយលោក ហ្វាថាលឡាស អាល់-ហ្សានី (Fathallah al-Zani) ដែលបច្ចុប្បន្ន ជារដ្ឋមន្រ្ដីក្រសួងយុវជន ក្លាយជារដ្ឋមន្រ្ដីស្ដីទីក្រសួងការបរទេសលីប៊ី។ ស្របគ្នានេះដែរ លោកស្រី ក៏នឹងត្រូវស្ថិតក្រោមការស៊ើបអង្កេតផ្នែករដ្ឋបាល។
លោក ត្រេណា (Traina) បានបញ្ជាក់ ថា ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ (HoR) រួមមាន ក្រុមប្រឹក្សារដ្ឋ មានមូលដ្ឋាន នៅក្នុងរដ្ឋធានីទ្រីប៉ូលី និង សភាតំណាង មានមូលដ្ឋាននៅក្នុងទីក្រុងតូប្រ៊ូក (Tobruk) ក៏បានថ្កោលទោសដល់ជំនួប រវាងលោកស្រី រដ្ឋមន្រ្ដីក្រសួងការបរទេសលីប៊ី និង សមភាគីអ៊ីស្រាអែល ហើយបានអំពាវនាវឱ្យមានសម័យប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាជាមួយនឹងនីតិប្បញ្ញត្ដិ ដោយបានពណ៌នា អំពីជំនួបរបស់លោកស្រី និង សមភាគីអ៊ីស្រាអែល ថា វាជាឧក្រិដ្ឋកម្ម ប្រឆាំងនឹងប្រជាជនលីប៊ី។

ជម្លោះនយោបាយនេះ បានផ្ទុះឡើង កាលពីថ្ងៃអាទិត្យ ក្រោយពេលក្រសួងការបរទេសអ៊ីស្រាអែល បានអះអាង ថា រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអ៊ីស្រាអែល-លីប៊ី បានជួបពិភាក្សាគ្នា កាលពីសប្តាហ៍មុន នៅក្នុងកិច្ចប្រជុំមួយ ក្រោមការរៀបចំ ដោយរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីតាលី លោក អេនតូនីញ៉ូ តាចានី (Antonio Tajani)។
លោក អេលី កូហេន (Eli Cohen) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ីស្រាអែល បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអ៊ីស្រាអែល ថា «ខ្ញុំបាននិយាយគ្នាជាមួយនឹងរដ្ឋមន្រ្ដីក្រសួងការបរទេសលីប៊ី អំពីសក្ដានុពលដ៏អស្ចារ្យ សម្រាប់ប្រទេសទាំង២ ជុំវិញទំនាក់ទំនងរបស់អ៊ីស្រាអែល-លីប៊ី។ ជំនួបនេះ ក្លាយជាគំនិតផ្ដួចផ្ដើមការទូតលើកដំបូង រវាងប្រទេសអ៊ីស្រាអែល និង លីប៊ី។
បើទោះជាយ៉ាងណា លោកស្រី ណាឡា អាល់-ម៉ានហ្គូស (Najla al-Mangoush) រដ្ឋមន្ដ្រីក្រសួងការបរទេសលីប៊ី បានច្រានចោលនូវជំនួបជាមួយនឹងភាគីណាមួយ តំណាងឲ្យប្រទេសអ៊ីស្រាអែល។

ក្រសួងការបរទេសលីប៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «អ្វីដែលបានកើតឡើង នៅក្នុងរដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី ក្លាយជាឱកាសមួយ និង ជាការជួបគ្នាក្រៅផ្លូវការ នៅក្នុងអំឡុងកិច្ចប្រជុំ ជាមួយសមភាគីអ៊ីតាលីរបស់គាត់ ដោយមិនមានអ្វីពាក់ព័ន្ធជាមួយនឹងការពិភាក្សា លើកិច្ចព្រមព្រៀង ឬ ការពិគ្រោះយោបល់ណាមួយនោះឡើយ»។
ប្រទេសអាហ្រ្វិកខាងជើងមួយនេះ មិនបានទទួលស្គាល់ប្រទេសអ៊ីស្រាអែល ហើយក៏មិនមានទំនាក់ទំនងការទូត ជាមួយនឹងរដ្ឋាភិបាលក្រុងតែលអាវីវ (Tel Aviv) នោះដែរ។ ក្រោមច្បាប់របស់ប្រទេសលីប៊ី នាឆ្នាំ១៩៥៧ ចែង ថា ការដោះស្រាយណាមួយ ជាមួយនឹងប្រទេសអ៊ីស្រាអែល នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល៩ឆ្នាំ។
បើទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលដ៏រឹងរូសរបស់លោក បែនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល កំពុងតែស្ថិតក្រោមសម្ពាធ នៃការរិះគន់ដ៏ខ្លាំងក្លា ចេញមកពីបណ្ដាប្រទេសអារ៉ាប់ ដោយសារតែការបង្កើននូវអំពើហិង្សា នៅតំបន់វេស្ដបែង (West Bank) ក្រោមការកាន់កាប់របស់អ៊ីស្រាអែល។ បន្ថែមពីលើនេះ លោកនាយករដ្ឋមន្រ្ដី បានគាំទ្រដល់ការពង្រីកលំនៅឋានរបស់ជនជាតិជ្វីព នៅក្នុងតំបន់នោះថែមទៀតផង៕ រក្សាសិទ្ធដោយ ៖ សារាយSN










